ភ្នំពេញ៖ អគ្គនាយក​ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស លោក សួរ វីរៈប្រេស ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា នៅ​ថ្ងៃទី ២៣ មេសា​នេះ ក្រុមហ៊ុន​ដែល​បាន​សហការ​ជាមួយ​សាលារាជ​ធានីភ្នំពេញ បាន​បញ្ចេញ​រថយន្ត​ចល័ត​ចំនួន ៦៤ គ្រឿង លក់​គ្រឿង​ឧបភោគ​បរិភោគ ដែល​មាន​បន្លែ ត្រី សាច់​ ដែល​មាន​តម្លៃ​សមរម្យ​លក់​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ដើម្បី​រក្សា​តម្លៃ​ទំនិញ​​លើ​ទីផ្សារ។

ដើម្បី​បិទ​បញ្ចប់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យ​បាន​ឆាប់ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​ពី​តំបន់​បិទ​ខ្ទប់។

លោក សួរ វីរៈ បាន​ឲ្យ​ដឹង​ថា រថយន្ត​នឹង​ចល័ត​ទៅ​គោលដៅ​ចំនួន ១៤ ទីតាំង រួម​មាន​ផ្សារ​ថ្មី ផ្សារ​អូរប្ញស្សី Century Plaza TK ផ្សារ​ត្រពាំង​ក្រឡឹង ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ផ្សារ​កាណាឌីយ៉ា ផ្លួវ​ឌួងងៀប មុខ​បុរីសូនី កាំកូ​ស៊ីធី​ផ្លូវ​ភ្លោះ មុខ​ផ្សារ​ដើមគរ ផ្សារ​អូឡាំពិច ផ្សារ​ទួលទំពូង និង​ផ្សារ​ចាស់។

លោក​ថ្លែង​ថា៖ «យើង​មិន​ទាន់​បាន​កំណត់​ពេល យើង​ដឹក​ជញ្ជូន​ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​បិទ​ខ្ទប់ អ៊ីចឹង​នៅ​ពេល​រាជរដ្ឋាភិបាល​យើង​បើក​ចំហ​វិញ គឺ​យើង​ក៏​បិទ​វិញ​ដែរ។ ពាក់ព័ន្ធ​នឹង​តម្លៃ​លក់​ក្នុង​តម្លៃ​គាត់​លក់​នៅ​ផ្សារ​ជា​ធម្មតា ហើយ​អាច​នឹង​តម្លៃ​ថោក​ជាង​ផង​ដែរ»។

ដើម្បី​រក្សា​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ក្រសួង​ពាណិជ្ជកម្ម​តាមរយៈ​ក្រុមហ៊ុន ហ្គ្រីន ត្រេដ ក៏​បាន​បញ្ចេញ​រថយន្ត និង​ស្តង់​ទំនិញ​មួយ​ចំនួន​លក់​ទំនិញ​ចាំបាច់​មួយ​ចំនួន​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​ផង​ដែរ។

ក្នុង​រយៈពេល ៨ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី ១៥ ដល់ ថ្ងៃទី ២២ ខែ​ មេសា ឆ្នាំ ២០២១ នេះ រថយន្ដ​ចល័ត​របស់​ក្រសួង​ពាណិជ្ជកម្ម លក់​អង្ករ​បាន​សរុប​ចំនួន ៨២៨ បាវ មី​ជាតិ​ចំនួន ៣ ៨៥៨ កេស ទឹក​ត្រី​ចំនួន ៨៩៧ យួរ ទឹក​ស៊ីអ៊ីវ​ចំនួន ៦៣៣ យួរ​ ត្រីខ ចំនួន ១ ១០២ យួរ ទឹក​សុទ្ធ​ចំនួន ១០២ យួរ បន្លែ ១១៥ គីឡូក្រាម និង​សាច់ក្រក ១៣ គីឡូក្រាម៕