វីង និងខេមឡៃហ្វ រួបរួមគ្នាលើកកម្ពស់ការធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ខេមឡៃហ្វ ដែលជាប្រតិបត្តិករធានារ៉ាប់រងអាយុជីវិតដែលមានអាយុកាលវែងជាងគេនៅកម្ពុជាបានប្តេជ្ញាចិត្តបន្តពង្រឹងសេវាកម្មការពារហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖“ វីងបានដាក់បញ្ចូលបេសកកម្មក្នុងការកែលម្អបទពិសោធអតិថិជនដោយប្រើប្រាស់ឌីជីថល និងការច្នៃប្រឌិតទៅក្នុងឌីអិនអេសាជីវកម្មរបស់យើង។
យើងចង់ធ្វើការជាមួយដៃគូដូចជា ខេមឡៃហ្វ ជាដើម ដែលមានចក្ខុវិស័យប្រហាក់ប្រហែលនឹងវីងក្នុងការដោះស្រាយសេវាកម្មហិរញ្ញវត្ថុ និងតម្រូវការធានារ៉ាប់រងរបស់ប្រជាជនកម្ពុជារាប់លាននាក់ ដែលមានប្រាក់ចំណូលមធ្យម។
លោក ម៉ានូ បានបញ្ជាក់បន្ថែមថា៖ “ក្នុងនាមជាធនាគារឯកទេស វីង បានខិតខំអស់រយៈពេល ១២ ឆ្នាំកន្លងមក ដើម្បីសម្រេចចក្ខុវិស័យក្នុងការផ្តល់ឱ្យប្រជាជនកម្ពុជាម្នាក់ៗនូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តដែលមានភាពងាយស្រួល ដើម្បីធ្វើឱ្យជីវិតរស់នៅទូទាំងប្រទេសមានភាពប្រសើរឡើង”។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាហៅកាត់ថា ខេមឡៃហ្វ ស្ថិតក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលគួរឲ្យជឿជាក់បំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដំបូងគេបំផុតដែលបានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១២។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ខេមឡៃហ្វ បានសហការជាមួយធនាគារឯកទេសវីង ចាប់តាំងពីឆ្នាំ ២០១៤ ដើម្បីផ្តល់ជូននូវមធ្យោបាយបង់ប្រាក់សម្រាប់អតិថិជនរបស់ខ្លួនឲ្យបង់ប្រាក់បុព្វលាភតាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថលរបស់វីង។
លោកប្រធានអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ខេមឡៃហ្វ ចនសុន ឆៃ បានមានប្រសាសន៍ថា៖ “ជាផ្នែកមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដូចគ្នា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ខេមឡៃហ្វ និងធនាគារឯកទេសវីង កំពុងធ្វើការជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហការដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវអត្ថប្រយោជន៍បន្ថែមពីក្រុមហ៊ុនទាំង ២ នេះ។
“ខ្ញុំជឿជាក់ថា យើងអាចឆ្ពោះទៅមុខយ៉ាងរហ័ស ហើយឈានមុខគេដោយផ្តល់ជូននូវការបង់ប្រាក់បុព្វលាភដ៏ងាយស្រួលចំពោះអតិថិជនរបស់យើង ក៏ដូចជាការបង្កើតនូវផលិតផល និងពង្រីកបន្ថែមសេវាកម្មធានារ៉ាប់រងអាយុជីវិតជាមួយអត្ថប្រយោជន៍ដ៏ច្រើនដល់អតិថិជនរបស់យើងទាំង ២”។
វីងបានខិតខំប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេស។ ទន្ទឹមនឹងនេះ ខេមឡៃហ្វ ជោគជ័យក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដើម្បីការពារសុខុមាលភាពគ្រួសារកម្ពុជាដោយផ្តល់ជូននូវផលិតផលការពារធានារ៉ាប់រងអាយុជីវិតសាមញ្ញ និងមានតម្លៃសមរម្យ៕