ភ្នំពេញៈ វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​លើក​ទី​ ១៩ នឹងត្រូវ​បានរៀបចំ​ឡើង​នៅ​ថ្ងៃទី​ ១ ខែ​មេសា ខណៈ​វិស័យ​ឯកជន​រំពឹងថា បញ្ហា​ប្រឈម​នានា​នឹង​ត្រូវបាន​ដោះស្រាយ​ក្នុង​ជំនួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​។ នេះ​បើ​យោងតាម​ប្រធាន​ផ្នែក​សម្របសម្រួល​ការងារ​ផ្នែក​ឯកជន​នៃ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​។

នៅក្នុង​ជំនួប​ដែល​គេ​ត្រូវបាន​ធ្វើឡើង​រាងរាល់​ឆ្នាំនេះ វិស័យ​ឯកជន​មកពី​វិស័យ​ចំនួន​ ១៣ និង​ជួបប្រជុំ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ផ្តល់​លើកយក​បញ្ហាសំខាន់ៗ​មក​ប្រាប់​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម និង​ជា​ប្រធាន​ផ្នែក​សម្របសម្រួល​នៃ​ក្រុមការងារ​ផ្នែក​ឯកជន​នៃ​ «​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​» បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា​នេះ​ជា​យន្តការ​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ជួប​ជាមួយ​អ្នក​តំណាង​មកពី​វិស័យ​ឯកជន និង​រដ្ឋ​ក្នុង​ន័យ​ទទួល​បាន​ព័ត៌មាន​ពី​វិស័យ​ឯកជន និង​​រិះរក​វិធី​ដោះស្រាយ​រួមគ្នា​។

លោក​បាន​ថ្លែងថា​៖ «​តាមរយៈ​ជំនួប​ជាមួយ​សម្តេច ហ៊ុន សែន បញ្ហា​ធំៗ​ដែល​ពិបាកៗ ហើយ​អាជ្ញាធរ​ថ្នាក់ក្រោម​មិនអាច​ដោះស្រាយបាន​នឹង​ត្រូវបាន​វះកាត់​»​។

លោក​បាន​បន្តថា ចាប់​តាំង​ពី​បង្កើត​មក យន្តការ​នេះ​បាន​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​វិស័យ​ឯកជន​ជាច្រើន​ដូចជា​ក្នុង​ជំនួប​លើក​ទី​ ១៨ កាលពី​ឆ្នាំ​មុន​បញ្ហា​សំខាន់ៗ​ចំនួន ១៧ ​ត្រូវ​បាន​ដោះស្រាយ​ក្នុង​នោះ​រួមមាន​ការកាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ​ក្នុង​ការបំពេញ​បែបបទ​នាំចេញ លុបចោល​ស្ថាប័ន​កាំសាប និង​កាំកុងត្រូល និង​ចុះបញ្ជី​អាជីវកម្ម​ជាដើម​។

បើ​យោងតាម​លោក លឹម ហេង ក្រុម​ការងារ​វិស័យ​ឯកជន​ចំនួន​ ១៣ កំពុង​ពិភាក្សា​គ្នា​ដើម្បី​លើកយក​បញ្ហា​ប្រឈម​សំខាន់ៗ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ជួយ​ដោះស្រាយ ប៉ុន្តែ​នៅ​មិន​ទាន់​ដឹងថា បញ្ហា​សំខាន់ៗ​អ្វីខ្លះ​ដែល​នឹងត្រូវ​លើក​ជូន​លោកនាយក​រដ្ឋមន្ត្រី​នៅ​ឡើយ​ទេ​មក​ដល់​ពេល​នេះ​។

ក្រុមការងារ​ក្នុង​វិស័យ​ឯកជន​ទាំង​ ១៣ នោះ​មាន​មកពី​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម វិស័យ​ទេសចរណ៍ កម្មន្តសាល និង​សហគ្រាស​ធុន​តូច និង​មធ្យម និង​សេវា ក្រុម​ការងារ​នីតិកម្ម ពន្ធដារ និង​អភិបាលកិច្ច វិស័យ​សេវា​ធនាគារ និង​ហិរញ្ញវត្ថុ វិស័យ​ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម​កែច្នៃ​សម្រាប់​នាំចេញ និង​កិច្ចសម្រួល​ពាណិជ្ជកម្ម ទំនាក់ទំនង​វិជ្ជាជីវៈ ក្រុម​ការងារ​ស្រូវ​អង្ករ ក្រុម​ការងារ​វិស័យ​ថាមពល និង​ធនធាន​រ៉ែ វិស័យ​អប់រំ សុខាភិបាល និង​វិស័យ​សំណង់ និង​អចលនទ្រព្យ​។

បើ​តាម​លោក លឹម ហេង បច្ចុប្បន្ន​សភាពាណិជ្ជកម្ម​កម្ពុជា​មាន​ទីស្នាក់ការ​នៅ​គ្រប់​រាជធានី-ខេត្ត​ដោយ​មាន​ក្រុមហ៊ុន​/​សហគ្រាស​ជា​សមាជិក​ជាង ៥ ០០០​។

វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ជា​យន្តការ​សម្រាប់​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ផ្ទៃក្នុង​របស់​កម្ពុជា​ក្នុង​ការទាក់ទាញ​អ្នកវិនិយោគ​ឲ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា និង​បង្កើន​សក្តានុពល​សម្រាប់​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។

របាយការណ៍​ធនាគារ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​ ២០១៩ លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​មាន​តម្លៃ​សរុប ៣ ៥៨៨ ​លាន​ដុល្លារ កើនឡើង​ ១១,៧ ​ភាគរយ​ ពី​ចំនួន ៣ ២១២ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។

សម្រាប់​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៣ ​ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ​ ២០១៩ មាន​តម្លៃ​សរុប ១០,៩ ​ពាន់​លាន​ដុល្លារ​៕LA