វីង ​ទទួល​ពានរង្វាន់​មួយទៀត​សម្រាប់​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​និយោជិត!

ធនាគារ​ឯកទេស វីង (​ខេមបូឌា) លីមីតធីត បាន​បន្ត​បង្ហាញ​ពី​ចំណុច​ខ្លាំង​របស់ខ្លួន​តាមរយៈ​បន្ត​ធ្វើ​ជា​ម្ចាស់​ពានរង្វាន់​ស្លាក​យីហោ​និយោជក​ឆ្នើម​អាស៊ី (Asia''s Best Employer Brand award) ប្រចាំ​ឆ្នាំ​ ២០២០ ក្នុង​ពិធី​ប្រចាំឆ្នាំ​លើក​ទី​ ១១ ​ដែល​បាន​រៀបចំ​ឡើង​ដោយ​ស្ថាប័ន World HRD Congress កាលពី​ខែ​តុលា​ថ្មីៗ​នេះ​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស បាន​មាន​ប្រសាសន៍​ថា​៖ «​ស្រប​តាម​ចក្ខុវិស័យ​របស់​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប វីង ​មិន​ត្រឹមតែ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​ទូទាំង​ប្រទេស​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការទទួល​បាន​ពានរង្វាន់​នេះ​បាន​បង្ហាញ​ពី​ការតាំង​ចិត្ត​ដ៏មុតមាំ​សម្រាប់​បុគ្កលិក​​របស់ខ្លួន​។ យើង​បាន​វិនិយោគ​លើ​បុគ្គលិក​របស់​យើង​ក្នុង​ការកសាង​សមត្ថភាព​របស់​ពួកគេ​ឱ្យ​ក្លាយ​ជា​អ្នកដឹកនាំ​ពោរពេញ​ទៅដោយ​ថាមពល​តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​ជាច្រើន​ និង​បាន​ផ្តល់​ឱកាស​ដល់​ពួកគេ​សម្រាប់​ការរីកចម្រើន​ផងដែរ​»​។

ដោយ​មាន​អ្នកជំនាញ​ជិត ២០០០ នាក់​មកពី​ជាង ១៣៣ ប្រទេស The World HRD Congress បាន​ទទួល​ស្គាល់ ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​រ៉ូយ៉ាល់​គ្រុប ដោយ​រួមមាន ក្រុមហ៊ុន​សែលកាត​ (Cellcard) និង​ក្រុមហ៊ុន អ៊ីស៊ីខម Ezecom ផង​ដែរ​។ The World HRD Congress ជា​អង្គការ​ឯករាជ្យ​មិន​រក​ប្រាក់​ចំណេញ​មួយ ដែល​មាន​ទិសដៅ​ធ្វើឱ្យ​ការងារ និង​ជីវិត​រស់នៅ​កាន់តែ​ល្អប្រសើរ​ឡើង​។

លោក ឡៅ សៀងហៃ នាយក​គ្រប់គ្រង​ធនធានមនុស្ស​នៃ​ធនាគារ​ឯកទេស វីង បាន​ឱ្យ​ដឹងថា​៖ «​វីង ​ផ្តល់​ឱកាស​ជាច្រើន​ដល់​បុគ្គលិក​ដើម្បី​​ឱ្យ​ពួកគេ​អាច​ចែករំលែក​ទស្សនទាន ចូលរួម​ក្នុង​ការបង្កើត​អ្វី​ថ្មីៗ​ និង ទទួល​បាន​ព័ត៌មាន​ជាប្រចាំ​ពី​ថ្នាក់ដឹកនាំ​តាមរយៈ​ការជួបជុំ កម្មវិធី​វប្បធម៌​ក៏ដូចជា​សកម្មភាព​ជួយ​សហគមន៍​ជាច្រើន​ផ្សេង​ទៀត​។ វីង ​ប្តេជ្ញា​រក្សា​គោលដៅ​របស់​យើង​ឱ្យ​ក្លាយ​ជា​ទីកន្លែង​ដ៏ទាក់ទាញ​បំផុត​នៅក្នុង​ព្រះរាជាណាចក្រ​សម្រាប់​អ្នក​ស្វែងរក​ការងារ​»​។

វិទ្យាស្ថាន The Employer Branding Institute ​និង World HRD Congress បាន​អបអរសាទរ​ចំពោះ​វីង​ក្នុង​ការទទួល​បាន​ភាពជោគជ័យ​លើ​ការលើកកម្ពស់​បរិយាកាស​ការងារ​ប្រកប​ដោយ​ភាពវិជ្ជមាន​។

«World HRD Congress លើក​ទឹកចិត្ត​ដល់​ធនាគារ​ឯកទេស វីង (​ខេមបូឌា​) ​លីមីតធីត សូម​បន្ត​នូវ​កិច្ចការងារ​ដ៏ល្អ និង​ចែករំលែក​ការអនុវឌ្ឍដ៏​ប្រសើរ​ទាំងនេះ​ដល់​អ្នក​ផ្សេង​ទៀត ដើម្បី​បង្កើត​បាន​ជា​កន្លែង​ធ្វើការ​ដ៏ល្អ​ និង​មាន​វប្បធម៌​ប្រសើរ​។ ពានរង្វាន់​នេះ​នឹង​ជួយ​ពង្រីក​វិសាលភាព​ និង​លើក​ទឹកចិត្ត​និយោជិត​របស់​ធនាគារ​ឯកទេស​វីង ឱ្យ​ធ្វើ​អ្វីៗ​បន្ថែមទៀត​ដើម្បី​សម្រេច​គោលដៅ​របស់​ស្ថាប័ន​ពួកគេ​»។ នេះ​បើតាម​សារ​អបអរសាទរ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​របស់ World HRD Congress​។

វីង ​មាន​គោលបំណង​ជាក់លាក់​ដើម្បី​ពង្រឹង​ស្ថាប័ន​មួយ​នេះ​ឱ្យ​ក្លាយ​ជា​កន្លែង​ធ្វើការ​ដ៏ល្អ​បំផុត​។ ក្នុង​នាម​ជា​អ្នក​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា បុគ្គលិក​របស់​វីង​បាន​កើនឡើង​ជា​បន្តបន្ទាប់​ ឆ្លើយតប​ទៅនឹង​កំណើន​នៃ​អាជីវកម្ម​របស់ខ្លួន​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​ ២០១៩ បុគ្គលិក​វីង​បាន​កើនឡើងដល់​ទៅ​​ ៤៥១ ​នាក់​ស្មើនឹង​ ២២% ​បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​ទៅ​។ វីង ​បាន​បន្ត​បង្កើន​ចំនួន​បុគ្គលិក​របស់ខ្លួន​រហូត​ដល់​ទៅ​ ៥៨៩ ​នាក់​ក្នុង​ឆ្នាំ​ ២០២០ បើទោះបី​មាន​ការរីករាតត្បាត​ជំងឺ​កូវីដ​១៩ ​យ៉ាង​ណា​ក៏ដោយ​។

តាមរយៈ​ការប្តេជ្ញា​ចិត្ត​របស់​វីង​ចំពោះ​ការរក្សា​ និង​អភិវឌ្ឍន៍​បុគ្គលិក​របស់​ខ្លួន វីង​បាន​ជោគជ័យ​បង្កើត​កម្មវិធី​ពង្រឹង​សមត្ថភាព​របស់​បុគ្គលិក​ជាច្រើន​។ ក្នុង​ឆ្នាំ​កន្លង​ទៅ វីង​បាន​ប្រើប្រាស់​ពេល​ ១១០០០ ​ម៉ោង​ដើម្បី​ផ្តល់​វគ្គ​បណ្តុះបណ្តាល​អភិវឌ្ឍន៍​ដល់​និយោជិក​ជាង​ ៤៤៥ នាក់​​ដោយ​រួមបញ្ចូល​ទាំង​បុគ្គលិក​ចាស់​ និង​បុគ្គលិក​ថ្មី​។

លើស​ពីនេះ​ទៅ​ទៀត​ជា​រៀងរាល់​ឆ្នាំ វីង​ផ្តល់​ឱកាស​ដល់​និស្សិត​មកពី​ស្ថាប័ន​ផ្សេងៗ​នៃ​គ្រឹះស្ថាន​ឧត្តមសិក្សា​ជាច្រើន​ដើម្បី​ចុះ​កម្មសិក្សា ហើយ​ ៧៥% ​នៃ​ពួកគេ​បាន​ក្លាយ​ជា​បុគ្គលិក​ពេញ​ម៉ោង​របស់​វីង​។

វីង ​បាន​ចូលរួម​ចំណែក​ជួយ​ដល់​សហគមន៍​ជាច្រើន​តាមរយៈ​ការបន្ត​លើក​ទឹកចិត្ត​បុគ្គលិក​របស់ខ្លួន​ឱ្យ​ចូលរួម​កិច្ចការ​សង្គម​នានា​រួម​មាន​កិច្ចការ​សប្បុរសធម៌ ការបរិច្ចាគ ​និង​ឧបត្ថម្ភ ការថែរក្សា បរិស្ថាន កម្មវិធី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​យេនឌ័រ​ជាដើម​៕