ភ្នំពេញៈ វិស័យ​ឯកជន​បាន​ស្វាគមន៍​វិធានការ​ដែល​ធ្វើឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) ដែល​នឹង​ចាត់វិធានការ​ទៅលើ​ប្រតិបត្តិករ​ទូរគមនាគមន៍​ដែល​មិនមាន​អាជ្ញាប័ណ្ណ​ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​នេះ​។

យោងតាម​សេចក្ដីជូនដំណឹង​បាន​ពី​ MPTC ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រី MPTC ចុះ​ថ្ងៃទី​ ៤ ខែមីនា កន្លងមក គិត​ត្រឹម​ដើមខែ​មីនា ឆ្នាំ​ ២០២១ ​នេះ ប្រតិបត្តិករ​ផ្ដល់​សេវា​ទូរគមនាគមន៍​ចំនួន​ ៤៩ ​ត្រូវ​បានផ្ដល់​អាជ្ញាប័ណ្ណ ដូច្នេះ​ដើម្បី​រៀបចំ​វិស័យ​ទូរគមនាគមន៍ MPTC បាន​ចាត់វិធានការ​ប្រឆាំងនឹង​ប្រតិបត្តិករ​ទូរគមនាគមន៍ ដែល​ពីមុន​មិនបាន​គោរព​តាម​ច្បាប់ និង​បទប្បញ្ញត្តិ និង​ប្រឆាំងនឹង​ក្រុមហ៊ុន​ដែល​មិនមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។

ការដកស្រង់​សេចក្ដី​ប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​លោក ជា វ៉ាន់ដេត សរសេរ​ថា​៖ «MPTC សូម​អំពាវនាវ​ដល់​ប្រតិបត្តិករ​ទូរគមនាគមន៍​មិន​ត្រូវ​សហការ និង​លក់ដុំ​សេវា​អ៊ីនធឺណិត​ដល់​ក្រុមហ៊ុន​ដែល​គ្មាន​អាជ្ញាប័ណ្ណ ដើម្បី​បន្ត​ចែកចាយ​សេវា​អ៊ីនធឺណិត​បន្ត​ដល់​អតិថិជន​ចុងក្រោយ​។ សាធារណជន​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​សេវា​អ៊ីនធឺណិត​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន​ដែល​គ្មាន​អាជ្ញាប័ណ្ណ​»​។

លោកស្រី សុខ ចិន្តា ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Angkor Data Communication Group Co Ltd (MekongNet) ដែលជា​ក្រុមហ៊ុន​មួយ ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត (ISPs) បានចាត់ទុក​វិធានការ​នេះ​ថា នឹង​ជួយ​កែលម្អ​ការប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​របស់​ឧស្សាហកម្ម​នេះ​។

លោកស្រី​បន្តថា​៖ «​វា​ពិតជា​រឿង​មួយ​ដ៏ល្អ​ដែល​ក្រសួង​ចាត់ការ​ប្រឆាំងនឹង​ក្រុមហ៊ុន​ដែល​គ្មាន​អាជ្ញាប័ណ្ណ​»​។

លោកស្រី​បន្ថែមថា ក្រុមហ៊ុន​ផ្តល់​សេវា​ ISPs ដែលមាន​អាជ្ញាប័ណ្ណ​បាន​ទទួលរង​ផលប៉ះពាល់​អវិជ្ជមាន​ដោយសារ​តែ​ក្រុមហ៊ុន​គ្មាន​អាជ្ញាប័ណ្ណ​លក់​សេវា​ក្រោម​តម្លៃ​ទីផ្សារ​។

លោកស្រី​បញ្ជាក់ថា​៖ «​ដូច្នេះហើយ​បានជា​ក្រុមហ៊ុន​របស់ខ្ញុំ​មិន​ផ្ដោត​ការលក់​ទៅលើ​អតិថិជន​ចុងក្រោយ​នោះទេ យើង​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​អតិថិជន​ជា​លក្ខណៈ​ក្រុមហ៊ុន​»​។

លោកស្រី ចិន្តា សង្ឃឹម​ថា​ដោយ​មាន​សេចក្ដី​ជូនដំណឹង​ពី MPTC នឹង​រួមចំណែក​ក្នុង​ការកែលម្អ​ឧស្សាហកម្ម​ពី​ទីផ្សារ​ក្រៅផ្លូវការ​។

ក្រសួង​បានឱ្យដឹងថា ដើម្បី​ទទួលបាន​ព័ត៌មាន​ច្បាស់​ថា ប្រតិបត្តិករ​ទូរគមនាគមន៍​ដែលជា​ដៃគូ​ធ្វើ​អាជីវកម្ម​ស្របច្បាប់ សូម​ប្រតិបត្តិករ​ទាំងអស់​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​បញ្ជី​បច្ចុប្បន្នភាព​ឈ្មោះ​ប្រតិបត្តិករ​ដែលមាន​អាជ្ញាប័ណ្ណ តាមរយៈ​គេហទំព័រ​របស់​និយតករ​ទូរគមនាគមន៍​កម្ពុជា​ដែល​មាន​អាសយដ្ឋាន​ www.trc.gov.kh​។

ក្រសួង​ MPTC ​ក៏​ព្រមាន​ចាត់​វិធានការ​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ក្នុងករណី​រកឃើញ​ថា ប្រតិបត្តិករ​ទូរគមនាគមន៍​នៅតែ​បន្ត​សហការ និង​ផ្ដល់​សេវា​លក់ដុំ​ដល់​ក្រុមហ៊ុន​ដែល​គ្មាន​អាជ្ញាប័ណ្ណ​។

ចំនួន​ការជាវ​ទូរស័ព្ទ​ចល័ត​ដ៏សកម្ម​នៅក្នុង​ប្រតិបត្តិករ​ទាំង​ ៦ ​នៅ​កម្ពុជា​មាន​ចំនួន​ ២០ ៤៨១-០៥១ គិត​ត្រឹម​ចុងខែ​ឧសភា​ធ្លាក់ចុះ​ ០,០៨ ​ភាគរយ​ធៀប​នឹង​កាលពី​ចុងខែ​ឧសភា​ឆ្នាំ​ ២០១៩ ​និង​ស្មើនឹង​ ១២៤,០៩ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ថ្មី​បំផុត​បាន​ពី TRC​។

ចំនួន​ការ​ជាវ​សេវា​អ៊ីនធឺណិត​ចល័ត​នៅក្នុង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទាំង​ ៧ ​របស់​កម្ពុជា​បាន​កត់ត្រា​ការធ្លាក់ចុះ​ ២,៣៦ ​ភាគរយ​ នៅត្រឹម​ ១៤ ៨៦៣ ៤៣៥ ចំណែក​ការ​ជាវ​សេវា​អ៊ីនធឺណិត​លើ​តុ​នៅ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ទាំង​ ៣៧ ​នៅ​កម្ពុជា​បាន​កត់ត្រា​ការកើនឡើង​ ៣៣,០៧ ​ភាគរយ ​ដល់ ២៤៩ ១៣២៕ LA