ភាព​ជា​ដៃគូ​រវាង City Express ជប៉ុន និង​ធនាគារ​ឯកទេស​វីង​ជួយ​ឱ្យ​ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​អាច​ផ្ញើ​ប្រាក់​បាន​ភ្លាមៗ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​នៅក្នុង​ប្រទេស​កម្ពុជា

ធនាគារ​ឯកទេស​វីង (​ខេមបូឌា​) លីមីតធីត ដែលជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា និង​ក្រុមហ៊ុន City Express Money Transfer Japan Co., Ltd ដែលជា​ក្រុមហ៊ុន​ផ្ទេរប្រាក់​ឈានមុខ​គេ​មួយ​របស់​ប្រទេស​ជប៉ុន បាន​បង្កើត​ភាព​ជា​ដៃគូ​ដើម្បី​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើងដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​រស់នៅ​ប្រទេស​ជប៉ុន​។ តាមរយៈ​ធនាគារ​ឯកទេស​វីង ឥឡូវនេះ​ប្រជាជន​អាច​ផ្ញើ​ប្រាក់​ដែល​រក​បានមក​ទ្រទ្រង់​គ្រួសារ​របស់​ពួកគេ​បាន​ភ្លាមៗ​នៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង បានមាន ប្រសាសន៍ថា​៖ «​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កំពុង​បន្ត​បែបនេះ វា​ចាំបាច់​ណាស់ ដែល​យើង​ពង្រឹង​សមត្ថភាព​សេវា​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​ដើម្បី​គាំទ្រ​ដល់​តម្រូវការ​របស់​សហគមន៍​យើង​។ ពលករ​កម្ពុជា​នៅ​ជប៉ុន​ឥឡូវ​អាច​ផ្ញើ​ប្រាក់​មក​ផ្ទះ ទោះ​ជា​នៅ​ដល់​ភូមិ​ដាច់ស្រយាល​ក៏ដោយ​»​។

លោក ម៉ានូ រ៉ាចាន់

បច្ចុប្បន្ន​មាន​ប្រជាជន​កម្ពុជា​ជាង ១០.០០០ ​នាក់​កំពុង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​។ តាមរយៈ​ភាព​ជា​ដៃគូ​នេះ ពួកគេ​អាច​ទៅ​ម៉ាស៊ីន​អេធីអឹម​ណាមួយ និង​សាខា​ណាមួយ​នៃ​ក្រុមហ៊ុន City Express ជប៉ុន ហើយ​ជ្រើសរើស​ផ្ញើ​ប្រាក់​តាមរយៈ វីង​។ បន្ទាប់មក​ពួកគេ​នឹង​ទទួលបាន​លេខ​កូដ​ ៨ ​ខ្ទង់​សម្រាប់​ក្រុមគ្រួសារ​របស់​ពួកគេ ដើម្បី​ដក​ប្រាក់​នៅ​ប្រទេស​កម្ពុជា​តាមរយៈ​ភ្នាក់ងារ​វីង​ដែលមាន​ជាង ៩០០០ កន្លែង​។

លោក Shrestha Mahesh Kumar ប្រធាន​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន City Express ជប៉ុន​បាន​មានប្រសាសន៍​ថា​៖ «​យើង​ជឿជាក់ថា ភាព​ជា​ដៃគូ​នេះ នឹង​បង្ហាញ​សមត្ថភាព​សេវា​ហិរញ្ញវត្ថុ​របស់​យើង តាមរយៈ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើង​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។ បណ្តាញ​ដ៏រឹងមាំ​របស់​ក្រុមហ៊ុន​ទាំង​ ២ នឹង​ផ្តល់​ការផ្ទេរ​ប្រាក់​ភ្លាមៗ និង​មាន​សុវត្ថិភាព​ដែលមាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា ដែល​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​។

លោក Shrestha Mahesh Kumar

ក្រុមហ៊ុន City Express ជប៉ុន និង​វីង​បាន​តាំងចិត្ត​ប្រើ​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍​។ ក្រុមហ៊ុន City Express ជប៉ុន​ប្តេជ្ញា​ផ្តល់​ដំណោះស្រាយ​ផ្ទេរប្រាក់​លឿន​រហ័ស​គួរ​ទុកចិត្ត និង​មាន​សុវត្ថិភាព​ដល់​អតិថិជន តាមរយៈ​បណ្តាញ​ភ្នាក់ងារ​នៅ​ទូទាំង​ពិភពលោក​។ ដូចគ្នានេះដែរ ចក្ខុវិស័យ​របស់​វីង​គឺ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប​នូវ​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ជាមួយ​បណ្តាញ​ភ្នាក់ងារ​វីង​នៅ​ទូទាំង​ប្រទេស​៕