ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ថា បុគ្គលិក​ពី​ស្ថាប័នរដ្ឋ និង​ឯកជន​នៅ​កម្ពុជា​នឹង​ចាប់ផ្តើម​បើកប្រាក់​បៀវត្សរ៍​ ២ ​ដង​ក្នុង​ ១ ​ខែ​ជំនួស​ឲ្យ​ការបើក​ជា​ប្រចាំ​ខែ​វិញ ដោយ​ការសម្រេច​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ឆ្នាំ​ ២០១៩ តទៅ​។

ការផ្លាស់ប្តូរ​នេះ​បាន​ធ្វើឲ្យ​ពាណិជ្ជករ​ជា​ម្ចាស់​សហគ្រាស​ខ្នាតតូច និង​មធ្យម លើក​ឡើង​ជា​ក្តីបារម្ភ​ថា​អាច​ប៉ះពាល់​ដល់​លំហូរ​សាច់ប្រាក់​នៅ​ក្នុង​ក្រុមហ៊ុន ស្របពេល​ពាណិជ្ជករ​ខ្លះ​លើកឡើង​ថា​ពួកគេ​នឹង​ត្រូវ​ធ្វើការ​ច្រើន​ជាង​មុន​លើ​បែបបទ​រដ្ឋបាល​ដើម្បី​ធ្វើ​របាយការណ៍​ប្រាក់បៀវត្សរ៍​សម្រាប់​បុគ្គលិក​។

ថ្លែង​ក្នុង​ពិធី​ជួប​កម្មករ​រោងចក្រ​កាត់ដេរ​ចំនួន ១៤ ៧៩៩ នាក់​នៅ​ភ្នំពេញ​កាលពី​ម្សិលមិញ​លោក ហ៊ុន សែន បាន​លើកឡើង​ពី​ការផ្លាស់ប្តូរ​របៀប​នៃ​ការ​បើក​បៀវត្សរ៍​នេះ ហើយ​បាន​ផ្តាំ​ទៅ​ម្ចាស់​សហគ្រាស​ឲ្យ​មាន​ការ​ត្រៀម​ខ្លួន​ជាមុន​។

លោក​ថ្លែង​ថា​៖ «​សូម​ឲ្យ​ម្ចាស់​រោងចក្រ​ទាំងអស់ ត្រៀម​ខ្លួន​ទុក​ឲ្យ​ហើយ​។ បណ្តា​ក្រុមហ៊ុន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់ ត្រៀម​ទុក​ឲ្យ​ហើយ​។ នៅ​ឆ្នាំ​ ២០១៩ យើង​មិន​បើក​បៀវត្សរ៍​ប្រចាំ​ខែ​ទេ យើង​បើក​បៀវត្សរ៍​ប្រចាំ​សប្តាហ៍​ម្តង បាន​សេចក្តី​ថា​ ២ ​អាទិត្យ​បើក​ម្តង​»​។

ការផ្លាស់ប្តូរ​នេះ​គឺ​អនុលោម​តាម​ច្បាប់​ការងារ​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៧ ខណៈ​មាត្រា ១១៦ នៅ​ក្នុង​ច្បាប់​នេះ​បាន​ចែង​ថា ប្រាក់​ឈ្នួល​របស់​កម្មករ​នឹង​ត្រូវ​បើក​យ៉ាង​ហោច​ណាស់​ ២ ​ដង​ក្នុង ១ ​ខែ​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការផ្លាស់ប្តូរ​នេះ​នឹង​បង្កើត​ការងារ​រដ្ឋបាល​កាន់តែ​ច្រើន​ដល់​កម្មករ​ធៀប​នឹង​ការបើកប្រាក់​ប្រចាំ​​ខែ ប៉ុន្តែ​បញ្ហា​នេះ​អាច​ត្រូវ​បាន​​ដោះស្រាយ ប្រសិន​បើ​រោងចក្រ​ផ្ដល់​ប្រាក់ខែ​តាមរយៈ​ធនាគារ​។ នេះ​បើ​យោង​តាម​លោក ម៉ូនីកា ៩០ ភាគរយ​នៃ​សមាជិក​របស់ GMAC គឺ​នៅតែ​បើក​ប្រាក់ខែ​ជា​សាច់ប្រាក់ ខណៈ​មាន​ ១០ ​ភាគរយ​ប៉ុណ្ណោះ​កំពុង​ធ្វើ​តាមរយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធនាគារ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​គិត​ថា វា​ជា​បន្ទុក​ដ៏ធំ​គ្រាន់​តែ​ផ្លាស់ប្តូរ​ពី​ការផ្ដល់​ប្រាក់​ប្រចាំខែ​ទៅ​ជា​ការបើក​ ២ ​ដង​ក្នុង​ ១ ​ខែ​នោះ​ទេ​»​។

លោក​បន្ថែម​ថា​តាមរយៈ​ការបើក​ប្រាក់ខែ​តាមរយៈ​ធនាគារ ម្ចាស់​រោងចក្រ មិន​ត្រូវ​ការ​រើស​បុគ្គលិក​បន្ថែម ដើម្បី​ធ្វើ​ការងារ​នោះ​ទេ​។ លោក​បញ្ជាក់​ថា​៖ «​បញ្ហា​លំហូរ​សាច់​ប្រាក់ អាច​កើតឡើង​នៅក្នុង​រយៈពេល​ ២-៣ ​ខែ​ដំបូង ប៉ុន្តែ​បន្ទាប់ពី​នោះ​វា​នឹង​ត្រឡប់​ទៅ​ធម្មតា​វិញ​»​។

លោកស្រី កែវ មុំ ប្រធាន​ក្រុមហ៊ុន​នំ​ស្រួយ​លីលី​ដែល​ផ្ដល់​ការងារ​ដល់​បុគ្គលិក ២៥០ នាក់ ហើយ​បច្ចុប្បន្ន​ផ្ដល់​ការបើក​ប្រាក់​ខែ តាមរយៈ​សេវា​ធនាគារ​បាន​ឲ្យ​ដឹងថា សហគ្រាស​ធុន​តូច និង​មធ្យម​ដូចជា​ក្រុមហ៊ុន​របស់​លោកស្រី ត្រូវការ​រយៈពេល​យូរ​ក្នុង​ការ​ធ្វើ​របាយការណ៍​ស្ដីពី​ប្រាក់ខែ ដោយសារ​តែ​មាន​តម្រូវការ​ក្នុង​ការបញ្ជាក់​លើ​វត្តមាន​នៅ​ខែ​នីមួយៗ​របស់​កម្មករ ការទូទាត់​ប្រាក់​ថែម​ម៉ោង​របស់​ពួកគេ និង​អត្ថប្រយោជន៍​បន្ថែម​ផ្សេង​ទៀត​។

លោកស្រី​ថ្លែង​ថា​៖ «​បើ​យើង​ត្រូវការ​ផ្ដល់​ប្រាក់ខែ​ ២ ​ដង​ក្នុង​ ១ ​ខែ យើង​នឹង​មាន​ការងារ​កាន់តែ​ច្រើន​ត្រូវ​ដោះស្រាយ​លើ​បញ្ហា​ដូចគ្នា ហើយ​យើង​បារម្ភ​ថា យើង​អាច​ធ្វើឲ្យ​មាន​កំហុស​មួយ​ចំនួន​»​។

លោកស្រី​បន្ត​ថា​ការផ្លាស់ប្តូរ​នេះ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​លោកស្រី​កាន់តែ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​លំហូរ​សាច់ប្រាក់ ដោយសារ​តែ​លំហូរ​សាច់ប្រាក់​ចូល និង​ចេញ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ដូចជា​ក្រុមហ៊ុន​របស់​លោកស្រី​មាន​កម្រិត​។

ប៉ុន្តែ​ក្រុមហ៊ុន​ធំ​ដូចជា​ធនាគារ​អេស៊ីលីដា​មិន​មាន​ការបារម្ភ​ណា​មួយ ជាមួយ​នឹង​ការផ្លាស់ប្តូរ​នេះ​ទេ​។ នេះ​បើ​តាម​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​។

លោក​បន្ត​ថា​៖ «​ការធ្វើ​របាយការណ៍​មិន​ពិបាក​ទេ ដោយសារ​វា​ធ្វើ​តាមរយៈ​កុំព្យូទ័រ​។ ការដក​ប្រាក់​ខែ មិន​ពិបាក​នោះ​ទេ ដោយសារ​តែ​កម្មករ​អាច​ប្រើប្រាស់​កាត​អេធីអឹម​»៕ LA