ក្រុងវៀងចន្ទន៍ៈ ប្រទេស​ឡាវ​បាន​ក្លាយ​ជា​ទិសដៅ​វិនិយោគ​បរទេស​កំពូល សម្រាប់​វៀតណាម​ដោយសារ​សាមគ្គីភាព​ពិសេស និង​កិច្ចសហប្រតិបត្តិការ​ទូលំទូលាយ​រវាង​ប្រទេស​ទាំង​ ២​។

ក្រុមហ៊ុន​វៀតណាម​បាន​វិនិយោគ​ជិត ១៥០ លាន​ដុល្លារ​ក្នុង​គម្រោង​វិនិយោគ​ចំនួន ២៨ ក្នុង​ប្រទេស​ និង​ដែនដី​ចំនួន ១៦ ចាប់ពី​ខែ​មករា​ដល់​ខែ​មីនា​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​មួយ​របស់​វៀតណាម​។

ក្រសួង​រៀបចំ​ផែនការ​វៀតណាម និង​ទីភ្នាក់ងារ​វិនិយោគ​បរទេស​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន Vietnam ខណៈ​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ ប្រទេស​ឡាវ​បាន​ទាក់ទាញ​ការវិនិយោគ​របស់​វៀតណាម​ច្រើន​ជាង​គេ​ស្មើ ៥៣,៥ ភាគរយ​។ បន្ទាប់មក​កម្ពុជា (១៧,៣ ភាគរយ​) គុយបា (១៣,៣ ភាគរយ​) និង​អូស្ត្រាលី (៨ ​ភាគរយ​)​។

លោក Manothong Vong-say អគ្គនាយក​នៃ​ក្រសួង​រៀបចំ​ផែនការ​របស់​ឡាវ​ និង​នាយកដ្ឋាន​ជំរុញ​ការវិនិយោគ​បាន​ប្រាប់​សារព័ត៌មាន Vientiane Times កាលពី​ថ្ងៃ​ចន្ទ​ថា ការវិនិយោគ​ពី​ប្រទេស​វៀតណាម​នៅ​ឡាវ​បាន​ធ្វើ​ពិពិធកម្ម​ចូល​ទៅ​ក្នុង​វិស័យ​ជាច្រើន​ផ្សេង​ទៀត​នាពេល​ថ្មីៗ​នេះ​។

លោក Manothong បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖ «​សហគ្រិន​វៀតណាម​ជាច្រើន បច្ចុប្បន្ន​កំពុង​វិនិយោគ​ក្នុង​វិស័យ​សេវាកម្ម​រួមមាន សណ្ឋាគារ និង​ធនាគារ​ជាដើម​»​។

វៀតណាម គឺជា​វិនិយោគិន​បរទេស​ធំ​ជាង​គេ​ទី​ ៣ ​នៅ​ឡាវ បន្ទាប់ពី​ចិន និង​ថៃ​។

ក្រុម​សេដ្ឋវិទូ​បាន​ឲ្យ​ដឹង​ថា ការ​មាន​ទីតាំង​នៅ​ជិត​គ្នា​របស់​ប្រទេស​ឡាវ គឺជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ចម្បង ដែល​វិនិយោគិន​វៀតណាម​មាន​បំណង​ប្រកប​អាជីវកម្ម​នៅ​ទី​នោះ​។

ការវិនិយោគ​របស់​វៀតណាម​បាន​ចូលរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច និង​ការបង្កើត​ការងារ​ច្រើន​នៅ​ឡាវ​៕ BP