គិត​មកដល់​ថ្ងៃទី​ ១៦ ខែតុលា នេះ​មាន​ប្រជាជន​កម្ពុជា​រាប់រយ​គ្រួសារ​បានទទួល​ថវិកា​សង្គ្រោះបន្ទាន់ បន្ទាប់ពី​ធនាគារ​ឯកទេស​វីង (​ខេមបូឌា​) លីមីតធីត បាន​បើក​បណ្តាញ​សេវា​ហិរញ្ញវត្ថុ​របស់ខ្លួន​ឱ្យ​អង្គការ អុកស្វាម​កម្ពុជា និង​ដៃគូ​ផ្តល់​ជំនួយ​បន្ទាន់​ដល់​កម្មករ​ដែល​រងគ្រោះ​ដោយ​វិបត្តិ​សេដ្ឋកិច្ច​នៃ​ជំងឺ​រាតត្បាត​កូវីដ​១៩​។

នៅក្នុង​ខែកញ្ញា អង្គការ​អុកស្វាម​កម្ពុជា​បាន​សហការ​ជាមួយ​ធនាគារ​ឯកទេស​វីង ដើម្បី​ផ្ទេរ​សាច់ប្រាក់​ទៅឱ្យ​កម្មករ​ងាយ​រងគ្រោះ និង​សមាជិក​សហគមន៍​ផ្សេង​ដទៃទៀត​ប្រមាណ ៣ ០០០ ​នាក់​ដោយ​រួមបញ្ចូល​ទាំង​ថ្នាក់ដឹកនាំ​មូលដ្ឋាន និង​តំណាង​កម្មករ​ផងដែរ​។ អង្គការ​អុកស្វាម​កម្ពុជា​ក៏បាន​ចែកជូន​នូវ​សម្ភារ​ការពារ និង​បង្ការ​មេរោគ​កូវីដ​១៩ ដល់​សមាជិក​ចំនួន ១ ០០០ ​នាក់​នៅក្នុង​បណ្តាញ​អង្គការ​ដៃគូ​របស់ខ្លួន​ផងដែរ​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង បាន​មាន​ប្រសាសន៍​ថា គំនិត​ផ្តួចផ្តើម​របស់​ធនាគារ​ឯកទេស​វីង​ជាមួយ អង្គការ​អុកស្វាម​កម្ពុជា​គឺជា​ផ្នែក​ ១ ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​វីង​ដើម្បី​ជួយ​ដល់​គ្រួសារ​ខ្មែរ​ឱ្យ​អាច​ដោះស្រាយ​ជីវភាព​បាន​ក្នុង​គ្រា​លំបាក​នេះ​។

លោក ម៉ានូ បាន​មានប្រសាសន៍​បន្ថែមថា​៖ «​ក្នុងនាម​ជា​ពលរដ្ឋ​សាជីវកម្ម​ដែលមាន​ការទទួល​ខុសត្រូវ វា​ចាំបាច់​ដែល​យើង​ត្រូវខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​ប្រជាជន​របស់​យើង​។ ធនាគារ​ឯកទេស​វីង​ត្រៀមខ្លួន​រួច​ជាស្រេច និង​មាន​ឆន្ទៈ​ចូលរួម​ជាមួយ​ដៃគូ និង​សហគមន៍​ដើម្បី​ការពារ​ប្រជាជន​កម្ពុជា​ឱ្យ​ឆ្លងកាត់​គ្រា​លំបាក​ទាំងនេះ​បាន​»​។

ដោយ​ពិចារណា​លើ​ស្ថានភាព​នៃ​ជំងឺ​កូវីដ​១៩ ដែល​មិន​ធ្លាប់មាន​ពី​មុន​មក ធនាគារ​ឯកទេស វីង បាន រៀបចំ​ឱ្យមាន​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ដោយ​ផ្តោតលើ​ការជួយ​ដល់​អ្នក​ដែល​បាត់បង់​ប្រភព​ប្រាក់ចំណូល​។ នេះ​រួមបញ្ចូល​ទាំង​ការរៃអង្គាស​ប្រាក់​ដើម្បី​គាំទ្រ​ដល់​អ្នករត់​រ៉ឺម៉ក និង​មគ្គុទេសក៍​ទេសចរណ៍ ក៏ដូចជា​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​ផ្តល់​ការព្យាបាល​ដល់​កុមារ​ដោយ​ឥតគិតថ្លៃ​។ កាលពី​ខែ​មីនា​កន្លងទៅ ធនាគារ​ឯកទេស​វីង បាន​បើក​ឱ្យមាន​ការផ្ទេរ​ប្រាក់​ពី​គណនេយ្យ​វីង​ទៅ​គណនេយ្យ​វីង​ដោយ​ឥតគិតថ្លៃ​ដល់​អតិថិជន​របស់ខ្លួន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​ប្រើ​កម្មវិធី​ស្មាតហ្វូន​វីង​ដើម្បី​ផ្ញើ​ប្រាក់​ទៅ​មនុស្ស​ជា​ទីស្រឡាញ់​ដោយ​មិនចាំបាច់​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​។

លោកស្រី លឹម សូលីន នាយិកា​អង្គការ​អុកស្វាម​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖ «​ស្របពេល​ដែលមាន​ការឆ្លើយតប​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា វិស័យ​ឯកជន និង​បណ្តា​អ្នក​ដែល​បាន​ចូលរួម​ទាំងឡាយ​ដែល​បាន​ជួយ​គាំទ្រ​កម្មករ​ដែល​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ដ៏លំបាក​នេះ អុកស្វាម និង​ដៃគូ​ពាក់ព័ន្ធ​មាន​ជំនឿ​ថា ការផ្តល់​ការជួយ​គាំទ្រ​ដល់​តំណាង​កម្មករ​ក៏​មាន​សារៈសំខាន់​ផងដែរ​។ ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ពី​សាមគ្គីភាព​របស់​យើង​ទាំងអស់​គ្នា​ដើម្បី​ជំរុញ​ឱ្យ​មាន​កិច្ចគាំពារ​សង្គម​មួយ​ប្រកប​ដោយ​បរិយាប័ន្ន​សម្រាប់​កម្មករ​ដែល​ងាយ​រងគ្រោះ​ជាពិសេស​ស្ត្រី និង​កុមារ និង​ដើម្បី​ចូលរួម​ជួយ​កាត់បន្ថយ​ភាពងាយ​រងគ្រោះ​របស់​ពួកគាត់ និង​បង្កើន​ភាពធន់ អំឡុងពេល​មាន​វិបត្តិ​នាពេល​បច្ចុប្បន្ន​ និង​អនាគត​»​។

អង្គការ​អុកស្វាម​បាន​គាំទ្រ​ប្រជាជន​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ១៩៧៩ ដោយ​ផ្តោតលើ​ការអភិវឌ្ឍ សមភាព​យេនឌ័រ និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​។

ដោយ​មើលឃើញ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ ធនាគារ​ឯកទេស វីង កំពុងតែ​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​របស់ខ្លួន​ដល់ដៃ​គូ​ជាច្រើន​ដែល​កំពុង​ជួយ​ប្រជាជន​ទូទៅ​។ ក្រៅពី​អង្គការ​អុកស្វាម​កម្ពុជា វីង​ក៏បាន​ធ្វើការ​ជាមួយ​ទីភ្នាក់ងារ​រដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​ផងដែរ​។

គិត​ចាប់តាំង​ពី​ខែឧសភា​មក ធនាគារ​ឯកទេស វីង បាន​ពង្រីក​ការគាំទ្រ​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ការផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កម្មករ​ដែល​ត្រូវបាន​ព្យួរការងារ​ពី​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​វិស័យ​ទេសចរណ៍​។ ហើយ​ចាប់ពី​ខែ​មិថុនា​មក ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ក៏បាន​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ ធនាគារ​ឯកទេស វីង​ដើម្បី​ចែក​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ ឬ​រស់នៅក្នុង​ភាពក្រីក្រ​ផងដែរ​៕