ភ្នំពេញៈ វិស័យ​ឯកជន​បានស្នើ​សុំ​ចំនួន ៨ ​ចំណុច​ ទៅ​រដ្ឋាភិបាល​តាមរយៈ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ឲ្យ​ជួយ​សម្រាល​បន្ទុក​ពាក់ព័ន្ធ​នឹង​ការនាំចេញ-នាំចូល​ទំនិញ​បន្ថែម​ទៀត​នៅក្នុង​អំឡុងពេល​ការរាតត្បាត​ជំងឺ​កូវីដ ​១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ការស្នើសុំ​នោះ​រួមមាន​ការពង្រឹង​ការអនុវត្ត​កម្រៃ​សេវា​ផ្លូវ​គយ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ការកាត់បន្ថយ​បន្ទុក​នានា​បន្ថែម​ទៀត​ចំពោះ​ការវិនិយោគ​លើ​វិស័យ​កាត់ដេរ និង​កសិកម្ម ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការបង្ការ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ការពង្រីក​វិសាលភាព​នៃ​ការអនុវត្ត​នីតិវិធី​បំពេញ​បែបបទ​គយ​មុនពេល​ទំនិញ​មកដល់ និង​ការកែលម្អ​នីតិវិធី E-Payment​។

ទន្ទឹម​នឹង​នេះ​វិស័យ​ឯកជន​ក៏បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ជំរុញ​ការអនុវត្ត​យន្ត​ការលើក​ទឹកចិត្ត​សហគ្រាស​ធុន​តូច និង​មធ្យម ការពង្រីក​ចំនួន​សមាជិក​ក្រុម​ធុរជន​ល្អ​បំផុត​ដើម្បី​លើក​ទឹកចិត្ត​ធុរជន​មាន​អនុលោមភាព​ខ្ពស់ និង​ការធ្វើ​សាមញ្ញកម្ម និង​ទំនើបកម្ម​នីតិវិធី​គយ​។

សំណើ​ទាំងនេះ​ត្រូវ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ពិសេស​រវាង​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ជា​សហប្រធាន​ក្រុមការងារ​បច្ចេកទេស​រដ្ឋាភិបាល​នៃ​យន្តការ​ភាព​ជា​ដៃគូ​គយផ្នែក​ឯកជន ជាមួយ​លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​សហប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ផ្នែក​ឯកជន​កាលពី​ថ្ងៃ​អង្គារ​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា GMAC បាន​លើក​សំណើ​មួយ​ចំនួន​នាពេល​កន្លងមក រួមមាន​ការដឹកជញ្ជូន និង​ឡូជីស្ទីក ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ត្រូវ​បាន​ធ្វើឲ្យ​ប្រសើរ​ឡើង​ហើយ​ដំណើរការ​នីតិវិធី​មួយ​ចំនួន​ត្រូវ​បាន​ធ្វើឲ្យ​មាន​ភាពសាមញ្ញ និង​ទំនើប​។

លោក​បន្តថា នៅក្នុង​វិស័យ​ឡូជីស្ទីក​មាន​ឈ្មួញកណ្តាល ដូច្នេះ​នៅពេល​តម្លៃ​សេវា​គ្មាន​តម្លាភាព វា​នឹង​ផ្តល់​ឱកាស​ឲ្យ​ឈ្មួញកណ្តាល​គ្មាន​សីលធម៌​មួយចំនួន​បំប៉ោង​តម្លៃ​សេវា​។

លោក​ថ្លែងថា​៖ «​វា​ជា​បញ្ហា​ថ្លៃដើម​ធ្ងន់ធ្ងរ​សម្រាប់​ការនាំចេញ​ទំហំ​តូច​ជាពិសេស ព្រោះ​ពួកគេ​ត្រូវបាន​គិតថ្លៃ​ក្នុង​ ១ ​ឯកសារ ឬ​ការដឹកជញ្ជូន ១ ​ជើង ដោយ​មិនមែន​តាម​តម្លៃ​នាំចេញ​នោះទេ​។ គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​ត្រូវតែ​មាន​តម្លាភាព​»​។

លោក គិត ម៉េង បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​ធ្វើការ​ពិភាក្សា​លើ​ចំណុច​សំណូមពរ​ខាងលើ​រួចមក កិច្ច​ប្រជុំ​បាន​ឯកភាព​គ្នា​ឲ្យ​ក្រុមការងារ​ជំនាញ​នីមួយៗ​បន្ត​បង្កើត​ការពិភាក្សា​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​ជាយថាហេតុ​នៅពេល​ខាងមុខ​ឲ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​។

ជាមួយ​គ្នា​នេះ​លោក គុណ ញឹម បាន​និយាយ​ថា​៖ «​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នឹង​រង់ចាំ​សហការ​ជាមួយ​វិស័យ​ឯកជន​ជានិច្ច​ក្នុង​ការពិភាក្សា​ស្វែងរក​ដំណោះស្រាយ​បន្តទៀត​»៕ LA