ភ្នំពេញៈ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ឲ្យ​ដឹងថា ទោះបី​ជា​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ធ្វើឲ្យ​ថមថយ​កំណើន​សេដ្ឋកិច្ច ដែល​កំពុង​ប៉ះពាល់​ដល់​វិស័យ​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ​ក៏​វិស័យ​ហិរញ្ញវត្ថុ​នៅតែ​មាន​និន្នាការ​កើនឡើង​ប្រកប​ដោយ​ស្ថិរភាព​។

ការលើកឡើង​បែបនេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់ NBC នៅ​ភ្នំពេញ​កាលពី​ចុង​សប្ដាហ៍​មុន​។

លោក ជា ចាន់តូ បាន​ឲ្យ​ដឹងថា ផលប៉ះពាល់​ដោយសារ​ការរាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ធ្លាក់ចុះ ជាពិសេស​វិស័យ​ទេសចរណ៍ សម្លៀកបំពាក់ និង​ស្បែកជើង ទោះយ៉ាងណា វិស័យ​ហិរញ្ញវត្ថុ និង​កសិកម្ម​នៅតែ​មាន​កំណើន​។

លោក​ថ្លែងថា​៖ «​នៅក្នុង​វិស័យ​ធនាគារ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្ត​ក្នុង​ការដាក់ចេញ​វិធានការ​ជាច្រើន​ជា​បន្តបន្ទាប់ ដើម្បី​ផ្ដល់​ឱកាស​សម្រាប់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទទួល​បាន​សន្ទនីយភាព​គ្រប់គ្រាន់ និង​លើកទឹកចិត្ត​ដល់​ពួកគេ​រៀបចំ​ឥណទាន​ឡើងវិញ​ក្នុង​ការជួយ​សម្រួល​ដល់​ការលំបាក​ដល់​អតិថិជន ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​ជំងឺ​នេះ​»​។

កាលពី​ខែមីនា NBC បានដាក់​ចេញ​នូវ​វិធានការ​នានា​ដែល​វិធានការ​រួម​ទាំងនេះ​ត្រូវ​បាន​ប៉ាន់​ថា​មាន​ទឹកប្រាក់​គិត​ជា​ឥណទាន​ប្រមាណ​ ២ ​ពាន់​លាន​ដុល្លារ​សម្រាប់​ផ្តល់​លទ្ធភាព​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បន្ត​ផ្តល់​ឥណទាន​។

ជាមួយ​គ្នា​នោះដែរ NBC ក៏​បានចេញ​សារាចរ​ណែនាំ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ក្នុងការ​រៀបចំ​ឥណទាន​ឡើងវិញ សម្រាប់​វិស័យ​អាទិភាព​ ៤ ដូចជា វិស័យ​កាត់ដេរ សំណង់ ទេសចរណ៍ និង​ដឹកជញ្ជូន និង​ឡូជីស្ទិក​។

លោក Shin Chang-moo ប្រធាន​ធនាគារ Phnom Penh Commercial Bank Plc បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ថា ធនាគារ​លោក​នៅតែ​រក្សា​កំណើន​ហិរញ្ញវត្ថុ​រហូតដល់​រយៈពេល​នេះ​។ ដោយ​ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​លោក​បាន​កើនឡើង​ ៧ ​ភាគរយ ដោយ​មិន​រាប់​បញ្ចូល​ទឹកប្រាក់​ដែល​បានមកពី​ការបោះ​ផ្សាយ​លក់​សញ្ញាប័ណ្ណ​ដែលមាន​តម្លៃ​ ១០ ​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ​បាន​កើន​ប្រមាណ​ជិត​ ៧ ​ភាគរយ​ផងដែរ​។

លោក​លើកឡើង​ថា​៖ «​យើង​ធ្លាប់​ជួបប្រទះ​នូវ​ស្ថានការណ៍​​ទីផ្សារ​បែបនេះ​ពីមុនមក ដូច្នេះ​ការកំណត់​ទិសដៅ​របស់​យើង​ក៏ត្រូវ​បាន​កែតម្រូវ ប៉ុន្តែ​យើង​នឹង​កើនឡើង​វិញ​ទាំង​បរិមាណ និង​ប្រាក់ចំណេញ ហើយ​ក៏​កំពុង​អនុវត្តតាម​ផែនការ​ការវិនិយោគ ដូចជា ការបើក​សាខា​ថ្មី​ ២ ​ដែល​កំពុង​ស្ថិតក្នុង​ដំណើរការ​សាងសង់ និង​អនុម័ត​»​។

លោក​បន្តថា​៖ «​ជា​យោបល់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​បាន​ឆ្លងកាត់​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ ២ ​រួច​មក​ហើយ​។ ក្នុងចំណោម​ការផ្លាស់ប្តូរ​ជាច្រើន អាទិភាព​របស់​យើង​គឺ​ការគ្រប់គ្រង​សន្ទនីយភាព​តាមរយៈ​ការរឹតបន្តឹង​ការគ្រប់គ្រង​ទ្រព្យសកម្ម និង​លំហូរ​សាច់ប្រាក់ (ALM) និង​ការត្រួតពិនិត្យ​ឥណទាន ដែល​យើង​បន្ថែម​ចំណាត់ថ្នាក់​កាន់តែ​ច្រើន​រួមមាន​ការកែតម្រូវ​លំហូរ​សាច់ប្រាក់ និង​សក្ដានុពល​ការស្ទុះ​ងើបឡើង​វិញ​ជាដើម​»​។

លោក សាយ សូនី នាយកប្រតិបត្តិ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ ក៏បាន​រាយការណ៍​អំពី​កំណើន​ពី​អាជីវកម្ម​ក្នុងអំឡុង​ពេលវេលា​ដ៏ពិបាក​នេះ​ផងដែរ​។ គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​ ២០២០ ផលបត្រ​កម្ចី​សរុប​មាន​ចំនួន ២,៦៤ ​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ ៥,៨៣ ​ភាគរយ ធៀប​នឹង​ចុងខែ​ធ្នូ​ឆ្នាំ​ ២០១៩ ខណៈ​ដែល​តុល្យភាព​ប្រាក់​បញ្ញើ​មាន​ចំនួន​ ១,៨៩ ​ពាន់​លាន​ដុល្លារ កើនឡើង​ ៥,៧៦ ​ភាគរយ​។

លោក​ថ្លែងថា​៖ «​កំណើន​កម្ចី​របស់​យើង​នឹងមិន​សម្រេចបាន​តាម​ការព្យាករ​របស់​យើង​នោះទេ ដោយសារ​តែ​ផលប៉ះពាល់​របស់​ជំងឺ​កូវីដ​ ១៩​។ ជា​លទ្ធផល យើង​នៅ​សល់​សាច់ប្រាក់ និង​សន្ទនីយភាព​ដែល​មិនបាន​ប្រើ​ខ្ពស់​ផងដែរ​។ យើង​កត់សម្គាល់​ថា កំណើន​អាជីវកម្ម​របស់​យើង យឺត ប៉ុន្តែ​មាន​ភាពល្អប្រសើរ​»​។

លោក​បន្តទៀត​ថា​៖ «​យើង​នៅតែ​រក្សា​ទំនាក់ទំនង​ល្អ និង​ពិភាក្សា​ជាមួយ​អតិថិជន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​អាចជួយ​ជម្នះ​នឹង​វិបត្តិ​នេះ​។ ជាមួយ​គ្នា​នេះ​យើង​ក៏​នៅ​បន្ត​ការផ្ដល់​កម្ចី​គ្រប់​ប្រភេទ​ដល់​អតិថិជន ហើយ​ជាពិសេស​យើង​ក៏បាន​ចូលរួម​ក្នុង​ផែនការ​សហ​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល ដើម្បី​ផ្ដល់​កម្ចី​ដល់ SME ជាមួយ​អត្រា​ការប្រាក់​កាន់តែ​ទាប​ចំនួន​ ០,៥៨ ​ភាគរយ​ក្នុង​ ១ ​ខែ​ផងដែរ​»​។

ប្រាសាក់ បាន​បញ្ចេញ​កម្ចី​ដល់​វិស័យ​អប់រំ​ប្រហែល​ ២,១ ​លាន​ដុល្លារ​អាមេរិក​ដែល​កម្ចី​ភាគច្រើន​សម្រាប់​បម្រើការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូចជា គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ភាសាបរទេស និង​មជ្ឈមណ្ឌល​មត្តេយ្យសាលា​ជាដើម​៕LA