ក្រុង​ស៊ាងហៃៈ ក្រុមហ៊ុន​ផលិត​អាហារ​ដ៏​ធំមួយ​​របស់​ប្រទេស ចិន ​​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​តាម​ដាន​រក​វីរុស​ដែល​​បង្ក​ជំងឺ​​​ប៉េស្ដ​ជ្រូក​អា្រហ្វិក​ ត្រូវ​បាន​រក​ឃើញ​​​ក្នុង​នំគាវ​ចិន (dumpling) របស់​ខ្លួន។​

ក្រុមហ៊ុន Sanquan Food មាន​មូលដ្ឋាន​នៅ​ខេត្ត​ហេណាន នៅ​ភាគ​កណ្ដាល​​ប្រទេស​ ​ចិន​ បាន​ចេញ​​​សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ​មួយ​ដោយ​​បញ្ជាក់​ពី​សេចក្ដី​រាយការណ៍​​របស់​ប្រព័ន្ធ​ព័ត៌មាន ដែល​បាន​ចេញ​ផ្សាយ​នៅ​​​​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​​ថ្ងៃ​ថ្មីៗ​នេះ​ថា នំគាវ​សាច់​ជ្រូក​ដែល​​​ឆ្លង​វីរុស​ ត្រូវ​បាន​រក​ឃើញ​​​នៅ​ក្នុង​ខេត្ត​ចំនួន ​២ ​ដែល​​​មិន​មាន​ព្រំដែន​ជាប់​​គ្នា​។​

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា នំគាវ​ដែល​សង្ស័យ​មួយ​ចំនួន​បាន​ទៅ​ដល់​ហាង​លក់​អាហារ ប៉ុន្តែ​ថា ​ក្រុមហ៊ុន​​​កំពុង​បោះត្រា​ដើម្បី​សម្គាល់​ថា​ជា​ផលិតផល​ឆ្លង​រោគ និង​កំពុង​សហការ​ជា​មួយ​អាជ្ញាធរ។​

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​​មិន​​លើក​ឡើង​ពី​ការ​ប្រមូល​នំ​គាវ​​យក​មក​​វិញ​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​នេះ​នោះ​ទេ។​

សេចក្ដី​រាយការណ៍​ដែល​មិន​ទទួល​បាន​ការ​បញ្ជាក់​​របស់​ប្រព័ន្ធ​​​ព័ត៌មាន​​នៃ​ប្រទេស ​ចិន ​​បាន​​ឲ្យ​ដឹង​ថា ​ផលិតផល​ដែល​បាន​ផលិត​​ដោយ​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត​ ក៏​មាន​ដាន​មេរោគ​នេះ​ដែរ។​

សេចក្ដី​រាយការណ៍​​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ បាន​បណ្ដាល​ឲ្យ​មាន​ការ​ខឹង​សម្បា​លើ​អនឡាញ​ពី​អ្នក​ប្រើប្រាស់​ជា​ជនជាតិ​​ចិន ដែល​បាន​បញ្ចេញ​យោបល់​ជុំវិញ​រឿង​​អាស្រូវ​ផលិតផល​ចុង​ក្រោយ​​បំផុត​មួយ​​​នេះ​ក្នុង​ចំណោម​​​រឿង​អាស្រូវ​ផលិតផល​ជា​ច្រើន ទោះ​បី​ជា​រដ្ឋាភិបាល​ជា​ថ្មី​ម្ដង​ទៀត​​​បាន​សន្យា​ថា​នឹង​ធានា​សុវត្ថិភាព​ក៏​ដោយ​។​

ចិន​ដែល​ជា​ប្រទេស​ប្រើប្រាស់ និង​​​ផលិត​សាច់​ជ្រូក​ធំ​ជាង​គេ​​ក្នុង​ពិភព​លោក​ បាន​ជម្នះ​​ក្នុង​ការ​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​របស់​វីរុស​​នេះ ចាប់​តាំង​ពី​ករណី​ដំបូង​​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ខែ​សីហា​ឆ្នាំ​​មុន​។​

ជំងឺ​ប៉េស្ត​ជ្រូក​អា្រហ្វិក មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​​ទេ ប៉ុន្តែ​​អាច​បណ្ដាល​ឲ្យ​សត្វ​ជ្រូក​ស្លាប់៕​ AFP/LA