ភ្នំពេញៈ រដ្ឋាភិបាល​វៀតណាម​បាន​អនុម័ត​លើ​ផែនការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​ការតភ្ជាប់​ព្រំដែន​ជាមួយ​កម្ពុជា​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ជិតខាង​អាស៊ាន​ទាំង​ ២ ​នេះ​។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Vietnam News (VNA) ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃទី​ ២១ ខែសីហា ថា លោកនាយក​រដ្ឋមន្ដ្រី​ប្រទេស​វៀតណាម បាន​ចេញ​ផែនការ​មួយ​ដើម្បី​អនុវត្ត​លើ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) ស្ដីពី​ការអភិវឌ្ឍ និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​ព្រំដែន​រវាង​វៀតណាម និង​កម្ពុជា​។

Vietnam News (VNA) ​បាន​ឲ្យ​ដឹងថា​៖ «​ការអនុវត្ត​ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​ ១៩ ខែសីហា ហើយ​នឹង​មាន​រយៈពេល​រហូតដល់​ខែតុលា ឆ្នាំ​ ២០២២​។ ប្រសិនបើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ត្រូវបាន​បន្ត ផែនការ​នេះ​នឹង​បន្ត​អនុវត្ត​រយៈពេល​ ៣ ​ឆ្នាំ​បន្ថែម​ទៀត​»​។

«​នៅក្នុង​រយៈពេល​ ២ ​ឆ្នាំ​គឺ​ឆ្នាំ​ ២០២១ និង​ឆ្នាំ​ ២០២២ ពួកគេ​នឹង​អនុវត្ត​ការស្ទង់​មតិ​សម្រាប់​ការបង្កើត​យ៉ាងហោចណាស់​ផ្សារ​ព្រំដែន​មួយ​ដំណើរការ​សកម្មភាព ដើម្បី​ជំរុញ​ឲ្យ​ពាណិជ្ជករ​វៀតណាម និង​កម្ពុជា​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​ព្រំដែន បង្កើត​ព្រឹត្តិការណ៍​នានា​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការវិនិយោគ និង​គាំទ្រ​ក្រុមហ៊ុន​ក្នុង​ការផលិត និង​ការចែកចាយ​ទំនិញ​នៅ​ផ្សារ​ព្រំដែន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ពិព័រណ៍​ពាណិជ្ជកម្ម​»​។ នេះ​បើ​យោងតាម​ VNA​។

យោងតាម​មន្ត្រី​នៅ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ប្រទេស​កម្ពុជា សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា រដ្ឋាភិបាល​វៀតណាម​បាន​អនុម័ត​រួចហើយ​ក្នុង​ការផ្ដល់​ទាំង​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​សម្រាប់​ការបង្កើត​ផ្សារ​ព្រំដែន​នៅក្នុង​ប្រទេស​កម្ពុជា​។

ប្រភព​នេះ​បន្តថា​៖ «​រដ្ឋាភិបាល​របស់​យើង​ទើបនឹង​អនុម័ត​ច្បាប់​មួយ​ដែល​បាន​យល់ព្រម​ជា​គោលការណ៍​ឲ្យ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម (MOIC) ដើម្បី​ជួយ​ដល់​ភាគី​កម្ពុជា​ក្នុង​ការសាងសង់​ផ្សារ​ព្រំដែន (​ប្រហែល​ជា​នៅក្នុង​ខេត្ត​ស្វាយរៀង​)​។ មូលនិធិ​នេះ​ជា​ជំនួយ​ឥតសំណង​របស់​ប្រទេស​វៀតណាម​»​។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ហាណូយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​តុលា ឆ្នាំ​ ២០១៩ ប្រទេស​ទាំង​ ២ បាន​ចុះហត្ថលេខា​លើ MoUs មួយ​ចំនួន​។ ដោយ​ក្នុងនោះ​មាន MoUs ចំនួន​ ៤ ​មាន​គោលបំណង​ក្នុង​ការជំរុញ​កិច្ចសហការ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​ជំរុញ​ការតភ្ជាប់ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ឋ​តាម​ព្រំដែន និង​លើ​វិស័យ​ថាមពល​។

ប្រភព​ដដែល​លើកឡើង​ថា ទោះបី​ជា​ការបារម្ភ​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ ក៏​រដ្ឋាភិបាល​វៀតណាម​នៅ​តែ​បើកចំហ​ព្រំដែន​សម្រាប់​ការផ្លាស់ប្តូរ​ទំនិញ​ផងដែរ​។

លោក ស៊ាង ថាយ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃអាទិត្យ​។

យោង​តាម​តួលេខ​បាន​ពី​ស្ថានទូត​វៀតណាម ការនាំចេញ​សរុប​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​វៀតណាម​បាន​ធ្លាក់ចុះ​ ៧,៥ ​ភាគរយ​ដែល​មាន​តម្លៃ​ទឹកប្រាក់​ជាង​ ៥៩២ ​លាន​ដុល្លារ ខណៈ​ដែល​ការនាំចូល​ពី​ប្រទេស​វៀតណាម​​ក៏​បាន​ធ្លាក់ចុះ​ ៣,៧ ​ភាគរយ ដែល​មាន​តម្លៃ​ជាង​ ២,៣៩៥ ​ពាន់​លាន​ដុល្លារ នៅ​រយៈពេល​ ៧ ​ខែ​ដំបូង​ឆ្នាំ​នេះ​៕ LA