ក្រុងវៀងចន្ទន៍ៈ ក្រុមហ៊ុន Electricity of Vietnam (EVN) របស់វៀតណាមបានព្រមព្រៀងទិញយកថាមពលដែលត្រូវបានផលិតដោយគម្រោងវារីអគ្គិសនីជាច្រើនកន្លែងនៅប្រទេសឡាវ។
កាលពីថ្ងៃម្សិលមិញក្រុមហ៊ុនរបស់វៀតណាមមួយនេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយនៅទីក្រុងវៀងចន្ទន៍ជាមួយនឹងក្រុមហ៊ុនផលិតថាមពលឡាវគឺក្រុមហ៊ុន Phongsubthavy Road, Bridge, Building, and Irrigation Construction Sole Co., Ltd.។
លោក Phongsavath Senaphuan ប្រធានក្រុមហ៊ុនឡាវ Phongsubthavy និងលោក Duong Quang Thanh ប្រធានក្រុមហ៊ុន EVN បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះក្រោមវត្តមានរបស់លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith និងនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសឡាវ។
អនុស្សរណៈយោគយល់នេះគឺជាឯកសារមួយក្នុងចំណោមឯកសារសហប្រតិបត្តិការចំនួន ១២ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសឡាវ និងវៀតណាមកាលពីថ្ងៃម្សិលមិញក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៤០ នៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការឡាវ-វៀតណាម។
ក្រោមអនុស្សរណៈយោគយល់នេះសហគ្រាសរដ្ឋវៀតណាមនេះនឹងទិញថាមពលអគ្គិសនីដែលផលិតដោយគម្រោងវារីអគ្គិសនីសេកុង A3 និងគម្រោងវារីអគ្គិសនីសេកុង B3 ក្នុងខេត្តសេកុង។
ថាមពលអគ្គិសនីផលិតពីគម្រោងវារីអគ្គិសនី Namxam 1A គម្រោង 1B និងគម្រោង Namxam 3 គម្រោង 3A ក្នុងខេត្ត Huaphan និងថាមពលអគ្គិសនីរបស់គម្រោង Nammo នៅខេត្ត Xieng Khu-ang ក៏នឹងត្រូវលក់ទៅឲ្យក្រុមហ៊ុន EVN ផងដែរស្ថិតនៅក្រោមអនុស្សរណៈយោគយល់នេះ៕ ANN/BP