ភ្នំពេញៈ វិស័យ​ឯកជន​កម្ពុជា​ស្វាគមន៍​ចំពោះ​គោលបំណង​របស់​ប្រតិបត្តិករ​ផ្សារ​ទំនើប​នៅ​ប្រទេស​ថៃ ចំពោះ​ការចង់​ឲ្យ​មានការ​ចាប់ផ្ដើម​ជើង​ហោះហើរ​ឡើងវិញ​ជាមួយ​បណ្តា​ប្រទេស​នៅ CLMV (​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម​) ​ដើម្បី​បើក​ដំណើរការ​អាជីវកម្ម​ជាថ្មី ដោយ​អះអាង​ថា​អំណាច​ទិញ​របស់​ប្រទេស​ទាំងនេះ​គឺ​មាន​កម្រិត​ខ្ពស់​។

យោងតាម​កាសែត​បាងកកប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ដែល​បាន​ដកស្រង់​សម្ដី​របស់​លោកស្រី Mayuree Chaipromprasit អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​នៅ​ក្រុមហ៊ុន Siam Piwat ថា​ក្រុមហ៊ុន​នេះ​ចង់​ស្នើឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​បរទេស​មកពី​ក្រុម​ប្រទេស CLMV ទស្សនា​ប្រទេស​ថៃ ដោយ​លើកឡើង​ពី​ចំនួន​ទាប​នៃ​ជំងឺ​កូវីដ​១៩ នៅក្នុង​បណ្ដា​ប្រទេស​ទាំងនេះ​។

លោកស្រី​បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​មកពី​ក្រុម​ប្រទេស​នេះ​មាន​អំណាច​ទិញ​ខ្ពស់ និង​មាន​ចំនួន​ច្រើន​ដែល​បាន​ទៅ​ទស្សនា​ផ្សារ​ទំនើប Siam Center, Siam Discovery និង Siam Paragon​។ មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ៤០ ​ភាគរយ​នៃ​ភ្ញៀវទេសចរ​សរុប​នៅក្នុង​ផ្សារទំនើប​ទាំង ៣ ​នេះ​ហើយ ៣០ ​ភាគរយ​ក្នុងចំណោម​នោះ​មកពី​បណ្ដា​ប្រទេស​ទាំង​ ៤​។

លោកស្រី Mayuree ថ្លែងថា​៖ «​ភ្ញៀវទេសចរ​មកពី​ក្រុម​ប្រទេស CLMV បាន​ចំណាយ​ប្រាក់​ជា​មធ្យម ១០០ ០០០ ​បាត ​ក្នុងពេល​មក​ទស្សនា​ម្តង​។ ពួកគេ​ចូលចិត្ត​ទិញ​អីវ៉ាន់ និង​សេវា​ផ្សេងៗ​ចាប់ពី​សម្លៀក​បំពាក់​ដល់​គ្រឿងសម្អាង​»​។

លោកស្រី Voralak Tulaphorn ប្រធាន​ផ្នែក​ទីផ្សារ​នៅ​ក្រុមហ៊ុន The Mall Group បាន​ឲ្យ​ដឹងថា ដោយសារ​ក្រុមហ៊ុន​លក់រាយ​របស់​ថៃ​ពឹង​ផ្អែកលើ​ទេសចរណ៍ ក្រុមហ៊ុន​រំពឹងថា ឧស្សាហកម្ម​លក់រាយ​ដែល​មាន​តម្លៃ ៣,៦ ​ពាន់​ពាន់​លាន​បាត​នេះ​នឹង​ធ្លាក់ចុះ​អត្រា ២ ​ខ្ទង់​នៅ​ឆ្នាំនេះ​។

លោកស្រី​បន្តថា​៖ «​ប្រហែល ៥០ ​ភាគរយ​នៃ​អតិថិជន​របស់​យើង បានចាប់​ផ្ដើម​ទិញ​អីវ៉ាន់​ឡើងវិញ ប៉ុន្តែ​ការលក់​មិនទាន់​ស្ទុះ​ងើប​វិញ​តាម​នោះទេ​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ស្វាគមន៍​វិធានការ​នេះ ដោយ​វា​នឹងមិន​គ្រាន់តែ​ជួយ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ក្នុងប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។

លោក​ថ្លែងថា​៖ «​ពិត​ហើយ​ប្រទេស​យើង​មិន​ហាមឃាត់​ជើងហោះហើរ​ទេ​។ វា​ជា​សញ្ញា​វិជ្ជមាន​បំផុត​ក្នុង​ការចាប់ផ្ដើម​ជើងហោះហើរ​ជាថ្មី និង​ការបើក​ដំណើរការ​ជាថ្មី​នូវ​សកម្មភាព​អាជីវកម្ម ដោយសារ​តែ​វា​នឹង​មិន​គ្រាន់តែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​កម្ពុជា​ផងដែរ​»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​និយាយថា វា​នឹង​ជួយ​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងនេះ ទោះបី​ជា​ការរីករាលដាល​ជំងឺ​កូវីដ​១៩ មិនទាន់​ត្រូវបាន​ទប់ស្កាត់​ទាំងស្រុង​ក៏ដោយ​។

លោកស្រី​ថ្លែងថា​៖ «​យើង​មើលឃើញ​ថា ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អំណាច​ទិញ និង​សេដ្ឋកិច្ចជាតិ ខណៈ​ដែល​មេដឹកនាំ​របស់​ប្រទេស​នីមួយៗ​បាន​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការរីករាលដាល​។ នៅពេល​នេះ​ស្ថានការណ៍​គឺ​កាន់តែ​ប្រសើរ​។ យើង​មិនអាច​រង់ចាំ​រហូតដល់​ការរីក​រាលដាល​នេះ​ចប់​ទាំងស្រុង​ទើប​ចាប់ផ្ដើម​អាជីវកម្ម​ឡើងវិញ​នោះទេ​។ យើង​នឹង​ស្លាប់ ឬ​បើ​មិន​អ៊ីចឹង​ទេ ប្រឈម​នឹង​ការក្ស័យធន​មិន​ខាន​»​។

រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​ដោយ​តម្រូវ​ឲ្យ​មាន​ការត្រួតពិនិត្យ​ជាមុន​នូវ​ជំងឺ​កូវីដ​ ១៩ ជា​ចាំបាច់​លើ​ជនបរទេស​ដែល​មកដល់​ប្រទេស​កម្ពុជា​ដែល​រួមមាន​ការធានារ៉ាប់រង​សុខភាព​អប្បបរមា​ក្នុង​ទឹកប្រាក់ ៥ ​ម៉ឺន​ដុល្លារ​ ត្រូវ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ថា​មិនមាន​កូវីដ​ ១៩ និង​ប្រាក់តម្កល់ ៣ ​ពាន់​ដុល្លារ​សម្រាប់​ការត្រួតពិនិត្យ​សុខភាព​។

ទិន្នន័យ​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក​បង្ហាញ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ​មាន​តម្លៃ​ប្រហែល ៣,១ ​ពាន់​លាន​ដុល្លារ​នៅ​រយៈពេល ៤ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ កើន ១៨,៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​ជាង ៥៤ ​ភាគរយ​ក្នុង​រយៈពេល ៤ ​ខែ​ដំបូង ដោយ​មាន​ចំនួន​ជាង ១,១ ​លាន​នាក់​ធៀប​នឹង​ ២,៤ ​លាន​នាក់​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ភ្ញៀវ​ថៃ​កើនឡើង ២១ ​ភាគរយ​ពី​ចំនួន ១២៧ ០៨៥ ​នាក់​ដល់ ១៥៣ ៨១១ ​នាក់​។ នេះ​បើតាម​ទិន្នន័យ​ក្រសួង​ទេសចរណ៍​៕ LA