ភ្នំពេញ: វិស័យ​ឯកជន និង​ស្ថាប័នរដ្ឋ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ជួបពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា​ពី​ការវិវឌ្ឍ​នៃ​ឌីជីថល​ក្នុង​វិស័យ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

សន្និសីទ​ឆ្នាំ​ ២០១៩ ស្តីពី​ការវិវឌ្ឍ​នៃ​ឌីជីថល​ក្នុង​វិស័យ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ មាន​ការចូលរួម​ពី​អ្នកជំនាញ​ជាង​ ១០០ ​នាក់​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ​ក្នុង​នោះ​ខាង​រដ្ឋាភិបាល​មាន​ការចូលរួម​ពី​លោក ចម​ ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម និង​មន្ត្រី​តំណាង​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

សន្និសីទ​នេះ​រៀបចំ​ដោយ​ Kepstar Data Centre Management Co. Ltd ជា​ក្រុមហ៊ុន​សាងសង់ និង​ដំណើរការ​មជ្ឈមណ្ឌល​ទិន្នន័យ​មួយ​នៅ​កម្ពុជា​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ប្រៃសណីយ៍​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​។

លោក Sigfried Ching នាយក​គ្រប់គ្រង​ក្រុមហ៊ុន Price water house Coopers Singapore ឲ្យ​ដឹងថា ព្រឹត្តិការណ៍​នេះ​បាន​ផ្តោត​សំខាន់​ទៅលើ​ការគ្រប់គ្រង​និរន្តរភាព​អាជីវកម្ម​តាមរយៈ​បច្ចេកវិទ្យា​។ លោក​ថ្លែងថា​៖ «​អង្គភាព​នានា​នៅ​កម្ពុជា​មាន​លក្ខណៈ​កាន់តែ​រីក​ធំ​ទៅៗ និង​ភាពស្មុគស្មាញ​កាន់តែ​កើនឡើង​ដែល​ទាមទារ​ឲ្យ​មាន​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ដើម្បី​កាត់បន្ថយ​ការ​គំរាមកំហែង​ដល់​ប្រតិបត្តិការ​»​។

លោក Vivek Gullapalli អ្នកជំនាញ​មកពី​សិង្ហបុរី​បាន​ឲ្យ​ដឹងថា ការខាតបង់​បង្កឡើង​ដោយ​បទឧក្រិដ្ឋ​តាម​ប្រព័ន្ធ​​អ៊ីនធឺណិត​អាច​នឹងមាន​តម្លៃ ៦ ​ពាន់​ពាន់​លាន​ដុល្លារ​​ ត្រឹម​​ឆ្នាំ​ ២០២១ ប្រសិន​មិនមាន​ប្រព័ន្ធ​បច្ចេកវិទ្យា​សុវត្ថិភាព​មួយ​នោះទេ​៕LA