ភ្នំពេញៈ ខណៈ​អាជ្ញាធរ​បាន​ដាក់​​វិធានការ​រឹត​បន្តឹង​ត្រួត​ពិនិត្យ​​លក្ខណៈ​បច្ចេកទេស​យានយន្ត​ដឹក​ទំនិញ​​ចេញ​ចូល​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ​និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ អ្នក​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​បា​ន​​​ឲ្យ​ដឹង​ថា ​​វិធានការ​នេះ​នឹង​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ ​ពិសេស​ក្នុង​វិស័យ​វាយនភណ្ឌ។​

លោក​ ស៊ិន ​ចន្ធី ​ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា ​វិធានការ​របស់​​ក្រសួង​នឹង​ធ្វើ​ឲ្យ​ការ​បញ្ជូន​ទំនិញ​ទៅ​ឲ្យ​អ្នក​បញ្ជា​ទិញ​មិន​ទាន់​ពេល​វេលា​។​ លោក​ថ្លែង​ថា​៖ «ខ្ញុំ​កំពុង​ជជែក​ជាមួយ​វិស័យ​កាត់ដេរ​ពី​បញ្ហា​ស្ទះ​ឥឡូវ​នេះ ​រយៈពេល ​១៥ ​ថ្ងៃ​ហើយ​ បើ​ពន្យារពេល​ដល់ ​២ ​អាទិត្យ​ទៀត ​ចាល់​ទំនិញ​នឹង​មាន​ការ​ប៉ះពាល់​អ្នក​បញ្ជា​ទិញ​ឈប់​កុម៉្មង់​ទំនិញ​វិញ ព្រោះ​វា​ហួស​ពេលវេលា»​។

លោក ​ស៊ិន ​ចន្ធី ​បាន​ឲ្យ​ដឹង​ថា ​ប្រសិន​បើ​ការ​បញ្ជូន​ទំនិញ​តាម​កប៉ាល់​មាន​ភាព​យឺតយ៉ាវ​ ក្រុមហ៊ុន​មាន​តែ​បង្ខំ​ចិត្ត​បញ្ជូន​តាម​ផ្លូវ​អាកាស​ដែល​ត្រូវ​ចំណាយ​ខ្ពស់​។​ ​លោក​ថ្លែង​ថា៖​ «ការ​ដឹក​តាម​កប៉ាល់ ​និង​យន្តហោះ​វា​មាន​តម្លៃ​ខុស​គ្នា​ច្រើន​ណាស់​ប្រហែល ​១០ ​ទៅ ​២០ ​ដង​។​ [បើ] ដឹក​តាម​កប៉ាល់​ថ្លៃ ៥ ០០០ ​ដុល្លារ​ ១ កុងតឺន័រ​ទៅ​​អាមេរិក ឬ​អឺរ៉ុប ការ​ដឹក​តាម​ជើង​យន្តហោះ​នឹង​មាន​រហូត​ប្រមាណ​ពី​ ១៥ ​០០០ ​ដុល្លារ​ ទៅ ​២០​ ០០០ ​ដុល្លារ»​។

ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​ជា​ក្តី​បារម្ភ​របស់​វិស័យ​ឯកជន ​លោក ​ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​បាន​ចេញ​វិធានការ​ចំនួន ​៣ ​ដើម្បី​សម្រួល​​បញ្ហា​កកស្ទះ​រថយន្ត​ដឹក​ទំនិញ​។ ​ទី១ ​បង្រៀន​អ្នក​បើកបរ​មិន​ទាន់​មាន​បណ្ណ​ប្រមាណ ​៧០ ​នាក់ ​ដោយ​ឥគ​​គិត​ថ្លៃ ​ទី២ ​ដាក់​រថយន្ត​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ចល័ត​ចំនួន ​២ គ្រឿង ​នៅ​ក្បែរ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ​និង​ ទី៣ ​បន្ថែម​ម៉ោង​ធ្វើការ​រហូត​​ដល់​ម៉ោង ​១០ ​យប់ ​នៅ​កន្លែង​​ត្រួត​ពិនិត្យ​បច្ចេកទេស​រថយន្ត​ទាំង ​៥ ​ទីតាំង​ នៅ​​រាជធានី​ភ្នំពេញ​។

លោក​​ ​ស៊ិន ​ចន្ធី ​បាន​​បញ្ជាក់​​ឲ្យ​ដឹង​ថា ​ក្រោយ​ពី​មាន​វិធានការ​​​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ​សមាគម​លោក​នឹង​ជំរុញ​ឲ្យ​​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ណែនំា​ដល់​​អ្នក​បើកបរ​ឲ្យ​​គោរព​ច្បាប់​ចរាចរណ៍​។

ទោះ​បី​យ៉ាង​នេះ​ក្តី​លោក​បាន​​ស្នើ​ឲ្យ​ក្រសួង​ផ្អាក​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ និង​បណ្ណ​បើកបរ​រថយន្ត​​ជា​បណ្តោះអាសន្ន​សិន ​ឬ​ត្រួត​​ពិនិត្យ​ជា​ជំហានៗ​។

​លោក ​វ៉ាស៊ីម​ សូរិយា ​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​ ​និង​ដឹក​ជញ្ជូន ​សុំ​មិន​បក​ស្រាយ​​ចំពោះ​សំណើ​របស់​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​។ ​ប៉ុន្តែ​លោក​បញ្ជាក់​ថា ​គ្រប់​ភាគី​ទាំង​អស់​នឹង​រួមគ្នា​ដោះ​ស្រាយ​។ ​លោក​បាន​​ថ្លែង​ថា៖ «យើង​ត្រូវ​រួម​គ្នា​​ដោះស្រាយ​ ​វា​ជា​ការ​អនុវត្ត​ច្បាប់​​»។

លោក​ គង់ ​សុវណ្ណ ​ទីប្រឹក្សា​សុវត្ថិភាព​ចរាចរណ៍ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា វា​ត្រូវ​ដល់​ពេល​ហើយ​ដែល​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំង​អស់​ត្រូវ​​​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​ស្រប​ទៅ​តាម​ការ​អនុវត្ត​ច្បាប់​របស់​​រដ្ឋាភិបាល​។ ​

លោក​​ថ្លែង​ថា៖ «ការ​ស្នើសុំ​របស់​សមាគម​​ពន្យារពេល​​នៅ​ពេល​នេះ​មិន​មែន​​​ជា​លើក​ទី១ ​ទេ ​ហើយ តើ​ពេល​ណា​ជា​ពេល​ស័ក្តិសម ​ដែល​​ម្ចាស់​អាជីវកម្ម​ ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំង​នោះ​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​គោរព​ច្បាប់ ​​យើង​រក​ស៊ី ធ្វើ​ជំនួញ​ក៏​មិន​ត្រូវ​ឲ្យ​​ប៉ះពាល់​ជីវិត​អ្នក​ដទៃ​ដែរ​»។

លោក​ សុវណ្ណ ​បន្ថែម​ថា​ ម្ចាស់​អាជីវកម្ម ​និង​ក្រុមហ៊ុន​ដឹក​​ជញ្ជូន​ទាំង​អស់​ត្រូវ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដល់​បុគ្គលិក​របស់​ខ្លួន​​។

កម្ពុជា​បាន​និង​កំពុង​ប្រឈម​នឹង​​បញ្ហា​ប្រកួត​ប្រជែង​រួច​ហើយ​​ដោយសារ​ថ្លៃ​ផលិត និង​ការ​​ដឹក​ជញ្ជូន​ខ្ពស់​ បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់។

អាជ្ញាធរ​ បាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ​និង​បណ្ណ​បើកបរ​រថយន្ត​ចំនួន​ ១ ៩៥៤​ គ្រឿង ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​រយៈពេល ១៥ ថ្ងៃ​គិត​ត្រឹម​ថ្ងៃទី ​៣០ មិថុនា ឆ្នាំ ២០១៩​។ ក្នុង​នោះ​អាជ្ញាធរ​រក​ឃើញ​រថយន្ត​ចំនួន ​២២៤​ គ្រឿង​ល្មើស​លិខិត​ស្នាម​ និង​លក្ខណៈ​បច្ចេកទេស។

ការ​នាំចេញ​សំខាន់​បំផុត​របស់​កម្ពុជា ​គឺ​នៅ​ក្នុង​វិស័យ​វាយនភណ្ឌ និង​ផលិតផល​កសិកម្ម​ ដែល​ជា​ក្បាល​ម៉ាស៊ីន​​​នៃ​កំណើន​សេដ្ឋកិច្ច​។

កាល​ពី​ឆ្នាំ ​២០១៨ ប្រទេស ​កម្ពុជា ​​បាន​នាំចេញ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​មាន​តម្លៃ​សរុប ​១០ ​ពាន់​លាន​ដុល្លារ កើន​ឡើង ​២៤ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ ​២០១៧។ ​នេះបើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ ​២០១៨​ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​៕LA