
កម្មកសំណង់ធ្វើការនៅការដ្ឋានសំណង់មួយកន្លែង នៅខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ អ្នកនៅក្នុងវិស័យឯកជនបានសាទរចំពោះការសម្រេចបង្កើតអាជ្ញាសេវាហិរញ្ញវត្ថុមិនមែនធនាគារ បន្ទាប់ពីព្រឹទ្ធសភាបានសម្រេចកាលពីពេលថ្មីៗនេះ ដើម្បីឆ្លើយតបនឹងការរីកចម្រើនដ៏ឆាប់រហ័សរបស់វិស័យនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺដើម្បីដាក់ឱ្យស្ថិតនៅក្រោមបញ្ញត្តិករតែមួយ ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រង។
លោក មាស សុខសេនសាន អ្នកនាំពាក្យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា វិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជាបាននិងកំពុងមានសម្ទុះរីកចម្រើនយ៉ាងស្វាហាប់។ បច្ចុប្បន្នការគ្រប់គ្រង និងត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារស្ថិតនៅក្រោមសមត្ថកិច្ចរបស់និយតករចំនួន ២ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ្រប់គ្រងលើវិស័យធានារ៉ាប់រង និងសោធនឯកជន វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យ និងសវនកម្ម និងវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន) និងគណៈកម្មការមូលបត្រកម្ពុជា (គ្រប់គ្រងលើវិស័យមូលបត្រ)។
លោកថ្លែងថា៖ «ក្នុងបរិបទនៃសកលភាវូបនីយកម្ម សេវា និងផលិតផលហិរញ្ញវត្ថុថ្មីៗ ត្រូវបានបង្កើតឡើងដោយបញ្ញត្តិករហិរញ្ញវត្ថុកម្ពុជាដែលធ្វើឱ្យកម្ពុជាត្រូវប្រឈមនឹងការលំបាកក្នុងការកំណត់ដែនសមត្ថកិច្ចរបស់បញ្ញត្តិករហិរញ្ញវត្ថុនីមួយៗ»។
លោកបានបន្ថែមថា៖ «ក្នុងន័យនេះ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង និងដោយយល់ឃើញពីសារៈសំខាន់នៃការច្របាច់បញ្ចូលគ្នាជានិយតករវិស័យហិរញ្ញវត្ថុមិនមែនធនាគារនេះ រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនេះឡើយ ដើម្បីធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រង និងត្រួតពិនិត្យវិស័យហិរញ្ញវត្ថុមិនមែនធនាគារមានជាអាទិ៍ វិស័យធានារ៉ាប់រង និងសោធនឯកជន វិស័យមូលបត្រ វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យ និងសវនកម្ម និងវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទានក្នុងគោលបំណងដើម្បីពង្រឹង និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុលើវិស័យហិរញ្ញវត្ថុ មិនមែនធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
លោក អ៊ិន ចាន់នី ប្រធានអគ្គនាយកធនាគារអេស៊ីលីដាបានសម្តែងការសាទរចំពោះការរៀបចំបង្កើត អាជ្ញាធរសម្រាប់គ្រប់គ្រងវិស័យនេះ ដើម្បីបង្កភាពងាយស្រួលដល់ប្រតិបត្តិករក្នុងការប្រាស្រ័យទាក់ទង។ លោកនិយាយថា៖ «ខ្ញុំសូមស្វាគមន៍ចំពោះការបង្កើតនូវអាជ្ញាសេវាហិរញ្ញវត្ថុមិនមែនធនាគារនេះ ដោយសារតែវិស័យនេះបានកំពុងមានការរីកចម្រើនដែលទាមទារឱ្យមានបញ្ញត្តិករមួយច្បាស់លាស់គ្រប់គ្រង ឬតាក់តែងនូវបទប្បញ្ញត្តិនានាដូចអ្វីដែលយើងមានក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលមានធនាគារជាតិជាបញ្ញត្តិករ»។
លោក Shin Changmoo ជាប្រធានអគ្គនាយកធនាគារ PPCBank បានឱ្យដឹងថា ការដែលមាននិយតករហិរញ្ញវត្ថុនឹងធានាការគ្រប់គ្រងប្រុងប្រយ័ត្នសម្រាប់ប្រតិបត្តិការអាជីវកម្ម ហិរញ្ញវត្ថុ និងហានិភ័យ ដើម្បីការពារអតិថិជនឱ្យបានកាន់តែល្អប្រសើរ។
លោកអះអាងថា៖ «ខ្ញុំជឿថា រដ្ឋាភិបាលបានបង្កើតមាគ៌ាដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជាសម្រាប់ចក្ខុវិស័យរយៈពេលវែង។ ខ្ញុំសង្ឃឹមថា នឹងមានគម្រោង និងឱកាសកាន់តែច្រើនសម្រាប់សាធារណៈដែលរួមទាំងអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារដែលទើបនឹងអនុម័តនៅពេលថ្មីៗដើម្បីសហការគ្នា និងចែករំលែកចំណេះដឹង បទពិសោធ និងជំនាញ»។
គិតត្រឹមខែកញ្ញាឆ្នាំ ២០២០ សមាគមធានារ៉ាប់រងកម្ពុជាមានសមាជិក ៣១ ក្នុងនោះ ១៥ នៅក្នុងប្រភេទធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ១១ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ៤ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១។
ជាមួយគ្នានេះ ទ្រព្យសកម្មសរុបនៃក្រុមហ៊ុនធានារ៉ាប់រងទាំងអស់គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២០ មានប្រហែល ៦៧៨ លានដុល្លារ ក្នុងចំណោមនោះ ៦៣ ភាគរយ ត្រូវបានចាក់បញ្ចូលទៅក្នុងប្រព័ន្ធធនាគារជាទម្រង់ប្រាក់បញ្ញើ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរាយការណ៍ថា ទន្ទឹមនឹងនេះ មូលធនវិនិយោគក្នុងវិស័យសំណង់នៅរយៈពេល ៩ ខែដំបូងឆ្នាំ ២០២០ បានធ្លាក់ចុះ ៩,៦ ភាគរយ មកនៅត្រឹម ៥,៨៦៨ ពាន់លានដុល្លារធៀបនឹង ៦,៤៩៤ ពាន់លានដុល្លារនៅអំឡុងពេល ១ ឆ្នាំ ២០១៩៕ LA