ភ្នំពេញៈ ប្រតិបត្តិករ​អាជីវកម្ម​ក្នុង​វិស័យ​ឯកជន​បាន​ស្វាគមន៍​ចំណាត់ការ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដែល​ទើប​ចេញ​សារាចរ​ណែនាំ​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​ឲ្យ​រៀបចំ «​ឥណទាន​ឡើងវិញ​» ​ដែល​គេ​ជឿថា គឺជា​ផ្នែក​មួយ​នឹង​ជួយ​សម្រាល​បន្ទុក​ទៅដល់​អ្នក​ខ្ចីប្រាក់​ដែល​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ ឬ​បាត់បង់​ប្រាក់ចំណូល​នា​អំឡុង​ពេលនេះ​។

ធនាគារជាតិ​នៃ​កម្ពុជា (NBC) កាលពី​ថ្ងៃទី​ ២៧ ខែ មីនា ឆ្នាំ​ ២០២០ បានចេញ​នូវ​សារាចរ​ណែនាំ​មួយ​ដល់​ស្ថាប័នហិរញ្ញវត្ថុ​ស្តីពី​ «​ឥណទាន​រៀបចំ​ឡើងវិញ​» ដែលជា​ចំណាត់ការ​ត្រូវបាន​គេ​ទន្ទឹងរង់ចាំ​មើល​យ៉ាង​អន្ទះសា​ក្រោយ​វិបត្តិ​វីរុស​កូរ៉ូណា​ដែល​ប្រតិបត្តិករ​អាជីវកម្ម​យល់ថា «​នឹង​រួមចំណែក​បន្ថយ​បន្ទុក​» ក្នុង​កាលៈទេសៈ​ដ៏លំបាក​នេះ​។

NBC បានស្នើ​ឲ្យ​រៀបចំ​ឥណទាន​ឡើងវិញ​ដោយ​ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន​ ៤ រួមមាន វិស័យ​ទេសចរណ៍ (​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ដោយ​រាប់បញ្ចូល​ទាំង​ចំណី​អាហារ ភេសជ្ជ និង​សេវាកម្ម​គាំទ្រ​ផ្សេងៗ​) វិស័យ​កាត់ដេរ (​រាប់បញ្ចូល​ទាំង​និយោជិត​) វិស័យ​សំណង់​ (​ចំពោះតែ​ឥណទាន​សាងសង់​ផ្ទះ​/​ហាង​ដំបូង និង​ឥណទាន​ទិញ​ផ្ទះ​ដំបូង​) និង​វិស័យ​ដឹកជញ្ជូន (​ជាពិសេស​អ្នកបើកបរ​តាក់ស៊ី និង​រ៉ឺម៉ក​កង់​ ៣) និង​ឡូជីស្ទិក​។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ខណៈ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​កំពុង​ជាប់គាំង​ខ្លាំង​ដែល​ធ្វើឲ្យ​លំហូរ​សាច់ប្រាក់​អ្នក​នៅក្នុង​វិស័យនេះ​ត្រូវ​ជួប​បញ្ហា​គ្រប់គ្នា​នោះ សារាចរ​របស់​ធនាគារ​ជាតិ​នឹង​ក្លាយជា​ដំណោះស្រាយ​ដ៏សំខាន់​មួយរយៈ​សម្រាប់​ពួកគេ​។

អ្នកស្រី​បន្តថា ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍​ស្ទើរ​ទាំងអស់​បាត់​ចំណូល​ទាំងស្រុង និង​មាន​មួយចំនួន​ចាប់ផ្តើម​បិទទ្វារ​អាជីវកម្ម ព្រោះ​មិនមាន​ថវិកា​ទ្រទ្រង់​ប្រតិបត្តិការ​។

អ្នកស្រី​ថ្លែងថា​៖ «​សារាចរ​ណែនាំ​ស្តីពី​ «​ឥណទាន​រៀបចំ​ឡើងវិញ​» នឹងចូលរួម​ចំណែក​ច្រើន​ដល់​វិស័យ​ទេសចរណ៍​តាមរយៈ​ការរក្សា​និរន្តរភាព​វិស័យ​សេវាកម្ម​ទេសចរណ៍ ក៏ដូចជា​ជួយ​ដោះស្រាយ​ដល់​អ្នកបម្រើ​ការងារ​ក្នុង​វិស័យនេះ​ឲ្យ​មាន​លទ្ធភាព​ក្នុង​ការទូទាត់​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​រហូត​ដល់​អ្វីៗ​មាន​ភាពល្អ​ប្រសើរឡើង​វិញ​»​។

ទិន្នន័យ​ពី​ក្រសួងទេសចរណ៍​បង្ហាញ​ថា នៅក្នុង​ឆ្នាំ​ ២០១៩ កម្ពុជា​ទទួលបាន​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ ៤,៩១ ​លាន​ដុល្លារ និង​វិស័យ​ទេសចរណ៍​ក្នុងស្រុក​មានតម្លៃ​ប្រមាណ ៥០០ ​លាន​ដុល្លារ ប៉ុន្តែ​អាជីវកម្ម​នេះ​រង​ផលប៉ះពាល់​ដ៏ខ្លាំងក្លា​មិន​ត្រឹមតែ​កម្ពុជា​នោះទេ ប៉ុន្តែ​ទូទាំង​ពិភពលោក ដោយសារ​ការរីករាលដាល​វីរុស​កូរ៉ូណា​ចាប់តាំងពី​ចុង​ឆ្នាំ​ ២០១៩​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន​និយាយថា សារាចរ​របស់​ធនាគារ​ជាតិ គឺជា​ដំណឹង​ល្អ​សម្រាប់​អ្នក​នៅក្នុង​វិស័យ​ដឹកជញ្ជូន​ដែលជា​វិស័យ​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ចាប់​តាំងពី​ការផ្ទុះ​ឡើង និង​រីករាលដាល​ជំងឺ​កូវីដ​១៩​មក​។ ពេល​ដំបូង​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​រង​ផលប៉ះពាល់​តែ​ពី​ការដឹកជញ្ជូន​ទំនិញ​ជាមួយ​ប្រទេស​ចិន​ប៉ុណ្ណោះ តែ​ពេលនេះ​គឺ​គ្រប់​គោលដៅ​ទាំងអស់​។ លោក​បន្តថា ទោះ​យ៉ាងណា​លោក​មិនទាន់​ដឹងថា សារាចរ​នេះ​អាច​ជួយ​ដល់​អ្នក​ពឹង​ផ្អែកលើ​ចំណូល​ពី​ក្នុង​វិស័យ​ដឹកជញ្ជូន​បាន​កម្រិត​ប៉ុនណា​នោះទេ​។

លោក​អះអាង​ថា​៖ «​ខ្ញុំ​ស្វាគមន៍​ចំណាត់ការ​របស់​ធនាគារជាតិ តែ​យើង​គ្រប់គ្នា​ត្រូវធ្វើការ​ជាមួយ​ធនាគារឯកជន ហេតុនេះ​ខ្ញុំ​មិនទាន់​ដឹងថា​គេ​នឹង​អនុវត្ត​បន្តទៅ​បែបណា​នោះទេ​»​។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Emerging Markets Consulting បាន​សរសេរ​នៅលើ​ប្រព័ន្ធ​សង្គម​របស់លោក​កាលពី​ថ្ងៃ​សៅរ៍​ថា លោក​សូម​គាំទ្រ​ចំពោះ​សារាចរ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការតម្រូវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បន្ធូរបន្ថយ​លក្ខខណ្ឌ​កម្ចី និង​ការសង​ត្រឡប់​នេះ ទោះបី​ជា​សារាចរ​នេះ​មិនទាន់​មាន​លក្ខណៈ​បរិយាប័ន្ន (Inclusive) គ្របដណ្តប់​គ្រប់​វិស័យ​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​ធនាគារជាតិ​នៃ​កម្ពុជា​គប្បី​ពង្រីក​វិសាលភាព​នៃ​សារាចរ​នេះ​ឲ្យ​គ្របដណ្តប់​វិស័យ​ដទៃទៀត ដ្បិតអី​ផលប៉ះពាល់​នៃ​ជំងឺឆ្លង​កូវីដ​១៩ នេះ​មាន​ផល​អវិជ្ជមាន​ស្ទើរ​គ្រប់​វិស័យ​ទាំងអស់​»​។

លោក​លើកឡើង​ថា នៅក្នុង​កាលៈទេសៈ​នេះ​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ គឺមាន​លើ​គ្រប់​វិស័យ​ទាំងអស់​។ លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា ប្រសិនបើ​ស្ថានភាព​រីករាលដាល​នៃ​កូវីដ​ ១៩ នៅតែ​បន្ត រដ្ឋាភិបាល​ប្រហែល​ជា​ត្រូវ​លូកដៃ​ឲ្យ​ជ្រៅ​ជាង​ពេលនេះ​»​។

លោក Shin Chang Moo នាយក​ធនាគារ PPCBank បាន​ឲ្យ​ដឹងថា ធនាគារជាតិ​នៃ​កម្ពុជា​កំពុង​ធ្វើការ​យ៉ាង​មាន​ប្រសិទ្ធភាព និង​មាន​ប្រសិទ្ធភាព​ក្នុង​ការការពារ​ឧស្សាហកម្ម​ដែល​រង​ការខូចខាត និង​វិស័យ​ធនាគារ​ក្នុង​ពេល​តែមួយ ព្រោះ​វិស័យ​ធនាគារ​គឺជា​មធ្យោបាយ​ចុងក្រោយ​ក្នុង​ការគាំទ្រ​ដល់​សេដ្ឋកិច្ចជាតិ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ប្រាកដ​ណាស់​ថា ធនាគារ​ទាំងអស់​កំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​អាជីវកម្ម​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​នៅក្នុង​វិស័យ​ផ្សេងៗ​អាស្រ័យ​លើ​សមត្ថភាព​របស់​ពួកគេ​»​។

យោងតាម NBC «​ឥណទាន​រៀបចំ​ឡើងវិញ​» ​គឺជា​ឥណទាន​ដែល​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ដើម​ត្រូវ​បាន​កែប្រែ​ដោយ​ផ្តល់​ការអនុគ្រោះ​ដល់​អតិថិជន​ដែល​ជួប​ស្ថានភាព​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ជាក់ស្តែង និង​បណ្តោះអាសន្ន​។

នៅក្នុង​សារាចរ​នេះ​ក៏បាន​ណែនាំ​ថា ការរៀបចំ​ឥណទាន​ឡើងវិញ​នេះ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ត្រូវ​កំណត់​ឲ្យ​ច្បាស់​ថា អតិថិជន​កំពុង​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​មុន​ពេល​ការអនុគ្រោះ​ត្រូវបាន​ផ្តល់ជូន​។ ចំពោះ​ឥណទាន​មិន​ដំណើរការ​នឹង​ត្រូវ​រក្សា​ចំណាត់ថ្នាក់​នៅ​ដដែល ទោះបី​ឥណទាន​ទាំងនេះ​ត្រូវ​បាន​រៀបចំ​ឡើងវិញ​ក៏ដោយ​។

រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់បាន​ប្រកាស​ពី​ការលើកលែង​ពន្ធ​ដល់​អាជីវកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់​ក្នុង​ខេត្ត​សៀមរាប​ចំនួន ៤ ​ខែ​ ចាប់ពី​ខែកុម្ភៈ​ រហូតដល់​ខែឧសភា​។

កាលពី​សប្តាហ៍​មុន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានចេញ​ប្រកាស​លើកលែង​ពន្ធលើ​ប្រាក់ចំណេញ​រយៈពេល​ ៦ ​ខែ ​ដល់​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​៕ LA

វីដេអូ៖