
ការដ្ឋានសំណង់មួយកន្លែងក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ហ៊ាន រង្សី
ភ្នំពេញៈ អ្នកនៅក្នុងវិស័យលំនៅឋានបានឱ្យដឹងថា ពួកគេនឹងពិចារណាលើលទ្ធភាពជាក់ស្តែងចំពោះការអំពាវនាវរបស់រដ្ឋាភិបាលដែលស្នើឱ្យម្ចាស់គម្រោងវិនិយោគលំនៅឋានតាមបុរី និងអគារសហកម្មសិទ្ធិ (ខុនដូ) ធ្វើការបន្ធូរបន្ថយលក្ខខណ្ឌបង់ប្រាក់ និងនីតិវិធីមួយចំនួនចំពោះអតិថិជនដែលកំពុងទទួលផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ នៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ ១៩ នេះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី ២២ ខែមីនា បានចេញសេចក្តីប្រកាសរួមគ្នាមួយដោយអំពាវនាវឱ្យក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ធ្វើការបន្ធូរបន្ថយដល់ប្រជាពលរដ្ឋទិញផ្ទះនៅតាមបុរី និងអគារសហកម្មសិទ្ធិ (ខុនដូ) នៅក្នុងបរិបទការរីករាលដាលកូវីដ ១៩ រហូតដល់ដំណាច់ខែមីនា ឆ្នាំ ២០២២។
សេចក្តីប្រកាសព័ត៌មានបានសរសេរថា «នៅក្នុងស្ថានភាពបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដើម្បីជួយដោះស្រាយបញ្ហាសម្ពោធហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋជាអ្នកទិញអចលនវត្ថុនៅតាមបុរី និងអគារសហកម្មសិទ្ធិនានា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ចូលរួមសម្រួលដល់បញ្ហាមួយចំនួនដូចជា ការពិនិត្យលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ទៅតាមស្ថានភាពរបស់អតិថិជន, ការលើកលែងការផាកពិន័យចំពោះអ្នកទិញបង់ប្រាក់យឺតយ៉ាវ និងមិនត្រូវមានការពិន័យចំពោះភាពយឺតយ៉ាវ ជាដើម។
លោក ហ៊ុយ វណ្ណា អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាតាមរយៈប្រព័ន្ធអនឡាញកាលពីព្រឹកថ្ងៃអង្គារ ទី ២៣ ខែមីនា បានប្រាប់ថា លិខិតនេះគ្រាន់តែជាការអំពាវនាវរបស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជនឱ្យជួយសម្រួលចំពោះអតិថិជនដែលមានបញ្ហាហិរញ្ញវត្ថុតែប៉ុណ្ណោះ គឺមិនបានតម្រូវឱ្យអនុវត្តនោះទេ។ លោកអះអាងថា៖ «ការចូលរួមនេះគឺអាស្រ័យទៅតាមការស្ម័គ្រចិត្តរបស់ក្រុមហ៊ុននីមួយៗតែប៉ុណ្ណោះ»។
លោកប្រាប់ទៀតថា ដោយសារលិខិតនោះគ្រាន់តែជាការអំពាវនាវ ហេតុនេះសមាគមនឹងមិនធ្វើលិខិតផ្លូវការផ្ញើទៅកាន់ក្រុមហ៊ុនដែលជាសមាជិកសមាគមនោះទេ។
លោក គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia និងជាម្ចាស់គម្រោង បុរី ខេអេស រ៉េស៊ីដេន ដែលស្ថិតនៅផ្លូវជាតិលេខ ១ បានប្រាប់ថា ការអំពាវនាវរបស់អាជ្ញាធរ វាពិតជានឹងជួយសម្រួលទៅដល់អ្នកទិញលំនៅឋានដែលកំពុងរងផលប៉ះពាល់ប្រាក់ចំណូលក្នុងអំឡុងវិបត្តិជំងឺកូវីដ ១៩ ប៉ុន្តែទន្ទឹមនឹងនេះវាក៏នឹងជះឥទ្ធិពលអវិជ្ជមានខ្លាំងទៅដល់ម្ចាស់អភិវឌ្ឍន៍បុរី ឬខុនដូ និងវិស័យសំណង់ផងដែរ ព្រោះដើម្បីអភិវឌ្ឍន៍គម្រោងបុរី ឬខុនដូ ម្ចាស់គម្រោងតែងតែប្រើប្រាក់កម្ចីមួយចំនួនពីធនាគារ ឬក៏បញ្ជាទិញសម្ភារសំណង់ ដោយសន្យានឹងសងប្រាក់ទៅធនាគារ ឬម្ចាស់សម្ភារសំណង់វិញជាដំណាក់ៗ។
លោកបន្តថា បើការបង់ប្រាក់ពីអតិថិជនមានបញ្ហា ឬកាត់បន្ថយ ដូច្នេះការបង់ប្រាក់សងត្រឡប់របស់ម្ចាស់បុរី ឬខុនដូទៅធនាគារ ឬម្ចាស់បំណុលផ្សេងទៀត ព្រមទាំងប្រាក់ឈ្នួលពលកម្មកម្មករ ក៏នឹងមានបញ្ហាដែរ។
លោកថ្លែងថា៖ «ការអភិវឌ្ឍបុរី ឬខុនដូ គឺសុទ្ធតែមានប្រើប្រាស់លុយបង្វិល ដែលមួយចំណែកជាទ្រព្យផ្ទាល់របស់ម្ចាស់បុរី ឬខុនដូ និងមួយចំណែកទៀតជាប្រាក់ទទួលបានពីការបង់របស់អតិថិជន ហេតុនេះបើរង្វិលលុយមានបញ្ហា ការសាងសង់ក៏មានបញ្ហាដែរ»។
លោកពន្យល់ថា សម្រាប់ការបន្ធូរបន្ថយលើលក្ខខណ្ឌបង់ប្រាក់នេះ គឺវានឹងប៉ះពាល់ទៅតាមអត្រានៃកម្រិតបង់ប្រាក់។ បើសិនការបង់ប្រាក់ទៅឱ្យបុរី ឬខុនដូច្រើនរួចមកហើយនោះ គឺមិនសូវមានបញ្ហាទេ ប៉ុន្តែបើគម្រោងដែលអនុញ្ញាតឱ្យអតិថិជនបង់រំលស់ ១០០ ភាគរយនឹងមានបញ្ហាច្រើន។
ទោះយ៉ាងណាលោកបញ្ជាក់ថា៖ «ដោយសារតែលិខិតនោះគ្រាន់តែជាការអំពាវនាវរបស់រដ្ឋាភិបាល ដូចនេះម្ចាស់គម្រោងអភិវឌ្ឍន៍បុរី ឬខុនដូ នីមួយៗអាចធ្វើការសិក្សាពីលទ្ធភាពរៀងៗខ្លួនដើម្បីចូលរួមជាមួយរដ្ឋាភិបាល និងប្រជាជនក្នុងដំណាក់កាលដ៏លំបាកនេះ»។
ប្រធានក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisals និងជាម្ចាស់គម្រោងអភិវឌ្ឍន៍ បុរីកៀនស្វាយ ផាក លោក នួន រិទ្ធី បាននិយាយថា ក្នុងបរិបទនៃការរីករាលដាលកូវីដ១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ វាបាននិងកំពុងធ្វើឱ្យមានផលប៉ះពាល់យ៉ាងច្រើនទៅដល់ស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនគ្រប់រូប ពិសេសអ្នកដែលជាប់កាតព្វកិច្ចបង់ប្រាក់ពីការទិញផ្ទះ។
លោកបន្តថា ដើម្បីឱ្យការងារនេះអាចសម្រេចទៅបានដោយជោគជ័យ គឺទាមទារឱ្យមានការចូលរួមពីផ្នែកពាក់ព័ន្ធជាច្រើនរាប់ចាប់តាំងពីអ្នកទិញលំនៅឋាន ម្ចាស់គម្រោងអភិវឌ្ឍន៍ ក្រុមហ៊ុនសាងសង់ និងជាពិសេសកិច្ចអន្តរាគមន៍របស់ធនាគារជាតិទៅធនាគារឯកជនទាក់ទងនឹងការសងត្រឡប់របស់ក្រុមហ៊ុនអភិវឌ្ឍន៍បុរី ឬខុនដូ។ លោកបញ្ជាក់ថា៖ «ជាធម្មតាលំហូរសាច់ប្រាក់គឺមានភាពបន្តគ្នាជាលំដាប់ បើផ្នែកណាជាប់គាំង វាអាចនឹងធ្វើឱ្យគាំងគម្រោងទាំងមូល»។
យោងតាមគោលនយោបាយលំនៅឋានជាតិរបស់រដ្ឋាភិបាលកាលពីឆ្នាំ ២០១៤ កម្ពុជាត្រូវការផ្ទះបន្ថែមចំនួនជាង ១,១ លានខ្នង ដើម្បីបំពេញតម្រូវការរហូតដល់ឆ្នាំ ២០៣០៕ LA
វីដេអូ៖