ភ្នំពេញ: វិស័យ​ឯកជន​ស្វាគមន៍​វិធាន​ការបន្តបន្ទាប់​ពី​រដ្ឋាភិបាល​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​សកម្មភាព​អាជីវកម្ម​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

កាលពី​ថ្ងៃ​ពុធ រដ្ឋាភិបាល​បាន​ប្រកាស​ដាក់ចេញ​វិធានការ​បន្ថែម​ជុំ​ទី​៦ ​សម្រាប់​វិស័យ​កាត់ដេរ វាយនភណ្ឌ វិស័យ​ទេសចរណ៍ និង​វិស័យ​អាកាសចរណ៍​នៅតែ​ជា​វិស័យ​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំងជាងគេ​ពី​វិបត្តិ​កូវីដ ​១៩​។ សម្រាប់​វិស័យ​កាត់ដេរ រដ្ឋាភិបាល​នឹង​បន្ត​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ចំនួន ៤០ ​ដុល្លារ ក្នុង​ ១ ​ខែ​ ដល់​កម្មករ-កម្មការិនី​ ដែល​បាត់បង់​ការងារ ឬ​រោងចក្រ​របស់​ពួកគេ​ត្រូវ​ព្យួរការងារ​។

កម្មវិធី​នេះ​នឹង​បន្ត ៣ ​ខែ​ទៀត​រហូត​ដល់​ដំណាច់​ខែធ្នូ ឆ្នាំ​ ២០២០ ​នេះ​។ ម្ចាស់​រោងចក្រ​ត្រូវ​បន្ថែម ៣០ ដុល្លារ​ ទៅលើ​ចំនួន ៤០ ​ដុល្លារ​នេះ ដើម្បី​ឱ្យ​កម្មករ-កម្មការិនី​ទទួលបាន ៧០ ​ដុល្លារ ក្នុង ១ ​ខែ​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) សាទរ​ជាមួយ​នឹង​ការអន្តរាគមន៍​ពី​រដ្ឋាភិបាល ដើម្បី​ជួយ​ដល់​ឧស្សាហកម្ម​នេះ ដែល​កំពុង​ត្រូវ​បាន​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ការរីក​រាលដាល​វីរុស​កូរ៉ូណា​។

លោក​ថ្លែងថា​៖ «​ការសម្រេចចិត្ត​ក្នុង​ការបន្ត​ផែនការ ៤០ ​ដុល្លារ​ សម្រាប់​កម្មករ​ដែល​ព្យួរការងារ​គឺ​ល្អ​ខ្លាំងណាស់​។ ការបន្ត​នេះ​នឹង​ជួយ​ដល់​កម្មករ​ដែល​រង​ផលប៉ះពាល់​នៅក្នុង​ពេលវេលា​ដ៏ពិបាក ហើយ​ជាមួយ​គ្នា​នេះ​ក៏​ជួយ​ដល់​ថៅកែ​ផងដែរ​។ ថៅកែ​មិនមាន​ការបញ្ជាទិញ​នៅពេល​បច្ចុប្បន្ន​អាច​ដាក់​ពាក្យសុំ​ការផ្អាក​ដំណើរការ និង​ប្រើប្រាស់​ពេលវេលា​ក្នុង​ការព្យាយាម និង​ទទួល​បាន​ឱកាស​វិនិយោគ​ថ្មីៗ​»​។ លោក​ថា​៖ «​ការពន្យារពេល​ពន្ធ​សម្រាប់​ផែនការ​ការពារ​សង្គម​ក៏​នឹង​បន្ទូរបន្ថយ​បន្ទុក​របស់​ថៅកែ​បន្ថែមទៀត​ផងដែរ​»​។

សម្រាប់​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​រួមមាន​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ភ្នាក់ងារទេសចរណ៍​ពួកគេ​នឹង​ទទួល​បាន ៤០ ​ដុល្លារ​ រយៈពេល ៣ ​ខែ​ដូចគ្នា​។ ម្ចាស់​រោងចក្រ​ត្រូវ​បន្ថែម​ប្រាក់​តាម​លទ្ធភាព​ទៅលើ​ចំនួន ៤០ ​ដុល្លារ​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​ក៏​បន្ត​លើកលែង​ពន្ធ ៣ ​ខែ​ទៀត​សម្រាប់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ភា្នក់ងារ​ទេសចរណ៍​ដែល​បាន​ចុះបញ្ជី​។ ការលើកលែង​នេះ​សម្រាប់​ទីតាំង​អាជីវកម្ម​ទេសចរណ៍​នៅ​កំពត ព្រះសីហនុ កែប ខេត្តសៀមរាប រាជធានី​ភ្នំពេញ ក្រុង​បាវិត ខេត្តស្វាយរៀង និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

លោក​ ធួន ស៊ីណាន ប្រធាន PATA Cambodia chapter បាន​ទទួល​ស្គាល់​ការធ្វើ​អន្តរាគមន៍​សកម្ម​មុន​ពី​រដ្ឋាភិបាល​ក្នុង​ការជួយ​ឧស្សាហកម្ម​ទេសចរណ៍ ទោះបី​ជា​វា​មិន​ច្រើន​ក៏ដោយ​។ លោក​បញ្ជាក់ថា​៖ «​យើង​ពិតជា​កោតសរសើរ​ការជួយ​ពី​រដ្ឋាភិបាល​សម្រាប់​ឧស្សាហកម្ម​របស់​យើង​។ ទោះយ៉ាងណា យើង​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​នូវ​មូលនិធិ​ពិសេស​សម្រាប់​វិស័យ​ទេសចរណ៍​សម្រាប់​ក្រោយ​ជំងឺ​កូវីដ​ ១៩ ដោយសារ​តែ​អាជីវករ​ភាគច្រើន​មិន​ទទួល​បាន​ប្រាក់ចំណូល​ទាល់តែ​សោះ ដូច្នេះ​យើង​ចង់​ឲ្យ​រដ្ឋាភិបាល​ពិចារណា​លើ​សំណើ​របស់​យើង នៅពេល​ដែល​វីរុស​កូរ៉ូណា​ត្រូវ​ទប់ស្កាត់​បាន​»​។

កាលពី​ខែ​ឧសភា រាជរដ្ឋាភិបាល​បាន​ប្រកាស​ផ្ដល់​កម្ចី​ពី​ ៥០០ ​លាន​ដុល្លារ​ ដល់​ ៦០០ ​លាន​ដុល្លារ​ មាន​អត្រា​ការប្រាក់​ទាប​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs)​។ ក្នុងចំណោម​នោះ​លោក ស៊ីណាន ឲ្យ​ដឹងថា រដ្ឋាភិបាល​គួរតែ​កំណត់​ផែនការ​ដូចគ្នា​ដែល​ផ្ដល់​សម្រាប់​វិស័យ​ទេសចរណ៍​តែប៉ុណ្ណោះ​។

យោង​តាម​សេចក្ដី​ប្រកាស​កាលពី​ថ្ងៃ​ពុធ រដ្ឋាភិបាល​ក៏​ពន្យារពេល​ពន្ធ​សម្រាប់​ផែនការ​ការការពារ​សង្គម លើកលែង​ពន្ធ​ប៉ាតង់ និង​ពន្ធ​លើ​អគារ និង​ពន្យារពេល​ការធ្វើ​សវនកម្ម​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​លើ​ទីភ្នាក់ងារ​ទេសចរណ៍ និង​ប្រតិបត្តិករ​នៅក្នុង​វិស័យ​ទេសចរណ៍​។ ពន្ធ​អប្បបរមា សម្រាប់​ក្រុមហ៊ុន​ទេសចរណ៍​ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា​នឹង​ត្រូវ​ពន្យារ​រយៈពេល​ ៣ ​ខែ​ផងដែរ​។

ធនាគារ​ពិភពលោក​កាលពី​ថ្ងៃ​ចន្ទ​បាន​កែតម្រូវ​ការព្យាករ​កំណើន សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២០ ​នេះ​មក​នៅត្រឹម​ដក​ ២ ​ភាគរយ ដោយ​បាន​កែតម្រូវ​ពី​ចន្លោះ​ដក​ ១ ​ភាគរយ និង​ដក​ ២,៩ ​ភាគរយ​ កាលពី​ខែ​ឧសភា​កន្លងមក ដោយសារ​តែ​វិស័យ​ជំរុញ​កំណើន​សំខាន់ៗ​ដូចជា​សំណង់ ទេសចរណ៍ និង​ការនាំចេញ​ទំនិញ​បន្ត​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារតែ​ការរីករាលដាល​ជំងឺ​កូវីដ​១៩៕LA