ភ្នំពេញ: តំណាង​វិស័យ​ឯកជន​កម្ពុជា និង​តំណាង​វិស័យ​ឯកជន​ជប៉ុន​ដែល​ទាំង​ ២ ​មាន​ឥទ្ធិពល​ក្នុង​វិស័យ​ធុរកិច្ច​នឹង​ជួប​ពិភាក្សាគ្នា​នៅ​ថ្ងៃ​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ​ក្នុង​គោលបំណង​ជំរុញ​ធុរកិច្ច​ និង​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​រវាង​កម្ពុជា-ជប៉ុន​ឱ្យ​រីកចម្រើន ខណៈ​ទិន្នន័យ​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​បង្ហាញ​ពី​និន្នាការ​ធ្លាក់ចុះ​តិចតួច​ក្នុងពេល​រីក​រាលដាល​ជំងឺ​កូវីដ​១៩​។

លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​នឹង​ទទួល​ស្វាគមន៍​លោកស្រី ម៉ារីសា ហារ៉ូតា (Ms. Marisa Haruta) ប្រធាន​តំណាង​ថ្មី​នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​ (Jetro) ​ដែល​ភាគី​ទាំង​ ២ ​នឹង​ពិភាក្សា​លើ​របៀបវារៈ​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​ធុរកិច្ច និង​ការវិនិយោគ​លើ​វិស័យ​ពាណិជ្ជកម្ម​របស់​ធុរជន​ប្រទេស​ទាំង​ ២​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ជំនួប​នេះ​ក៏​ជា​ការសម្តែង​ការគួរសម និង​ណែនាំ​ខ្លួន​របស់​លោកស្រី ហារ៉ូតា ក្នុង​ឱកាស​ដែល​លោកស្រី​ត្រូវបាន​ចាត់តាំង​ជា​ប្រធាន​តំណាង​ថ្មី​នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​ផងដែរ​។

លោក ងួន ម៉េងតិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ចន្ទ​ថា ជំនួប​ពិភាក្សា​នេះ​នឹង​ផ្តោត​សំខាន់​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​នឹង​អង្គការ Jetro លើ​វិស័យ​ធុរកិច្ច​ និង​ពាណិជ្ជកម្ម ដែល​កម្ពុជា​ និង​ជប៉ុន​តែងតែ​លើកកម្ពស់​ក្នុងពេល​កន្លងមក​។

លោក​ថ្លែងថា​៖ «​យើង​សង្កេត​ឃើញ​ថា ធុរកិច្ច​ជប៉ុន​មាន​ការចាប់អារម្មណ៍​មក​វិនិយោគ​នៅ​ប្រទេស​យើង​យ៉ាងខ្លាំង​។ [​ព្រោះហេតុនោះ​] ទើប​យើង​ចង់​ពង្រឹង​កិច្ចសហប្រតិបតិ្តការ​បន្ថែម​ដើម្បី​ផ្តល់​ទំនុកចិត្ត​រវាង​ [​វិនិយោគិន​] ​ជប៉ុន និង​កម្ពុជា​យើង ដែល​នេះ​ជា​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​កាន់តែ​ច្រើន​ថែមទៀត​។ ពួកគាត់​មាន​ចំណាប់​អារម្មណ៍​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​កាន់តែច្រើន​»​។

លោក សុក ចិន្តាសោភា អគ្គលេខាធិការ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​បានឱ្យដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​កិច្ចប្រជុំ​លើក​ទី​ ២០ ​នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ជប៉ុន​ កាលពី​ខែកញ្ញា​កន្លងទៅ​ថា ភាគី​ទាំង​ ២ ​បាន​ប្តេជ្ញា​នឹង​បន្ត​សហការ​គ្នា​ដោយ​ខិតខំ​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ក្នុងការ​សម្របសម្រួល​បែបបទ​នីតិវិធី​ឱ្យ​កាន់​តែ​សាមញ្ញ និង​ឆាប់រហ័ស ដើម្បីឱ្យ​គម្រោង​វិនិយោគ​របស់​ជប៉ុន​ដែល​កំពុង​ដំណើរការ​មាន​សកម្មភាព​កាន់តែ​ល្អប្រសើរ​ធានា​បាន​នូវ​ការប្រកួតប្រជែង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នកវិនិយោគ​ជប៉ុន​ដែល​តែងតែ​ជឿជាក់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​»​។

លោក សុក ចិន្តាសោភា បានឱ្យដឹងថា សកម្មភាព​វិនិយោគ​របស់​វិនិយោគិន​ជប៉ុន​ទាំងអស់​នៅ​កម្ពុជា​ជាពិសេស ការវិនិយោគ​ក្នុង​វិស័យ​កម្មន្តសាល​មិនមែន​វាយនភណ្ឌ បាននិង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរួមចំណែក​ដល់​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ចកម្ពុជា ការអភិវឌ្ឍ​ធនធាន​មនុស្ស ស្រប​ទៅតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​។

គិត​ត្រឹម​ខែកក្កដា ឆ្នាំ​ ២០២០ CDC បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ជប៉ុន​ចំនួន​ ១៤៤ ​គម្រោង​ ដែលមាន​ទុន វិនិយោគ​សរុប​​ ២,៨ ពាន់​ដុល្លារ​។ ក្នុងនោះ​គម្រោង​ចំនួន​ ៦៦ ​បាន​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មាន​ទុនវិនិយោគ​សរុប ៣៤០ លាន​ដុល្លារ​។ នេះ​បើតាម CDC​។

អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​គឺជា​អង្គការ​មួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ដែលមាន​គោលដៅ​ចម្បង​ក្នុង​ការលើកកម្ពស់​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ជប៉ុន​ជាមួយ​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។ ​អង្គការ​នេះ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​ ១៩៥៨ ​ដើម្បី​ជំរុញ​ការនាំចេញ​របស់​ជប៉ុន​ទៅ​បរទេស​។

យោងតាម​ទិន្នន័យ​ពី​អង្គការ​ (Jetro) កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​ជាង​ ១ ០៤៥ លាន​ដុល្លារ​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន ​ក្នុង​រយៈពេល​ ៨ ខែ​ដើមឆ្នាំ​ ២០២០ ដែល​ធ្លាក់ចុះ ៥,៣ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន​ជាង ​១ ១០៣ លាន​ដុល្លារ​។

ទិន្នន័យ​ដដែល​បានឱ្យ​ដឹងថា ក្នុងអំឡុង​ពេលនេះ​កម្ពុជា​ក៏បាន​នាំចូល​ទំនិញ​មកវិញ មាន​តម្លៃ​ជាង ៣០០ លាន​ដុល្លារ ធ្លាក់ចុះ ១៤,២ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​មាន​ចំនួន​ជាង ៣៥០ លាន​ដុល្លារ​៕ LA