ទីក្រុង​ហាណូយៈ នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc ក្នុងពេល​ថ្មីៗ​នេះ​បាន​យល់ព្រម​ដល់​ការចេញ​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ Vietravel ថ្មី​របស់​ប្រទេស​នេះ​សម្រាប់​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​កា្លយ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ទី​ ៦ ​នៅ​វៀតណាម​។

នាយករដ្ឋមន្ត្រី​បាន​ប្រគល់​ភារកិច្ច​ដល់​ក្រសួង​ដឹកជញ្ជូន​ (MoT) ​ដើម្បី​បញ្ជាក់​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ថ្មី​នេះ ដើម្បី​ធានា​មាន​ទុន​អតិបរមា​ដែល​ច្បាប់​តម្រូវ​សម្រាប់​ប្រតិបត្តិការ​ក្រុមហ៊ុន​អាកាសចរណ៍ Vietravel នេះ​។

ផ្អែក​តាម​សេចក្តី​ណែនាំ​នោះ​ក្រសួង​ដឹកជញ្ជូន​វៀតណាម​នឹង​សម្រេច​ថា តើ​ពេលណា​ត្រូវ​ចេញ​នូវ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវអាកាស​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ Vietravel​។

ការសម្រេច​នេះ​ធ្វើឱ្យ​អាកាសចរណ៍ Vietravel ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ទី​ ៦ ​របស់​ប្រទេស​នេះ បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines, Vietjet Air, Jetstar, VASCO និង Bamboo Airways ដោយ​កំពុង​ប្រតិបត្តិ​ការហោះហើរ​។

ថ្មីៗ​នេះ​លោក Nguyen Quoc Ky ប្រធាន​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Vietravel បាន​និយាយថា ក្រុមហ៊ុន​នេះ​មាន​ផែនការ​ដើម្បី​ហោះហើរ​លើក​ដំបូង​នៅ​ថ្ងៃទី​ ១៨ ​ខែ​ធ្នូ​ឆ្នាំនេះ ហើយ​ក្នុង​រយៈពេល​ខ្លី ក្រុមហ៊ុន​អាកាសចរណ៍​នេះ​នឹង​បម្រើ​ការហោះហើរ​ក្នុង​ស្រុក​ជាមុនសិន ដោយ​បម្រើ​សេវាកម្ម​ជូន​ដល់​ក្រុមហ៊ុន​ទេសចរណ៍​ផ្សេងៗ ហើយ​លើស​ពី​នេះ​ទៀត គឺ​ការបម្រើ​សេវា​ហោះហើរ​ដល់​ក្រុម​ពាណិជ្ជកម្ម​។

កាលពី​ខែ​មេសា​លោក​ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បាន​ចុះហត្ថលេខា​លើ​សេចក្តី​សម្រេចចិត្ត​មួយ​ដោយ​អនុម័ត​នូវ​គោលនយោបាយ​វិនិយោគ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Vietravel ជាមួយ​ទុនវិនិយោគ​សរុប ៧០០ ​ពាន់​លាន​ដុង​ ($៣០,២ ​លាន​)​។

លោក Nguyen Quoc Ky បាន​ឱ្យដឹង​ទៀតថា ដោយមាន​មូលដ្ឋាន​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ Phu Bai ក្នុង​ខេត្ត Thua Thien Hue ក្រុមហ៊ុន​អាកាសចរណ៍ Vietravel នឹង​ផ្តល់នូវ​សេវាកម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​ទាំង​ក្នុងប្រទេស​ និង​អន្តរជាតិ​ដែល​នឹងចូលរួម​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ប្រទេស​វៀតណាម និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ដឹក​អ្នកដំណើរ​ និង​ទេសចរណ៍​ព្រម​ជាមួយ​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​នេះ​ផងដែរ​៕ VNS_ANN/RR