
បុគ្គលិកកំពុងធ្វើការនៅក្នុងសហគ្រាសផលិតអាហារមួយ នៅភ្នំពេញនាពេលកន្លងមក។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ខណៈកម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសមានចំនួនថ្ងៃឈប់សម្រាកច្រើនជាងគេលើពិភពលោក ផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយថ្ងៃឈប់សម្រាករហូតដល់ ៧ ថ្ងៃ ត្រូវបានស្វាគមន៍ដោយវិស័យឯកជន។
កម្ពុជាទើបតែបានបន្ថែម «ទិវាចងចាំ ២០ ឧសភា» កាលពីឆ្នាំមុន ជាថ្ងៃឈប់សម្រាកជាតិ ដែលធ្វើឲ្យថ្ងៃឈប់សម្រាកសរុបរបស់ប្រទេសនេះកើនឡើងដល់ ២៨ ថ្ងៃ។
ខណៈកម្ពុជាមានសក្ដានុពលសម្រាប់ការងារប្រើប្រាស់កម្លាំងពលកម្មច្រើន ការកាត់បន្ថយថ្ងៃឈប់សម្រាក ជាការដើរតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ផលិតភាព និងជួយបន្ទាបការចំណាយលើការផលិត។ នេះបើតាមលោក អៀង ម៉ុង នាយកគ្រប់គ្រងក្រុមហ៊ុនផលិតនំស្រួយ លីលី។
លោកថ្លែងថា៖ «នេះគឺជាអ្វីដែលយើងចង់បាន និងមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ពួកយើង ក្នុងការបង្កើនផលិតភាពរបស់យើង»។ លោកបន្តថា៖ «យើងជាក្រុមហ៊ុនផលិត ការកាត់បន្ថយថ្ងៃឈប់សម្រាក នឹងជួយ បង្កើនផលិតភាពរបស់យើង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ព្រមទាំងបន្ថែមតម្លៃកាន់តែច្រើនលើការផលិត»។
លោកឲ្យដឹងថា ថ្ងៃឈប់សម្រាកសាធារណៈកាន់តែច្រើន នឹងបន្ថែមការចំណាយលើការផលិត ដែលជាបញ្ហាប្រឈមសម្រាប់សមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។
លោកបញ្ជាក់ថា៖ «បរិមាណការផលិតមានតិច ការចំណាយដែលយើងប្រឈមកាន់តែខ្ពស់ បន្ទាប់មកយើងត្រូវការចំណាយបន្ថែមលើតម្លៃសម្រាប់កម្មករ នៅថ្ងៃឈប់សម្រាក ដើម្បីបង្កើនល្បឿនការផលិត ដែលវាជាការចំណាយផ្សេងមួយទៀត»។ លោកបន្ថែមថា ប៉ុន្តែវានឹងមិនសប្បាយចិត្តសម្រាប់កម្មករនោះទេ។
លោកលើកឡើងថា៖ «យើងមានថ្ងៃឈប់សម្រាកសាធារណៈច្រើន រដ្ឋាភិបាលគួរតែកាត់បន្ថយថ្ងៃខ្លះ ដែលវាមិនចាំបាច់»។ លោកបន្តថា៖ «វានឹងផ្ដល់អត្ថប្រយោជន៍សម្រាប់គ្រប់វិស័យទាំងអស់ ប៉ុន្តែបុគ្គលិក ឬកម្មករនឹងមិនសប្បាយចិត្តនោះទេ»។
ភ្នំពេញប៉ុស្ដិ៍ បានរាយការណ៍កាលពីមុន ថា ប្រព័ន្ធព័ត៌មានរបស់ឥណ្ឌា រាយការណ៍ពីឆ្នាំ ២០១៥ ដែលបញ្ជាក់ថា ប្រទេសនេះមានថ្ងៃឈប់សម្រាកសាធារណៈច្រើនបំផុតចំនួន ២១ ថ្ងៃ ខណៈសេចក្ដីរាយការណ៍ផ្សេងទៀត បង្ហាញថា ប្រទេស ស្រីលង្កា មានថ្ងៃឈប់ ២៥ ថ្ងៃ។
ជាមធ្យមថ្ងៃឈប់សម្រាកសម្រាប់ប្រទេស G20 ដែលមានទំហំពាណិជ្ជកម្ម ៨០ ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់ពិភពលោក គឺមាន ១២ ថ្ងៃ។ ប្រទេសជិតខាងរបស់កម្ពុជា ប្រទេស ថៃ មានថ្ងៃឈប់សម្រាក ២០ ថ្ងៃក្នុង ១ ឆ្នាំ ខណៈវៀតណាមមាន ១២ ថ្ងៃ និងឡាវមាន ១០ ថ្ងៃ។
លោកស្រី ឆៃ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងថា ខណៈឧស្សាហកម្មរបស់កម្ពុជា បានប្រឈមនឹងសមត្ថភាពប្រកួតប្រជែង និងការចំណាយខ្ពស់លើការផលិតរួចទៅហើយនោះ ថ្ងៃឈប់សម្រាកកាន់តែច្រើន មិនមែនជាសញ្ញាដ៏ល្អសម្រាប់កំណើនសេដ្ឋកិច្ចនោះទេ។
លោកស្រីថ្លែងថា៖ «បើប្រៀបធៀបនឹងប្រទេស វៀតណាម និងថៃ ដែលសមត្ថភាពប្រកួតប្រជែងជិតខាង ខាងពាណិជ្ជកម្ម យើងនៅតែមានថ្ងៃឈប់សម្រាកច្រើន តើយើងអាចបង្កើនផលិតភាពរបស់យើងដើម្បីប្រកួតប្រជែងជាមួយពួកគេម្ដេចបាន? វាជាបញ្ហាប្រឈមក្នុងការទាក់ទាញវិនិយោគិនផងដែរ»។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់របស់ Emerging Markets Consulting បានឲ្យដឹងថា ការកាត់បន្ថយចំនួនថ្ងៃឈប់សម្រាក គឺជាអ្វីដែលក្រុមវិនិយោគិនចង់បានយូរមកហើយ។លោកថ្លែងថា៖ «វិស័យឯកជនតែងតែស្នើសុំគោលនយោបាយពីរដ្ឋាភិបាល ដើម្បីជួយកាត់បន្ថយការចំណាយលើការផលិត»។
លោកបានបន្តថា៖ «យើងគឺជាប្រទេសប្រើប្រាស់កម្លាំងពលកម្មច្រើន ដែលជាសក្ដានុពលក្នុងការបង្កើនផលិតភាពទ្រង់ទ្រាយធំ ដូច្នេះការកាត់បន្ថយថ្ងៃឈប់សម្រាក នឹងជួយបង្កើនចង្វាក់ផលិត វាមានសារៈសំខាន់ក្នុងការកាត់បន្ថយការចំណាយលើការផលិត និងការរកប្រាក់កាន់តែច្រើនសម្រាប់ប្រទេសនេះ»។
លោក ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងថា រដ្ឋាភិបាលនឹងចេញអនុក្រឹត្យស្តីពីការកាត់បន្ថយថ្ងៃឈប់សម្រាកចំនួន ៧ ថ្ងៃ ដែលនឹងត្រូវចេញនៅចុងខែនេះ ជាអ្វីដែលលោកអះអាងថា ដើម្បីបង្កើនផលិតភាព និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។ នេះបើតាមកាសែតបាងកកប៉ុស្ដិ៍។
ប៉ុន្តែលោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងនេះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា សំណើនេះ ជាតួនាទីរបស់គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ក្នុងការសម្រេចចិត្ត។ លោកថ្លែងថា៖ «ខ្ញុំមិនបានឃើញសំណើថ្មីណាមួយដោយក្រសួងឧស្សាហកម្ម សិប្បកម្ម ស្ដីពីថ្ងៃឈប់សម្រាក នេះទេ»។
លោកបន្ថែមថា ជាធម្មតាគណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិទទួលបន្ទុកធ្វើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីថ្ងៃឈប់សម្រាកនេះ មិនមែនធ្វើឡើងដោយ ក្រសួង ឧស្សាហកម្មនោះទេ៕LA