វីង​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារ​ពាណិជ្ជ តាម​រយៈ​ប្រព័ន្ធហិរញ្ញ​វត្ថុ​ឌីជីថល យ៉ាង​ទូលំ​ទូលាយ​របស់​ខ្លួន។

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែល​ជា​អ្នក​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា ទទួល​បាន​អាជ្ញាប័ណ្ណ​ធនាគារ​ពាណិជ្ជ ពី​ធនាគារជាតិ​នៃ​កម្ពុជា។ អាជ្ញាប័ណ្ណ​នេះអនុញ្ញាត​ឱ្យ​វីង​ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារ​ពាណិជ្ជ​ក្រោម​ឈ្មោះ «ធនាគារ វីង (ខេមបូឌា) ម.ក»។

អ្នក​ឧកញ្ញ៉ា គិត ម៉េង ប្រធាន​កុ្រម​បឹ្រក្សាភិបាល​នៃ​ធនាគារ​វីង​បាន​មាន​ប្រសាសន៍​ថា៖«នេះ​គឺជាព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ទៀត​ដើម្បី​ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ​របស់​យើង ក្នុង​ការ​ផ្តល់​លទ្ធភាព​ហិរញ្ញ​វត្ថុ​ដល់ប្រជាជន​កម្ពុជា​គ្រប់រូប និង​ដើម្បី​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច។ ជាមួយ​នឹង​បច្ចេក​វិទ្យា​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​ចំណេះដឹង​ទូលំ​ទូលាយ​អំពី​ទីផ្សារ​ក្នុង​ស្រុក ធនាគារវីង ភ្នាក់ងារវីង និង​ដៃគូ​របស់​យើង​ទាំង​អស់ ​ប្រឹង​ប្រែង​រួម​គ្នា​ដើម្បី​ផ្សារ​ភ្ជាប់​គម្លាត តាម​រយៈការ​ផ្តល់​ឧបករណ៍​ហិរញ្ញ​វត្ថុ​ដល់​ប្រជាជន​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ»។

លោកជំទាវ ម៉ៅ ចំណាន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប

ជាមួយ​នឹង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​នេះ ធនាគារ​វីង​អាច​ផ្តល់​ជូន​នូវ​ផលិតផល និង​សេវាកម្ម​ធនាគារ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ដូចជា ការ​ផ្តល់​ប្រាក់​កម្ចី និង ការ​ទទួល​បា្រក់​បញ្ញើ​ពី​សាធារណៈជន​ជាដើម។ សេវាកម្ម​ទាំងនេះ​នឹង​បំពេញ​បន្ថែម​លើ​សេវាកម្ម​ហិរញ្ញ​វត្ថុ​បែប​ឌីជីថល​របស់​វីង​ដែល​មាន​ស្រាប់ ហើយ​ត្រូវ​បាន​ផ្តល់​ជូន​តាម​រយៈបណ្តាញ​យ៉ាង​ទូលំទូលាយ គឺ​ភ្នាក់ងារ​វីង​ដែល​មាន​ជាង ៩.៣០០ កន្លែង និង​កម្មវិធី​ស្មាត​ហ្វូន​វីង។ វីង​នឹង​បន្ត​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ដូច​ធម្មតា ដោយ​គ្មាន​ការ​ប៉ះពាល់​ដល់សេវាកម្ម​ដែល​មាន​ស្រាប់ ដែល​ត្រូវ​បាន​ផ្តល់​ជូន​តាម​រយៈភ្នាក់ងារ​វីង និង​កម្មវិធី​ស្មាតហ្វូន​វីង​ឡើយ។

លោក Manu Rajan អគ្គនាយក​នៃ​ធនាគារវីង​បាន​មាន​ប្រសាសន៍​ថា៖ «យើង​ប្តេជ្ញា​ធានា​ឲ្យ​បានថា ការ​វិវត្ត​ខ្លួន​ក្លាយ​ជា​ធនាគារពាណិជ្ជ​របស់​យើង មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ទៅ​លើ​សហគមន៍ ដៃគូ​អាជីវកម្ម និង​អ្នក​ចូលរួម​ក្នុង​ទីផ្សារ​ផ្សេងៗ​ទៀត​របស់​យើង។ យើង​នឹង​បន្ត​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ និង​សាធារណៈជន ដើម្បី​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក, (ខាងស្តាំផ្នែកខាងលើ) និងថ្នាក់ដឹកនាំនៃ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប

អាជ្ញាប័ណ្ណ​ដែល​ទទួល​បាន​ពី​ធនាគារជាតិ​នៃ​កម្ពុជា​នេះនឹង​ពង្រឹង​ចក្ខុវិស័យ​របស់​វីង ក្នុង​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ដែល​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ។ ចាប់​តាំង​ពី​ត្រូវ​បានបង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៩ វីង​បាន​ខិតខំ​ផ្តល់​អំណាច​ដល់​ប្រជាជន​កម្ពុជា តាម​រយៈការ​ផ្តល់​លទ្ធភាព​ក្នុងការ​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​អាច​ទុក​ចិត្ត​បាន ងាយស្រួល និង​មាន​សុវត្ថិភាព៕

ថ្នាក់ដឹកនាំនៃធនាគារវីងចូលរួមក្នុងកម្មវិធីសម្ពោធ “ធនាគារ វីង (ខេមបូឌា) ម.ក” តាមអនឡាញ