ភ្នំពេញៈ ធនាគារ​ឯកទេស​ វីង ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ធនាគារ​ចល័ត នាពេល​ថ្មីៗ​នេះ​បាន​ដាក់​ឲ្យ​ដំណើរការ​សេវា​ប្រាក់​បញ្ញើ​អន្តរជាតិ​ពី​ប្រទេស​ម៉ាឡេស៊ី ដោយ​កំណត់​ទិសដៅ​ជនជាតិ​កម្ពុជា​ដែល​ធ្វើ​ការងារ និង​ស្នាក់នៅ​ទីនោះ បន្ទាប់ពី​សម្រេច​បាន​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Valyou ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ប្រទេស​ម៉ាឡេស៊ី​។

ធនាគារ​ វីង​រក​ប្រាក់​ចំណេញ​បាន ១,៧ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧ ជាមួយ​នឹង​ទ្រព្យសកម្ម​សរុប​ចំនួន ២៧,៤ លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំ​ឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ធនាគារ​វីង ប្រជាជន​កម្ពុជា​ជាង ១៥០ ០០០ នាក់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ឧស្សាហកម្ម​ផ្សេងៗ ដែល​រួមមាន កសិកម្ម សំណង់ កម្មន្តសាល (​ផលិតកម្ម​) នេសាទ និង​សេវា​បម្រើ​ការងារ​តាម​ផ្ទះ ហើយ​ពួកគេ​នឹង​ទទួល​អត្ថប្រយោជន៍​ពី​សេវា​ហិរញ្ញវត្ថុ​តាម​បច្ចេកវិទ្យា​ថ្មី​ដែល​ផ្ដល់​ដោយ​ធនាគារ​វីង និង​ក្រុមហ៊ុន Valyou នេះ​។

លោក Jojo Malolos អគ្គនាយក​ធនាគារ​វីង បាន​ថ្លែង​ថា​៖ «​វា​ជា​បេសកកម្ម​របស់​យើង​ក្នុង​ការ​ផ្ដល់​មធ្យោបាយ​រហ័ស សុវត្ថិភាព និង​ងាយស្រួល​សម្រាប់​ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់​នៅ​បរទេស​ក្នុង​ការផ្ញើ​ប្រាក់​ទៅ​មនុស្ស​ជា​ទីស្រឡាញ់​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

តាមរយៈ​ភាព​ជា​ដៃគូ​នេះ​អតិថិជន​ដែល​មាន​បំណង​ប្រាក់​បញ្ញើ​ត្រឡប់​ទៅ​ផ្ទះ នៅ​ពេល​នេះ​អាច​ផ្ញើ​ប្រាក់​ដោយ​ផ្ទាល់​ដោយ​ប្រើប្រាស់​កម្មវិធី Valyou Mobile Wallet ឬ​ពី​ទីតាំង Valyou ជាង ២ ៥០០ កន្លែង​នៅ​ទូទាំង​ប្រទេស​ម៉ាឡេស៊ី​។ នៅ​ពេល​ផ្ទេរប្រាក់ ប្រាក់​ដែល​បាន​ផ្ញើ​អាច​ត្រូវ​បាន​ដក​នៅ​តាម​គណនី​វីង​របស់​អ្នក​ទទួល​ ឬ​អាច​ដក​ប្រាក់​នៅ​ភ្នាក់ងារ​វីង​ជាង​ ៥ ០០០ កន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​៕ LA