មន្ដ្រីជាន់ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) និង​អ្នកតំណាង​ពី​សមាគមន៍​ពាណិជ្ជកម្ម​អន្តរជាតិ​ចាត់ទុកថា ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការបិទខ្ទប់​តំបន់​មួយចំនួន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការកើនឡើង​ការរីក​រាលដាល​ជំងឺ​កូវីដ១៩ គឺជា​វិធានការ​ឆ្លើយតប​ដ៏ទាន់សភាពការណ៍​មួយ​ ដើម្បី​រក្សា​សុខុមាលភាព​ប្រជាពលរដ្ឋ​ និង​សង្គម ទោះបីជា​មាន​ការខាតបង់​សេដ្ឋកិច្ច​ខ្លះៗ​ក៏ដោយ ប៉ុន្តែ​វា​គ្រាន់តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី ១៤ ខែ​មេសា រដ្ឋាភិបាល​បានប្រកាស​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល រហូតដល់​ថ្ងៃទី ២៨ និង​ត្រូវបាន​ពន្យារពេល​រហូត​ដល់​ថ្ងៃទី ៥ ខែ​ឧសភា​ខាងមុខនេះ។

លោក កាំង ម៉ូនីកា អគ្គនាយករង​ GMAC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ទោះបី​ជាមាន​បញ្ហា​ប្រឈម​សេដ្ឋកិច្ច ក្នុង​អំឡុងពេល​ការបិទខ្ទប់​ក៏ដោយ ក៏​វា​ជា​រឿង​ដែល​ត្រឹមត្រូវ​ដែល​គ្រប់​មេដឹកនាំ​ត្រូវតែ​ជ្រើសរើស ដើម្បី​ដាក់​ការថែរក្សា​សុខភាព​របស់​ប្រជាជន​គឺជា​អាទិភាព​ចម្បង។

លោក​ថ្លែងថា៖ «ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​គឺ​ពិតជា​ចាំបាច់ ទោះបី​ជា​បញ្ហា​ប្រឈម​នៃ​ការខាតបង់​សេដ្ឋកិច្ច​ក៏ដោយ។ ការការពារ​សុខភាព​សាធារណៈ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​គឺមាន​សារៈសំខាន់​ខ្លាំង​ជា​ងអ្វីៗ​ទាំងអស់»។

លោក​លើកឡើង​ថា៖ «អ្វីដែល​យើង​កំពុង​ធ្វើ​គឺ​ការផ្សព្វផ្សាយ​ទាន់ពេលវេលា​នៃ​បទប្បញ្ញត្តិ និង​វិធានការ​ដែល​ធ្វើ​បច្ចុប្បន្នភាព​ជាប់ទាក់ទង​នឹង​ការសម្រេច​បិទខ្ទប់​របស់​រដ្ឋាភិបាល សម្រាប់​ការអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​សមាជិក​របស់​យើង។ ទី ២ សម្រាប់​កម្រិត​គោលនយោបាយ យើង​បន្តធ្វើ​ការងារ​លើ​គោលនយោបាយ​ប្រាក់​ឈ្នួល និង​ការគាំទ្រ​ប្រាក់ឧបត្ថម្ភ ដោយ​ពឹង​ផ្អែកលើ​គោលការណ៍​មនុស្សជាតិ សេវា​ឡូជីស្ទីក បម្រើ​សមាជិក​នៅ​ជិត ឬ​នៅក្រៅ​តំបន់​បិទ​ខ្ទប់ និង​សំខាន់​ជាងនេះ​ទៅទៀត គឺ​ផែនការ​ចង្អុល​ផ្លូវមេ ដើម្បី​បើក​ដំណើរការ​ឡើងវិញ ឬ​ក្រោយ​វិធានការ​បិទខ្ទប់»។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន​ប្រឹក្សា​ហិរញ្ញវត្ថុ Cambodia Investment Management Co Ltd និង​ជា​ប្រធាន​សភាពាណិជ្ជកម្ម​អាមេរិក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ដោយសារ​តែ​មាន​ការកើនឡើង​អ្នក​ឆ្លង​ប្រចាំថ្ងៃ ដោយ​មាន​ការធ្វើ​តេស្ដ​មាន​កម្រិត ការបិទ​ខ្ទប់​គឺ​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នេះ។

លោក​បន្តថា៖ «ការបិទខ្ទប់​នេះ​គឺជា​យុទ្ធសាស្ដ្រ​នៃ​តុល្យភាព ការរក្សា​ដង្ហើម​សេដ្ឋកិច្ច ខណៈ​ដែល​ការទប់ស្កាត់​ការរីករាលដាល និង​ជម្រើស​ដែល​អាចមាន​ចំពោះ​រដ្ឋាភិបាល នៅពេល​នេះ​គឺ​ត្រូវបាន​កម្រិត​យ៉ាងខ្លាំង ដោយសារ​តែ​ការឆ្លង​កើនឡើង​ខ្លាំង»។

លោក​បាន​ពន្យល់ថា ខណៈ​ដែល​សក្ដានុពល​នៃ​ការបិទខ្ទប់​អាច​នឹងមាន​ជាច្រើន​សប្ដាហ៍ វា​ហាក់ដូចជា​មាន​រង​ផលប៉ះពាល់​ដំបូង​មួយចំនួន​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​មុននេះ។ ហើយ​ការបែងចែក​អាហារ​នៅតាម​ភោជនីយដ្ឋាន ត្រូវ​បាន​រឹតបន្តឹង​យ៉ាងខ្លាំង ដោយសារ​តែ​ការទប់ស្កាត់​ការធ្វើដំណើរ​ទូទាំង​ទីក្រុង ក្នុង​អំឡុងពេល​នៃ​ការបិទខ្ទប់​នេះ។

លោក​បន្តថា៖ «ច្បាស់​ណាស់​វិធានការ​ដែល​ធ្វើឡើង​នេះ បម្រាម​គោចរ និង​ការបិទ​ខ្ទប់ មាន​សារៈសំខាន់​សម្រាប់​សន្ដិសុខ និង​សុវត្ថិភាព​រយៈពេល​វែង​របស់​ប្រទេសជាតិ។ រដ្ឋាភិបាល​បាន​អនុវត្តបាន​យ៉ាង​ត្រឹមត្រូវ និង​ជា​ផលប្រយោជន៍​ល្អ​បំផុត​របស់​ប្រជាជន»។

រដ្ឋាភិបាល​កាលពី​ថ្ងៃទី ២៥ ខែ​មេសា បានចេញ​សេចក្ដី​សម្រេចចិត្ត​មួយ​ស្ដីពី «ការលើកលែង​ការហាមឃាត់​ការធ្វើ​ដំណើរ និង​ការបញ្ចប់​ការបិទខ្ទប់​នៃ​រមណីយដ្ឋាន​ទេសចរណ៍ ទូទាំងប្រទេស» ទោះបី​យ៉ាងណា ប្រសិនបើ​ជំងឺ​កូវីដ១៩​នៅតែ​មាន អាជ្ញាធរ​មូលដ្ឋាន​ត្រូវបាន​ផ្ដល់​សិទ្ធិ​ក្នុង​ការស្វ័យ​ប្រកាស​ក្នុង​ការបិទ​ខ្ទប់​កន្លែង​ណាមួយ​ដែលមាន​ហានិភ័យ​ខ្លាំង​បំផុត។

យោងតាម​លោក កាំង កម្មករ និយោជិត បាន​ទទួល​ការគាំទ្រ​ពី​រដ្ឋាភិបាល។ GMAC ក៏បាន​អំពាវនាវ​ដល់​រោងចក្រ​ទាំងអស់ ត្រូវ​ពិចារណា​ការគាំទ្រ​បន្ថែមទៀត។ លោក​បន្តថា៖ «យើង​បាន​អំពាវនាវ​ដល់​អ្នកទិញ​ទាំងអស់ មិនត្រូវ​ផាកពិន័យ​សមាជិក​របស់​យើង​ដែល​មិនបាន​គោរព​តាម​ពេលវេលា​កំណត់​តាម​កិច្ចព្រមព្រៀង​ដើម​នៃ​ការបែងចែក​នោះទេ»។

លោក​លើកឡើង​ថា៖ «យើង​បាន​រង​ផលប៉ះពាល់​រួចទៅហើយ​លើ​ការនាំចេញ​របស់​យើង។ ប៉ុន្តែ​អ្វីដែល​កាន់តែ​ប្រឈម​ខ្លាំង​ទៅទៀត​នោះ គឺ​ភាពប្រាកដប្រជា និង​ការព្យាករ​អនាគត​របស់​យើង​ក្នុង​រយៈពេល​ជាច្រើន​ខែ​ខាងមុខនេះ។ ជារួម វា​ជា​ភារកិច្ច​ដ៏ស្មុគស្មាញ​បំផុត​មួយ ប៉ុន្តែ​ខ្ញុំ​គិតថា ជាមួយ​គ្នា​នេះ​យើង​អាច​ជម្នះ​ឧបសគ្គ​នេះ​បាន»។ លោក​បន្តថា៖ «ខ្ញុំ​ជឿជាក់​ថា ការចាក់​វ៉ាក់សាំង​នឹង​ធ្វើ​ឡើងកាន់​តែ​យ៉ាង​រហ័ស ដោយសារ​មាន​ការចូលរួម​ពី​កងកម្លាំង​យោធា»។

ធនាគារ​អភិវឌ្ឍន៍អាស៊ី​កាលពី​ថ្ងៃទី ២៨ ខែ​មេសា​បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង ៤,០ ភាគរយ​នៅ​ឆ្នាំនេះ និង ៥,៥ ភាគរយ​នៅ​ឆ្នាំ ២០២២ ដោយសារតែ​សេដ្ឋកិច្ច​ស្ទុះ​ងើបឡើង​វិញ​នៅក្នុង​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ ជំរុញ​តម្រូវការ​ការនាំចេញ​របស់​ប្រទេស​កម្ពុជា។

ធនាគារ​នេះ​បាន​ឲ្យ​ដឹងថា ផលិតកម្ម​ឧស្សាហកម្ម​ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង ៧,១ ភាគរយ​ក្នុង​ឆ្នាំ ២០២១ និង ៧,០ ភាគរយ​នៅ​ឆ្នាំ ២០២២ ដោយសារ​តែ​ការ​ស្ទុះ​ងើបឡើង​វិញ​ផ្នែក​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​អ្នកធ្វើដំណើរ ព្រមទាំង​កំណើន​នៅក្នុង​ផលិតកម្ម​ធុនស្រាល​ផ្សេងទៀត ដូចជា​គ្រឿងអគ្គិសនី និង​កង់​ជាដើម​៕LA