សៀមរាបៈ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) ​បាន​អះអាង​កាលពី​ថ្ងៃ​សុក្រ​ថា វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នឹងមិន​ប្រឈម​នឹង​កង្វះ​សាច់ប្រាក់​ដើម្បី​ផ្តល់​កម្ចី​ដល់​សហគ្រាស​ក្នុងស្រុក​សម្រាប់​បង្កើនល្បឿន​អាជីវកម្ម​ក្នុង​ការជួយ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ឡើយ ទោះបី​នៅក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ ហើយ​ថា​វិស័យនេះ​នៅតែ​ស្វាគមន៍​ពី​ប្រភព​ទុន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។

លោក អ៊ិន ចាន់នី ប្រធាន ABC និង​ជា​ប្រធាន​អគ្គនាយក​របស់​ធនាគារ អេស៊ីលីដា បាន​ថ្លែង​បែបនេះ​ក្នុង​កិច្ចប្រជុំ​ស្ដីពី​យុទ្ធសាស្ដ្រ​អនុវត្ដ​ការងារ ឆ្នាំ​ ២០២១ នៅ​ខេត្ដ​សៀមរាប​នា​ព្រឹក​ថ្ងៃទី​ ២៩ ខែមករា ដោយ​លោក​លើកឡើង​អំពី​ការចាត់​វិធានការ​ដ៏មាន​ប្រសិទ្ធភាព និង​ទាន់សភាពការណ៍​របស់​រដ្ឋាភិបាល​តាមរយៈ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដែលជា​និយតករ បាន​ដាក់​ចេញ​នូវ​វិធានការ​បន្ធូរបន្ថយ​ផ្នែក​គតិយុត្ត​ដែល​អនុញ្ញាត​ដល់​ប្រតិបត្តិករ​ក្នុង​វិស័យនេះ​មាន​ទុន​គ្រប់គ្រាន់ និង​កាន់តែ​មាន​ភាពងាយស្រួល​ក្នុង​ការរក​កម្ចី​ពី​ប្រភព​ទុន​បរទេស​កាលពី​ឆ្នាំ​កន្លង​មក​។

លោក​បាន​ថ្លែងថា​៖ «​ចំពោះ​វិស័យ​ធនាគារ​បាន​ការបន្ធូរបន្ថយ​ផ្នែក​និយតកម្ម​ពី​រដ្ឋាភិបាល​មានដូចជា ទុន​បម្រុង​កាតព្វកិច្ច (Capital reserve requirement) ដោយ​ត្រូវបាន​បន្ធូរ​ពី​ ១២ ភាគរយ​មក​ត្រឹម ៧ ​ភាគរយ​គឺ​មាន​សារៈសំខាន់​ណាស់​ដែល​ធ្វើឱ្យ​យើង​មាន​សាច់ប្រាក់​ទំនេរ​យក​ទៅ​ប្រើប្រាស់​បន្ថែម​ទៀត​រាប់ពាន់​លាន​ដុល្លារ​បានដាក់​បញ្ចូល​នៅក្នុង​ការលូតលាស់​ក្នុង​ឆ្នាំ​ ២០២០​។ មួយទៀត​នោះ​គឺ​ដើមទុន​ទ្រនាប់​ (Capital Conservation Buffer) ​ដែល​បាន​អនុវត្ត​ហើយ​ក្នុង​ឆ្នាំ​ ២០២០ ដែល​ធនាគារ​ជាតិ​បាន​ពន្យារ​ពេលដែល​ធ្វើឱ្យមាន​សាធន​ភាព ឬ​មូលនិធិ​រាប់ពាន់​លាន​ដែរ​ក្នុង​ការយក​មក​ប្រើប្រាស់​»​។

លោក​បន្ថែមទៀត​ថា អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ​ការបន្ធូរបន្ថយ​ពន្ធ​កាត់​ទុក​លើក​ម្ចី​ពី​បរទេស​ដែល​អនុញ្ញាត​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ​កាន់តែ​មាន​លទ្ធភាព​ងាយស្រួល​ក្នុង​ការរក​ប្រភព​ទុន​បន្ថែម​ពី​ក្រៅ​ប្រទេស​។ លោក​បាន​បញ្ជាក់ថា​៖ «​ជា​ការពិត​ណាស់​យើង​មិន​ខ្វះ​ទេ​មូលនិធិ​ក្នុង​ប្រទេស​កម្ពុជា​យើង​»​។

លោក​បន្តថា​៖ «​មកដល់​ពេលនេះ​គ្មាន​អ្នក​ឱ្យ​ខ្ចី​នៅក្រៅ​ប្រទេស​ណាមួយ​និយាយថា ការផ្តល់​កម្ចី​មក​កម្ពុជា​មាន​ហានិភ័យ​នោះទេ អ៊ីចឹង​យើង​នៅតែ​រកបាន​ច្រើន​។ ការណ៍​នេះ​គឺជា​សញ្ញា​ល្អ​មួយ​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ក៏ដូចជា​វិស័យសេដ្ឋកិច្ច​ដែរ ព្រោះ​ធនាគារ​គឺជា​ឆ្អឹងខ្នង​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច ដោយ​បាន​គាំទ្រ​ដល់​សហគ្រាស​តូច និង​ធំ​ទាំងអស់​»​។

បើតាម​លោក អ៊ិន ចាន់នី ក្នុង​ឆ្នាំ​ ២០២១ នេះ​សម្រាប់​ធនាគារ​អេស៊ីលីដា គ្រោង​នឹង​បញ្ចេញ​ទុន​ ៦០០ ​លាន​ដុល្លារ​សម្រាប់​វិស័យ SMEs​។

កាលពី​ពាក់កណ្ដាល​ខែមីនា NBC បាន​ចេញ​វិធានការ​មួយចំនួន​សម្រាប់​ធ្វើឱ្យ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​ភាពល្អប្រសើរ រួមមាន ការកាត់បន្ថយ​អនុបាត​ទុនបម្រុង​កាតព្វកិច្ច (RRR) លើ​តុល្យភាព​ប្រាក់​បញ្ញើ​ពី ៨ ​ភាគរយ មក​នៅ ៧ ​ភាគរយ លើ​ប្រាក់រៀល និង​ ១២,៥ ​ភាគរយ​លើ​ប្រាក់​ដុល្លារ​ក្នុង​អំឡុងពេល ៦ ​ខែ​បន្ទាប់ ការពន្យារពេល​លក្ខខណ្ឌ​តម្រូវ​ទ្រនាប់​សន្ទនីយភាព​ដើមទុន​ (CCB) ​ដល់​ឆ្នាំ​ ២០២១ ដែល​ត្រូវ​រំពឹងថា នឹង​បន្ទាប​អត្រា​ភាព​មិនអាច​សងបំណុល​បាន ខណៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ១៩ ខែ​មករា ក៏បាន​ប្រកាស​កាត់បន្ថយ​ពន្ធ​កាត់ទុក​ដែល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ត្រូវបាន​តម្រូវ​ក្នុង​ការកាត់​ទុក​លើ​ការទូទាត់​អត្រា​ការប្រាក់​ដែល​ពួកគេ​ធ្វើឡើង​ចំពោះ​ធនាគារ​ក្នុង​ស្រុក និង​ក្រៅប្រទេស​។

ទន្ទឹម​នឹងនេះ​ធនាគារិក​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Financial Times Group មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ឡុងដ៍​ក៏​បាន​ផ្ដល់​ពានរង្វាន់​ឱ្យ​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ​ជា​ធនាគា​រិក​កណ្ដាល​ប្រចាំឆ្នាំ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក សម្រាប់​ភាព​ជា​អ្នកដឹកនាំ​ឆ្នើម​ក្នុង​ការដឹកនាំ​ប្រកប​ដោយ​ជោគជ័យ​ក្នុង​ពេល​លំបាក​បំផុត​កាលពី​ឆ្នាំ​ ២០២០ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩​។

បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ NBC ទ្រព្យសកម្ម​សរុប​របស់​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​បាន​កើន​ដល់ ៥៩,៤ ​ពាន់​លាន​ដុល្លារ​កាលពី​ចុង​ឆ្នាំមុន​កើន​ឡើង ១៥,៧ ​ភាគរយ​ធៀប​នឹង​ចុងឆ្នាំ​ ២០១៩​។ កម្ចី​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ប្រទេស​កម្ពុជា រួមបញ្ចូល​គ្នា​រវាង​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​បាន​កើនឡើង​ ១៤,៨ ​ភាគរយ​ដល់ ៣៧,៣ ​ពាន់​លាន​ដុល្លារ​ត្រឹម​ចុង​ឆ្នាំមុន ខណៈ​ប្រាក់​បញ្ញើ​កើន​ ១៥,៤ ​ភាគរយ​ដល់ ៣៣,៨ ​ពាន់​លាន​ដុល្លារ​។

លោក អ៊ិន ចាន់នី បាន​លើកឡើង​ថា ជាមួយ​នឹង​កំណើន​ឥណទាន និង​ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​រង្វង់​ពី​ ១៥ ​ទៅ​ ១៦ ​ភាគរយ គឺជា​កំណើន​ខ្ពស់​ជាងគេ​ធៀប​នឹង​ប្រទេសជិតខាង​។ លោក​បន្តទៀតថា កំណើន​នេះ​ក៏​ជាការ​ដោះស្រាយ​នូវ​កង្វល់​របស់​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​នានា​ដែល​បារម្ភ​ពី​ការកើនឡើង​ខ្ពស់​របស់​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​កើន​ជាង ២០ ​ភាគរយ​រៀងរាល់​ឆ្នាំមុន​វិបត្តិ​សុខាភិបាល​នេះ​។

លោក​ថ្លែងថា​៖ «​ការ​ដែលមាន​ក្នុង​កំណើន​ក្នុង​រង្វង់​ ១៥ ឬ​ ១៦ ​ភាគរយ​នេះ​ក៏​ជាការ​ដោះស្រាយ​កង្វល់​របស់​ដៃគូ​អភិវឌ្ឍន៍​ដូចជា ADB, IMF និង World Bank ជាដើម ដូច្នេះ​នៅពេល​យើង​មាន​កំណើន​កម្រិត​នេះ​គឺ​ដៃគូ​អភិវឌ្ឍន៍​យើង​គាត់​ថា យើង​អាច​ទប់ស្កាត់​ហានិភ័យ​បាន​»៕ LA