បាត់ដំបងៈ ខណៈរដូវប្រមូលផលពោតបានផ្តើម កសិករនៅតំបន់ភាគពាយព្យប្រទេសកំពុងប្រឈមនឹងការធ្លាក់ចុះតម្លៃដែលទីផ្សារនេះបានពឹងផ្អែកភាគច្រើនលើប្រទេសជិតខាង។
មុនរដូវប្រមូលផលចូលមកដល់ តម្លៃពោតដែលកសិករលក់ចេញគឺ ៦៣០ រៀលក្នុង ១ គីឡូក្រាម ប៉ុន្តែនៅពេលរដូវប្រមូលផលចាប់ផ្តើមតម្លៃបានធ្លាក់ចុះ។ តម្លៃបានធ្លាក់ចុះមកនៅ ៤៦០ រៀលក្នុង ១ គីឡូក្រាមពីចុងសប្តាហ៍មុន។
ការធ្លាក់ចុះនេះត្រូវបានអ្នកនៅក្នុងឧស្សាហកម្មនេះឲ្យដឹងថាដោយសាររដូវប្រមូលផលធ្វើឲ្យបរិមាណពោតកើនលើសតម្រូវការស្របពេលដែលសមត្ថភាពឈ្មួញក្នុងស្រុកក្នុងការទិញស្តុកទុកនៅមានកម្រិត។ ទោះបីយ៉ាងនេះក្តី គិតមកដល់ថ្ងៃម្សិលមិញតម្លៃបានកើនឡើងបន្តិចវិញដល់ ៤៩០ រៀលក្នុង ១ គីឡូក្រាម។ ការកើនឡើងបន្តិចបន្តួចនេះគឺបន្ទាប់ពីមានការអន្តរាគមន៍ពីភាគីពាក់ព័ន្ធកាលពីសប្តាហ៍មុន។
លោក ភូ ពុយ ប្រធាន សភាពាណិជ្ជកម្ម ខេត្តបាត់ដំបង និង ជាប្រធានក្រុមហ៊ុនបៃតងកាលពីថ្ងៃម្សិលមិញបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដើម្បីជួយទប់ស្កាត់ការធ្លាក់ចុះតម្លៃពោតក្រហមចាប់ពីខែកញ្ញាខាងមុខនេះទៅក្រុមហ៊ុនលោកនឹងរៀបចំបង្កើតឲ្យមានសហគមន៍អ្នកដាំពោតក្រហមនៅតាមបណ្តាស្រុកដែលមានប្រជាកសិករដាំពោតក្រហម។ គម្រោងបង្កើតសហគមន៍នេះនឹងជួយធ្វើឲ្យតម្លៃពោតមានស្ថិរភាពល្អ ព្រមទាំងមានការសាងសង់ជាឡសម្ងួត និងឃ្លាំងស្តុកជាដើម។
លោកថ្លែងថា៖ «យើងដឹងហើយថានៅពេលប្រមូលផលម្តងៗប្រជាកសិករតែងជួបប្រទះបញ្ហាទីផ្សារលក់ចេញ ដូច្នេះទើបយើងគ្រោងរៀបចំបង្កើតជាសហគមន៍ និងផ្សារសម្រាប់ពួកគាត់។ តាមរយៈនេះយើងនឹងអាចជួយធ្វើការពង្រឹងទៅលើគុណភាព និងធានាតម្លៃរបស់ពួកគាត់បានផងដែរ»។
តាមលោក ភូ ពុយ ខេត្តបាត់ដំបងជាតំបន់ដាំដុះពោតក្រហមច្រើនជាងគេ ដែលទទួលបានបរិមាណផលសរុបប្រមាណ ៩០ ម៉ឺនតោនក្នុង ១ ឆ្នាំ។
ក្នុងនាមជាប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តបាត់ដំបងលោក ភូ ពុយ បានឲ្យដឹងថា ក្រុមហ៊ុនលោក និងអាជ្ញាធរខេត្តបានសម្រេចថានឹងចូលរួមជួយអន្តរាគមន៍ដោយមិនឲ្យថ្លៃធ្លាក់ចុះក្រោម ៤០០ រៀលក្នុង ១ គីឡូក្រាមឡើយ។
លោកថ្លែងថា៖ «ការកំណត់តម្លៃសម្រាប់ដំណាំពោតក្រហមនាពេលនេះគឺជួយកុំឲ្យមានឈ្មួញមកទិញពោតទម្លាក់តម្លៃក្រោមនេះ។ ការកំណត់តម្លៃច្បាស់លាស់នេះគឺនៅពេលអាជីវករណាមិនមានលទ្ធភាពទិញគឺគាត់អាចខ្ចីលុយពីយើង [ក្រុមហ៊ុនប៉ៃតង] បានផងដែរ»។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបាននិយាយថា ទិន្នផលពោតក្រហមដែលប្រមូលបានក្នុងខេត្តប្រហែល ៧០ ភាគរយត្រូវបាននាំចេញទៅប្រទេសថៃ ខណៈប្រហែល ៣០ ភាគរយទៀតត្រូវបានទិញដោយក្រុមហ៊ុនផលិតចំណីសត្វ CP នៅក្នុងស្រុក។ ការពឹងផ្អែកទៅលើការនាំចេញទៅប្រទេសថៃតែមួយបានធ្វើឲ្យកសិករជួបបញ្ហាជាច្រើនទាក់ទងនឹងតម្លៃ។
លោកបន្តថា៖ «បន្ទាប់ពីមានការខិតខំពីអ្នកពាក់ព័ន្ធតម្លៃពោតក្រហមថ្ងៃនេះ (ម្សិលមិញ) ឡើងដល់ ៤៩០ រៀល»។
តាមលោក គឹម ហួត រហូតមកដល់ពេលនេះការប្រមូលផលពោតក្រហមនៅក្នុងខេត្តបាត់ដំបងសម្រេចបានជាង ៣០ ភាគរយហើយ។
មិនមានទិន្នន័យផ្លូវការនៃការនាំចេញពោតទៅកាន់ប្រទេសថៃទេ ប៉ុន្តែតាមការប៉ាន់ប្រមាណលោក គឹម ហួត អះអាងថានៅខេត្តជាប់ព្រំដែន ការនាំចេញពោតពីកម្ពុជាទៅថៃមានប្រមាណ ៥ ០០០ តោនក្នុង ១ ថ្ងៃ។
លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម ខេត្តបាត់ដំបងឲ្យដឹងថា ខេត្តបាត់ដំបងមានផ្ទៃដីដាំពោតក្រហមជាង ៧៦- ០០០ ហិកតាដោយផ្តល់ទិន្នផលមធ្យម ៦ តោនក្នុង ១ ហិកតា។
ដំណាំពោតត្រូវបានគេដាំដុះ ២ ដងក្នុង ១ ឆ្នាំដោយចាប់ផ្តើមប្រមូលផលក្នុងអំឡុងខែ កក្កដា-សីហា និង ពីខែវិច្ឆិកា ដល់ ខែកុម្ភៈ។ លោកថ្លែងថា៖ «ដំណាំពោតក្រហមត្រូវបានដាំនៅតាមស្រុកមានព្រំដែនជាប់ជាមួយប្រទេសថៃ ហើយថៃជាទីផ្សារនាំចេញសំខាន់តែមួយគត់របស់កម្ពុជា»៕LA