The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វិស័យ​ឯកជនៈ គម្រោង​នាំ​អង្ករ​ទៅ​ឥណ្ឌូនេស៊ី ​អាច​ជោគជ័យ

វិស័យ​ឯកជនៈ គម្រោង​នាំ​អង្ករ​ទៅ​ឥណ្ឌូនេស៊ី ​អាច​ជោគជ័យ

Content image - Phnom Penh Post
អាជីវករ​កំពុង​លក់​អង្ករ​នៅ​ផ្សារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​នាពេល​កន្លង​មក។ ភ្នំពេញ ប៉ុសិ៍្ត

វិស័យ​ឯកជនៈ គម្រោង​នាំ​អង្ករ​ទៅ​ឥណ្ឌូនេស៊ី ​អាច​ជោគជ័យ

ភ្នំពេញៈ ក្រុមហ៊ុន​នាំចេញ​អង្ករ​​កម្ពុជា​រំពឹង​ថា ការ​ផ្តោត​របស់​កម្ពុជា​ទៅ​លើ​ការ​នាំចេញ​អង្ករ​ក្រអូប​ទៅ​ប្រទេស ​ឥណ្ឌូនេស៊ី ​អាច​ទទួល​បាន​ជោគជ័យ ខណៈ​ប្រទេស​ទាំង ​២ ​បរាជ័យ​លើ​កិច្ច​ព្រមព្រៀង​អង្ករ​ជា​ច្រើន​លើក​មក​ហើយ។

កម្ពុជា​ធ្លាប់​បាន​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​នាំចេញ​អង្ករ ​១០០ ០០០ ​តោន​​ទៅ​​ប្រទេស ​ឥណ្ឌូនេស៊ី ​ក្នុង ​១ ​ឆ្នាំ ​កាល​ពី​ឆ្នាំ ​២០១២ ​ប៉ុន្តែ​កិច្ច​ព្រមព្រៀង​នេះ​មិន​បាន​កើត​ឡើង​នោះ​ទេ។ នៅ​ឆ្នាំ ​២០១៦ ប្រទេស កម្ពុជា​ និង​​ឥណ្ឌូនេស៊ី ​ក៏​គ្រោង​នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ពាណិជ្ជកម្ម​អង្ករ​ដែរ ប៉ុន្តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​នាំចេញ​អង្ករ​ទៅ​ឥណ្ឌូនេស៊ី​នៅ​ឡើយ​ទេ។

រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ ប៉ាន សូរស័ក្តិ ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ​ ​២០១៩ នៅ​ខេត្ត​សៀមរាប កាល​ពី​សប្តាហ៍​មុន​បាន​ថ្លែង​​​​ថា កម្ពុជា​មាន​បំណង​នាំ​អង្ករ​ក្រអូប ​«ផ្កា​ម្លិះ​អង្គរ» ទៅ​កាន់​ឥណ្ឌូនេស៊ី ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពង្រឹង​កិច្ច​សហការ​ជាមួយ​គ្នា។

បើ​តាម​លោក​ សូរស័ក្តិ ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា​ឥណ្ឌូនេស៊ី កាល​ពី​ឆ្នាំ ​២០១៨ សម្រេច​បាន​ប្រាក់​ជាង ​៥៥៨ ​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​នាំចូល ៥២៥,៦ ​លាន​ដុល្លារ និង​នាំចេញ ៣៣ ​លាន​ដុល្លារ។

លោក កាន់ គន្ធី អគ្គ​នាយក​រង​​នៃ​ក្រុមហ៊ុន​នាំចេញ​អង្ករ Amru Rice (Cambodia) Co., Ltd បាន​ឲ្យ​ដឹង​ថា​ទោះ​បី​​កម្ពុជា ​និង​ឥណ្ឌូនេស៊ី មាន​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ​ក៏​ដោយ ក៏​ការ​នាំ​អង្ករ​ទៅ​ឥណ្ឌូនេស៊ី​​ពេល​កន្លង​មក​មិន​ទទួល​បាន​ជោគជ័យ​ទេ ព្រោះ​ពិបាក​ប្រកួត​ប្រជែង​តម្លៃ​ជាមួយ​ប្រទេស​ផ្សេង​ទៀត​។

លោក​ថ្លែង​​ថា៖ ​«យើង​មាន MoU ជាមួយ​គ្នា ប៉ុន្តែ​កន្លង​មក​ការ​នាំចេញ​ត្រូវ​ជួប​បញ្ហា​ដោយសារ​តម្លៃ»។

លោក​បន្ត​ថា ឥណ្ឌូនេស៊ី​ជា​ប្រទេស​ធំ ប្រជាជន​ច្រើន ដូច្នេះ​​បើ​អាច​​ទទួល​បាន​ចំណែក​ទីផ្សារ​ពី​ប្រទេស ​ឥណ្ឌូនេស៊ី​ គឺ​ជា​ការ​ប្រសើរ​។ លោក​ថ្លែង​ថា៖​ «​ដោយសារ​កម្ពុជា​មាន​សក្តានុពល​ខ្ពស់​លើ​អង្ករ​ក្រអូប ​ដូច្នេះ​បើ​យើង​ងាក​ទៅ​ផ្តោត​លើ​ការ​នាំចេញ​អង្ករ​ប្រភេទ​នេះ​ទៅ​ឥណ្ឌូនេស៊ី ខ្ញុំ​គិត​ថា​យើង​នឹង​អាច​សម្រេច​បាន​ទៅ​តាម​កិច្ច​ព្រមព្រៀង​កន្លង​​មក»​។

កាល​ពី ​២-៣ ​ឆ្នាំ​មុន កម្ពុជា​ធ្លាប់​បាន​នាំចេញ​ប្រភេទ​អង្ករ​ធម្មតា ​(អង្ករ​ស) ​ទៅ​ប្រទេស ​ឥណ្ឌូនេស៊ី ​​បាន​ប្រមាណ ​១ ម៉ឺន​តោន​ប៉ុណ្ណោះ ដោយសារ​តែ​មិន​អាច​ប្រកួត​ប្រជែង​តម្លៃ​ជាមួយ​ប្រទេស​ជិត​ខាង​បាន។​

មាន​តែ​កម្ពុជា​ និង​ថៃ​ប៉ុណ្ណោះ ដែល​ផលិត​អង្ករ​ក្រអូប មាន​គុណភាព​ខ្ពស់។ បច្ចុប្បន្ន​អង្ករ​ក្រអូប​កម្ពុជា ​មាន​តម្លៃ​​ប្រមាណ​ ​៩០០ ​ដុល្លារ​ទៅ​​ ​១ ០០០ ​ដុល្លារ ​​ក្នុង ​១ ​តោន ទាប​ជាង​អង្ករ​ថៃ​ប្រមាណ ​១០ ​ភាគរយ។ ​នេះ​បើ​តាម​លោក កាន់ គន្ធី។​

លោក លឹម ហេង អនុ​ប្រធាន​​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​​ដឹង​ថា នេះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​អាច​សម្រេច​បាន​ការ​​​នាំចេញ ​១ លាន​តោន។​ លោក​ថ្លែង​​ថា៖​ «​នេះ​ជា​ការ​ជំរុញ​ការ​នាំចេញ​បន្ថែម​ពី​លើ​ទីផ្សារ​អង្ករ​ប្រទេស​ ​ចិន​ ដែល​បាន​ផ្តល់​មក​ឲ្យ​កម្ពុជា​ចំនួន​ ​៤០ ​ម៉ឺន​តោន​ ​ក្នុង ​​១ ​ឆ្នាំ​»​។

លោក​មាន​សុទិដ្ឋិនិយម​ថា ការ​នាំចេញ​អង្ករ​​របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ​២០១៩ នេះ​នឹង​មិន​ធ្លាក់​ចុះ​​ទេ​ បើ​ទោះ​បី​ជា​ការ​​​នាំចេញ​អង្ករ​​ទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ត្រូវ​បាន​កំណត់​ឲ្យ​បង់​ពន្ធ​ក៏​ដោយ។

ក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០១៩ ការ​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ​មាន​បរិមាណ​ ​២៨១ ៥៣៨ ​តោន ​កើន​​​ឡើង ​៣,៧ ​ភាគរយ ​​ធៀប​នឹង​រយៈពេល​ដូច​គ្នា​​ឆ្នាំ ​២០១៨។​

គិត​ត្រឹម​ខែ​មេសា​ឆ្នាំ​ ២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី​ សម្រេច​បាន​ជាង ១៩៦ ​លាន​ដុល្លារ កើន​ឡើង ១០,៤៨ ​ភាគរយ​ បើ​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០១៨។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម៕ LA

អត្ថបទគួរចាប់អារម្មណ៍