
បុគ្គលិក វីសិនហ្វាន់ សំពះស្វាគមន៍ភ្ញៀវក្នុងគ្រាបើកសម្ពោធអគារការិយាល័យកណ្តាល។ រូបថត ហុង មិនា
ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិសិនហ្វាន់ (ខេមបូឌា) ត្រូវបានក្រុមហ៊ុនមេរបស់ខ្លួនសម្រេចលក់ភាគហ៊ុនទាំងស្រុងទៅឲ្យធនាគារ អ៊ូរី ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ក្នុងតម្លៃមួយដែលមិនត្រូវបានបង្ហាញជាសាធារណៈ។ នេះបើយោងតាមសេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃចន្ទនេះរបស់ក្រុមហ៊ុនមេ វីសិនហ្វាន់ អន្តរជាតិ។
សេចក្តីជូនដំណឹងដដែល មិនទាន់បានបញ្ជាក់ពីមូលហេតុដែលក្រុមហ៊ុនសម្រេចលក់ភាគហ៊ុន ១០០ ភាគរយរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជានោះទេ ដោយគ្រាន់តែបញ្ជាក់ថា កិច្ចព្រមព្រៀងទិញលក់ភាគហ៊ុននេះត្រូវបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា (NBC) ដែលជានិយ័តករវិស័យហិរញ្ញវត្ថុនៅកម្ពុជារួចរាល់ហើយ។
តំណាងក្រុមហ៊ុន វិសិនហ្វាន់ អន្តរជាតិ មិនទាន់អាចបញ្ជាក់ពីទឹកប្រាក់នៃកិច្ចព្រមព្រៀងទិញលក់នេះបានទេនៅថ្ងៃនេះ។
យោងតាមរបាយការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ ២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិសិនហ្វាន់ មានទ្រព្យសកម្មសរុបប្រហែល ១៩៤ លានដុល្លារ និងទទួលបានប្រាក់ចំណេញសុទ្ធ ប្រហែល ៣,៧ លានដុល្លារកាលពីឆ្នាំ ២០១៧។ គិតត្រឹមឆ្នាំ ២០១៧ វិសិនហ្វាន់ មានបុគ្គលិកបម្រើការសរុប ១ ៣៨៩ នាក់។
វិសិនហ្វាន់ (ខេមបូឌា) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៣ ដែលជាបណ្តាញសកលរបស់អង្គការគ្រឹស្តបរិស័ទមួយឈ្មោះ ទស្សនៈពិភពលោកអន្តរជាតិ (World Vision International) ដែលផ្តោតខ្លាំងលើការផ្តល់កម្ចីខ្នាតតូច ឬកម្ចីសម្រាប់អតិថិជនជាក្រុមដល់ប្រជាជនតាមតំបន់ជនបទ។
គ្រឹះស្ថាននេះក៏ត្រូវបានគេព្យាករថា ជាគ្រឹះស្ថានមួយក្នុងចំណោមគ្រឹះស្ថានមួយចំនួនទៀត ដែលរងឥទ្ធិពលអវិជ្ជមានពីការសម្រេចកំណត់ពិដានអត្រាការប្រាក់ ១៨ ភាគរយពីធនាគារជាតិនៃកម្ពុជាកាលពីខែមេសា ឆ្នាំ ២០១៧៕
សូមរង់ចាំអានព័តមានលម្អិត ពីមូលហេតុ និង ឥទ្ធិពលនៃការលក់ភាគហ៊ុននេះ នៅកាសែតភ្នំពេញប៉ុស្តិ៍។