
ទិដ្ឋភាពកម្មករកំពុងធ្វើការនៅរោងចក្រកាត់ដេរមួយនៅកម្ពុជាកន្លងមក។ កាត់ដេរជាវិស័យនាំចេញសំខាន់របស់កម្ពុជា។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ វិស័យឯកជនកម្ពុជាបានសម្តែងនូវក្តីបារម្ភរបស់ខ្លួនយ៉ាងខ្លាំងទាក់ទងនឹងគម្រោង ដែលសហភាព អឺរ៉ុប ចង់ដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីកម្ពុជា ដោយពួកគេគិតថា នឹងផ្តល់ផលអវិជ្ជមានច្រើន សម្រាប់កម្ពុជា។ នេះបើតាមលិខិតរួមដែលសរសេរទៅកាន់ភាគីពាក់ព័ន្ធនៃសហភាពអឺរ៉ុប។
ទោះបីយ៉ាងនេះក្តី មន្ត្រីរដ្ឋាភិបាលអះអាងថា រាជរដ្ឋាភិបាលមិនមានការបារម្ភចំពោះការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះពី EU នោះឡើយ។
ខ្លឹមសារនៅក្នុងលិខិតដែលបានចុះហត្ថលេខាកាលពីថ្ងៃចន្ទដោយស្ថាប័នឯកជនធំៗចំនួន ៤០ នៅកម្ពុជា ផ្ញើទៅស្នងការសហភាពអឺរ៉ុបដើម្បីស្នើឲ្យគណៈកម្មការអឺរ៉ុប និងបណ្តាប្រទេសសមាជិកសហគមន៍អឺរ៉ុបបន្តគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេស កម្ពុជា បានឲ្យដឹងថា៖ «ក្នុងនាមវិស័យឯកជន កម្មករ និងសង្គមស៊ីវិលអន្តរជាតិ យើងសូមសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះដំណើរការឆ្ពោះទៅដក EBA ពីកម្ពុជា។ ការដក EBA នឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាហើយក៏បង្ហាញពីការមិនទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជននៅកម្ពុជាផងដែរ»។
លិខិតនោះសរសេរថា៖ «ការរៀបចំដក EBA នឹងធ្វើឲ្យមានអន្តរាយដល់វឌ្ឍនភាពជីវភាពរស់នៅរបស់កម្មកររាប់លាននាក់ និងក្រុមគ្រួសាររបស់ពួកគេ ដែលពឹងផ្អែកលើការងារក្នុងវិស័យកាត់ដេរ ហើយអាចធ្វើឲ្យពួកគេជួបនឹងហានិភ័យក្នុងការត្រឡប់ទៅរកភាពក្រីក្រវិញ»។
អ្វីដែលជាក្តីបារម្ភខ្លាំងនោះ គឺស្ត្រីនៅជនបទដែលមានប្រមាណ ៨៥ ភាគរយក្នុងចំណោមកម្មករកាត់ដេរ ៧០០ ០០០ នាក់ដែលទំនងជាទទួលរងនូវផលលំបាកពីសង្គម និងសេដ្ឋកិច្ចនៃការផ្លាស់ប្តូរនេះ។ នេះបើយោងតាមលិខិត។
ក្នុងនាមជាក្រុមហ៊ុនផលិតនំ ដែលមានទីផ្សារនៅក្នុងប្រទេសមួយចំនួនក្នុងពិភពលោក លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុន LY LY Food Industry Co., Ltd បានប្រាប់ថា ការដក EBA នឹងធ្វើឲ្យមានផលប៉ះពាល់ទាំងអ្នកផលិតនិងអ្នកប្រើប្រាស់ដោយចៀសមិនផុតគ្រាន់តែអ្នកផលិតមានផលប៉ះពាល់ច្រើនជាង។
លោកស្រីថ្លែងថា៖ «ក្នុងនាមខ្ញុំជាអ្នកផលិតខ្ញុំពិតជាមានក្តីព្រួយបារម្ភចំពោះការដក EBA ពិសេសវិស័យធំៗដូចជាកាត់ដេរ និងវិស័យស្រូវអង្ករ ជាដើម»។
លោកស្រីលើកឡើងថា ដោយសារសមត្ថភាពផលិតរបស់យើងមានកម្រិត បានធ្វើឲ្យថ្លៃដើមខ្ពស់ ហេតុនេះបើមានការយកពន្ធនោះវានឹងរឹតតែធ្វើឲ្យសមត្ថភាពប្រកួតប្រជែងរបស់យើងកាន់តែធ្លាក់ចុះបន្ថែមទៀត។ លោកស្រីបញ្ជាក់ថា៖ «ការដក EBA នឹងធ្វើឲ្យការនាំចេញទំនិញរបស់កម្ពុជាទៅអឺរ៉ុបកាន់តែលំបាក»។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting បា6ននិយាយថា ទោះបីរដ្ឋាភិបាលកម្ពុជាមិនទាន់បង្ហាញពីក្តីបារម្ភពីគម្រោងដក EBA ក៏ដោយ តែការចេញលិខិតរបស់វិស័យឯកជននាពេលនេះអាចបង្ហាញពីទំនោរនៃការបារម្ភរបស់ពួកគេរួចទៅហើយពីការបាត់បង់ប្រយោជន៍ចំពោះការនាំចេញទំនិញទៅសហភាពអឺរ៉ុប។
លោកលើកឡើងថា៖ «ប្រសិនបើសហភាពអឺរ៉ុបដក EBA ពីកម្ពុជានោះវិស័យឯកជនកម្ពុជានឹងត្រូវបាត់បង់ប្រយោជន៍ជាច្រើន។ ទោះយ៉ាងណាការប៉ះប៉ូវការបាត់បង់នេះ ក៏អាស្រ័យទៅលើសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជាផងដែរ»។
លោកបន្តថា បើគេដក EBA រដ្ឋាភិបាលអាចជួយលើកកម្ពស់វិស័យឯកជនវិញតាមរយៈការជួយកាត់បន្ថយថ្លៃដើមផលិត និងថ្លៃដឹកជញ្ជូនជាដើម។ បើតាមលោក ង៉ែត ជូ វិស័យកាត់ដេរអាចនឹងមានផលប៉ះពាល់ច្រើនជាងគេបើកម្ពុជាបាត់បង់ EBA។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃម្សិលមិញ បាននិយាយថា ការព្រួយបារម្ភរបស់វិស័យឯកជនគឺជាកាតព្វកិច្ច និងជាសមត្ថកិច្ចរបស់ពួកគាត់ ព្រោះអាចធ្វើឲ្យប្រាក់ចំណូលគាត់បាត់បង់ ចំណែករដ្ឋាភិបាលមិនមានការបារម្ភទេ។
លោកថ្លែងថា ៖ «រាជរដ្ឋាភិបាលកម្ពុជាមិនមានការបារម្ភទេ ព្រោះយើងបានត្រៀមជាង ១ ឆ្នាំមកហើយក្នុងការជួយដល់វិស័យឯកជន តាមរយៈការពង្រឹងការទូតជាមួយប្រទេសជាច្រើននៅលើពិភពលោកដើម្បីស្វែងរកទីផ្សារថ្មីៗការពង្រឹងវិស័យច្បាប់ ការជួយកាត់បន្ថយថ្លៃដើមផលិត បញ្ចុះតម្លៃអគ្គិសនី ពន្ធដារ និងការចំណាយក្រៅផ្លូវការជាដើម»។
លោកលើកឡើងថា សម្រាប់រដ្ឋាភិបាលការលើកឡើងពីបញ្ហាប្រឈមនៃការបាត់បង់ EBA នេះមិនមែនជារឿងថ្មីនោះទេ ព្រោះប្រាក់ចំណូលរបស់ប្រជាជនខ្មែរយើងនាពេលបច្ចុប្បន្ននេះ គឺបានឡើងហួសពីបន្ទាត់ខ្សែក្រហម ដែលជាលក្ខខណ្ឌកំណត់របស់ EBA រួចទៅហើយ ដូច្នេះការបាត់បង់ EBA គឺជាលក្ខខណ្ឌមួយដែលពិបាកចៀសផុត។
ទោះយ៉ាងណាលោកបញ្ជាក់ថា ការបាត់បង់ EBA មានន័យថា វានឹងប៉ះពាល់ទៅលើឧត្តមភាពនៃការប្រកួតប្រជែងតែប៉ុណ្ណោះ ចំណែកទីផ្សារសហភាពអឺរ៉ុបសម្រាប់ទំនិញកម្ពុជាគឺនៅដដែល៕ LA