ទីក្រុងហាណូយៈ ក្រសួងកសិកម្ម​ និង​អភិវឌ្ឍន៍ជនបទ​វៀតណាម​កំពុងធ្វើការ​ងារ​លើកស្ទួយ​ការចែកចាយ​ផលិតផល​ចេញពី​កសិដ្ឋាន ចំពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ១៩​រលក​ទី ៤ ក្នុងប្រទេស​វៀតណាម។

នាយកដ្ឋាន​កែច្នៃ​កសិកម្ម​នៃ​ក្រសួង​នេះ និង អាជ្ញាធរ​អភិវឌ្ឍន៍​ទីផ្សារ​បាន​និយាយថា ការចែកចាយ​ផលិតផល​កសិកម្ម នៅតែ​មាន​ស្ថិរភាព​ក្នុងពេល​ថ្មីៗ​នេះ ចំពេល​កើតមាន​រលក​ទី ៤ នៃ​វីរុស​ក្នុងប្រទេស។

យោងតាម​គណៈ​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ព្រំដែន Dong Dang ក្នុង​ខេត្ត Lang Son មាន​ការកកស្ទះ​ការធ្វើ​ចរាចរណ៍​តួ​កុងតឺន័រ ដឹកជញ្ជូន​ផលិតផល​កសិកម្ម​ទៅកាន់​ប្រទេស​ចិន នៅ​ច្រកព្រំដែន Huu Nghi បន្ទាប់​ពីថ្ងៃ​ឈប់សម្រាក​ក្នុង​ទិវា​រួបរួម​កាលពី​ថ្ងៃទី ៣០ មេសា និង ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា។ ទោះយ៉ាងណា ការកកស្ទះ​ត្រូវ​បាន​ដោះស្រាយ។

លោក Phung Duc Tien អនុរដ្ឋមន្ត្រី​នៃ​ក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទ បាន​និយាយថា ក្រសួង​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​បង្ការ​វីរុស​ ដើម្បី​រឹតបន្តឹង ជាពិសេស​នៅ​រោងចក្រ​កែច្នៃ​ផលិត​កសិកម្ម ដើម្បី​ទប់ស្កាត់​ការរំខាន​ណាមួយ​ដល់​ច្រវាក់​ផ្គត់ផ្គង់។

លោក Tien បាន​អះអាង​ថា ការរីករាលដាល​កូវីដ១៩ កំពុង​បើកឱកាស​យ៉ាងសំខាន់​ដល់​ប្រទេស​វៀតណាម​ ដើម្បី​ពង្រីក​ការនាំចេញ​ផលិតផល​កសិកម្ម ដោយសារ​តែ​ការខ្វះខាត​យ៉ាងខ្លាំង​នៃ​ការផ្គត់ផ្គង់​ក្នុង​ទីផ្សារ​សកលលោក ព្រមទាំង​ការរំខាន​កើតឡើង​ចំពោះ​ច្រវ៉ាក់​ផ្គត់ផ្គង់​សកល។

លោក​ Tien បាន​និយាយថា វា​មាន​សារៈសំខាន់​សម្រាប់​វៀតណាម ​ដើម្បី​ទប់ស្កាត់​វីរុស លើកកម្ពស់​សុវត្ថិភាព​រស់នៅក្នុង​ផលិតកម្ម​កសិកម្ម ពង្រីក​ផលិតកម្ម ដើម្បី​បង្កើន​ទិន្នផល និង ផលិតភាព​ព្រមជាមួយ​រក្សា​នូវ​ច្រវាក់​ផ្គត់ផ្គង់​ឲ្យ​ស្ថិតស្ថេរ។

សម្រាប់​ផលិតផល​ដែល​ទីផ្សារ​ពិភពលោក​មាន​តម្រូវការ​ខ្ពស់ ដូចជា បង្គា ក្រសួង​នេះ​បាន​ស្នើឲ្យ​បង្កើន​ផលិតកម្ម ប៉ុន្តែ​ក្នុង​ពេល​ជាមួយគ្នា គុណភាព​ត្រូវតែ​ធានា ដើម្បី​ចាប់យក​កាលានុវត្តភាព​ពង្រីក​ការនាំចេញ។

លោក​និយាយ​ថា ដោយមាន​ក្រុមហ៊ុន ១៣ ៥០០ សហករណ៍ ១៧ ០០០ កសិដ្ឋាន ៣៤ ៤០០ និង គ្រួសារ​កសិករ ១៣,៨ លាន វិស័យ​កសិកម្ម​សម្រេច​បាន​លទ្ធផល​គួរកត់សម្គាល់​ក្នុង​រយៈពេល ៤ ខែ​កន្លងទៅនេះ។ ការនាំចេញ​កើនឡើង ២៤,២ ភាគរយ ដែលមាន​តម្លៃ ៣២,០៧ ពាន់​លាន​ដុល្លារ ដោយ​វិស័យនេះ​មាន​អតិរេក​ពាណិជ្ជកម្ម​រហូត​ដល់ ២,២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា៕ VNS-ANN/RR