ភ្នំពេញ: ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) ​បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារ​ឯកទេស​វីង ​ដែលជា​អ្នកផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា ដើម្បី​សម្រួល​ដល់​ការបង់ប្រាក់​សង​ត្រឡប់​នៃ​អតិថិជន​របស់​ ARDB​។

លោក កៅ ថាច អគ្គនាយក ARDB បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​នៅ​ទីស្នាក់ការ ARDB ​ថា ដើម្បី​ឆ្លើយតប​នឹង​កំណើន​កម្ចី​ឥណទាន​ក្នុង​គម្រោង​ហិរញ្ញប្បទាន​ពិសេស​របស់​រដ្ឋាភិបាល​ដែល​មាន​ទំហំ​ ៥០ ​លាន​ដុល្លារ ការចុះ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​សម្រួល​ដល់​ការបង់ប្រាក់​ដើម និង​ការប្រាក់​របស់​អតិថិជន​ឲ្យ​កាន់តែ​ងាយស្រួល សុវត្ថិភាព រហ័ស​ទាន់​ចិត្ត ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ចំណាយ​។

លោក​ថ្លែងថា​៖ «​យើង​មាន​គោលដៅ​ធំ​គឺ​ការបង់​ការប្រាក់ និង​ប្រាក់ដើម តាមរយៈ​ធនាគារ​វីង រួច​ចូល​ [​គណនី​] ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​តែម្តង​។ នេះ​ជា​ការសម្រួល​ដល់​អតិថិជន​របស់​យើង ដោយ​មិន​ចាំបាច់​ឡើង​មក​ស្នាក់ការ​កណ្តាល​ទេ​។ កិច្ចសហការ​របស់​យើង​នេះ​ជា​ការសម្រួល​ដល់​សេវាកម្ម​របស់​យើង​»​។

លោក​បន្តថា​៖ «​យើង​សង្ឃឹម​ថា​នៅ​ថ្ងៃក្រោយ យើង​នឹង​មាន​កិច្ចសហប្រតិបត្តិការ​ច្រើន​ជាង​នេះ​ជាមួយ​វីង​ឥឡូវ​យើង​មាន​កិច្ចសហប្រតិបត្តិការ​ផ្ទេរ​លុយ​ចូល​»​។

លោក Manu Rajan ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ឯកទេស​វីង​បាន​ថ្លែង​ក្នុង​សនិ្នសីទ​នេះ​ថា វីង​មាន​សេចក្តី​រីករាយ​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ជាមួយ ARDB ដើម្បី​ចាប់ផ្តើម​ភាពជា​ដៃគូ​ថ្មី​ក្នុងការ​ឆ្ពោះ​ទៅ​រក​ផ្លូវ​វែងឆ្ងាយ​ដោយ​ជំរុញ​ការរួមបញ្ចូល​ហិរញ្ញវត្ថុ និង​ការផ្តល់​សេវាកម្ម​ប្រាក់កម្ចី​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម និង កសិពាណិជ្ជកម្ម​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​រីករាយ ព្រោះ​ទាំង​វីង និង​ ARDB បានរួម​ចំណែក​ចក្ខុវិស័យ​ក្នុង​ការផ្តល់​ភាពងាយស្រួល​លើ​សេវា​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​ក្នុង​សហគមន៍​ដោយ​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន​កម្ពុជា​»​។

លោក​បន្តថា ក្នុង​ភាព​ជា​ដៃគូ​នេះ អតិថិជន​របស់ ARDB អាច​ទូទាត់​សង​ប្រាក់កម្ចី​តាមរយៈ Wing Cash Xpress ដែលមាន ៧ ៥០០ កន្លែង​នៅ​ទូទាំងប្រទេស​ដែល​វា​នឹង​ជួយ​សន្សំសំចៃ​ពេលវេលា និង​ថវិកា​របស់​ពួកគេ​។ ពួកគេ​ក៏​អាច​ជ្រើសរើស​ការផ្ទេរ​ប្រាក់​ភ្លាមៗ​ពី​គណនី​វីង​របស់​ពួកគេ​តាម​កម្មវិធី Wing Mobile App ឬ​កម្មវិធី USSD Code*989# ​នៅលើ​ទូរស័ព្ទដៃ​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក កៅ ថាច ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន​ Cambodia Investor corporation Plc ក្នុង​គោលបំណង​ផ្តល់​កិច្ចសហប្រតិបត្តិការ​នៃ​ការធានា​សងបំណុល​ជំនួស​ម្ចាស់​សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម និង​ការជួយ​ផ្តល់ព័ត៌មាន​ពី​អ្នក​ខ្ចីប្រាក់​។

លោក​និយាយ​ថា​៖ «​ក្រុមហ៊ុន​នេះ​នឹង​ជួយ​ដល់ SME ដែល​ខ្វះ​ទ្រព្យ​ធានា​បំណុល​អាច​ទទួល​បាន​ឥណទាន​បន្ថែម​សម្រាប់​ពង្រីក​អាជីវកម្ម ហើយ​ក្រុមហ៊ុន​ក៏​នឹង​ជួយ​បង្កើន​ទំនាក់ទំនង​រវាង SME និង​អ្នក​ផលិត អ្នក​កែច្នៃ និង​អ្នកប្រមូល​ទិញ​ទៅ ARDB សម្រាប់​ជា​មូលដ្ឋាន​វាយតម្លៃ​លើ​ការផ្តល់​ឥណទាន​នេះ​»​។

បើ​យោងតាម​លោក កៅ ថាច គិត​ត្រឹម​ថ្ងៃ​ពុធ ARDB បាន​ទទួល​ពាក្យស្នើសុំ​កម្ចី​ពី​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៃ​គម្រោង​ហិរញ្ញប្បទាន​ពិសេស​ចំនួន ២៣២ ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ ២៥ លាន​ដុល្លារ​ក្នុងចំណោម​នេះ ARDB បានអនុម័ត​រួចហើយ​ចំនួន ២,៤ លាន​ដុល្លារ​ដែល​ភាគច្រើន​ជា​អ្នក​ចិញ្ចឹម​ត្រី សត្វ មាន់ ទា និង​អ្នក​ដាំ​បន្លែ​៕