ភ្នំពេញៈ វៀតណាម​បាន​ក្លាយ​ជា​ប្រទេស​ទី​២ បន្ទាប់​ពី​ចិន​ដែល​បាន​ប្រកាស​បន្ត​​​ផ្តល់​សិទ្ធិ​ឲ្យ​កម្ពុជា​នាំចូល​​អង្ករ​ ដោយ​មិន​ជាប់​ពន្ធ​គយ​តែ​ត្រូវ​ស្ថិត​ក្នុង​បរិមាណ​​​កំណត់មួយ​ (កូ​តា​) បន្ទាប់​ពី​សហភាព​អឺរ៉ុប​ដែល​​ជា​ទីផ្សារ​អង្ករ​សំខាន់​របស់​​កម្ពុជា​បាន​សម្រេច​កាល​ពី​​ខែ​មុន​តម្រូវ​ឲ្យ​អង្ករ​នាំចូល​ពី​កម្ពុជា​ត្រូវ​​បង់​ពន្ធ​។

ក្នុង​ជំនួប​រវាង​លោក រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ប៉ាន សូរ​ស័ក្តិ ជា​មួយ​លោក​ Do Quoc Hung ដែល​ជា​តំណាង​នាយកដ្ឋាន​ទីផ្សារ​អាស៊ី​ និង​អា្រហ្វិក​ របស់​ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​វៀតណាម កាល​​ពី​ថ្ងៃ​ពុធ លោក Do Quoc Hung បាន​បញ្ជាក់​ថា​វៀតណាម​បន្ត​ផ្តល់​កូតា​នាំចូល​អង្ករ​កម្ពុជា​ចំនួន​ ៣០ ម៉ឺន​តោន​ក្នុង ​១ ​ឆ្នាំ​រយៈ​ពេល ​២ ឆ្នាំ​គឺ​ពី ឆ្នាំ​នេះ​ដល់​ឆ្នាំ​ក្រោយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​លោក ​ស៊ាង​ ថៃ បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា ការ​​ផ្តល់​កូតា​ពី​វៀតណាម​នេះ ​គឺ​ជា​ការ​​បន្ត​ពី​កិច្ច​ព្រមព្រៀង​កាល​ពី​ឆ្នាំ​កន្លង​ទៅ ដែល​កាល​ពី​មុន​កម្ពុជា​មិន​ដែល​បាន​នាំចូល​អង្ករ​ទៅ​ទីផ្សារ​វៀតណាម​បាន​ច្រើន​ដូច​ដែល​មាន​ក្នុង​ការ​ព្រមព្រៀង​ទេ។

លោក​បន្ត​ថា មូល​​ហេតុ​គឺ​អាច​ដោយ​សារ​ថា​ ការ​​ពិ​បាក​ចរចា​​​លើ​តម្លៃ​ទិញ​លក់ ​ខណៈ​អ្នក​នាំចេញ​បាន​ផ្តោត​ខ្លាំង​ទៅ​លើ​ទីផ្សារ​អឺរ៉ុប​ដែល​អាច​មាន​អត្រា​ចំណេញ​ល្អ​ជាង​ដោយ​សារ​កាល​នោះ​អឺរ៉ុប​បាន​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ដែរ​ និង​មិន​មាន​កូតា​កំណត់​។

លោក​ថ្លែង​ថា​៖​ «​វៀតណាម​ផ្តល់​កូតា​ឲ្យ​យើង តែ [ដើម្បី​លក់​ជោគជ័យ​​​] វា​ក៏​អាស្រ័យ​លើ​តម្លៃ​ទិញ​ លក់​ដែរ។ យើង​លក់​ទៅ​វៀតណាម​អត់​សូវ​បាន​ថ្លៃ​ ដោយ​សារ​វៀតណាម​គាត់​ផលិត​ដែរ ហើយ​នាំចេញ​អង្ករ​លេខ ​១ ​លេខ ​២​ [លើ​ពិភព​លោក]​»​។

យ៉ាង​ណា​ក៏​ដោយ​ លោក​ ស៊ាង ថៃ​ រំពឹង​ថា​ អ្នក​នាំចេញ​កម្ពុជា​អាច​ចាប់​អារម្មណ៍​ជាង​មុន​ក្នុង​ការ​សម្លឹង​មើល​ការ​ពង្រីក​ខ្លួន​ទៅ​ទី​ផ្សារ​វៀតណាម​ សម្រាប់​កូតា​ថ្មី​នេះ ដោយ​សារ​ថា​ ពួក​គេ​ត្រូវ​ស្វែង​រក​ទីផ្សារ​ថ្មី​ផ្សេង​​ពី​អឺរ៉ុប បន្ទាប់​ពី​ប្លុក​សេដ្ឋកិច្ច​នេះ​បាន​សម្រេច​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​ចាប់​ពី​ខែ​មុន​មក​។​ ​

លោក​បន្ត​ក្នុង​ន័យ​ប្រៀបធៀប​​​ថា​៖​ «​យើង​ធ្លាប់​តែ​ពាក់​អាវ​​យឺត​ ព្រោះ​វា​ស្រួល តែ​ថ្ងៃ​នេះ​អាវ​យឺត​នេះ​វា​ទទឹក​ទៅ​ហើយ។​ អ៊ីចឹង​យើង​អាច​សាក​ពាក់​អាវ​​សាច់​ក្រណាត់​ម្តង​»។ ​

ទិន្នន័យ​របស់​រដ្ឋាភិបាល​កម្ពុជា​ បាន​​ឲ្យ​ដឹង​ថា កម្ពុជា​បាន​​នាំចេញ​អង្ករ​សរុប​ ៦២៦ ២២​៥​ តោន​កាល​ពី​ឆ្នាំ​មុន ​ក្នុង​ចំណោម​នោះ ​មាន​តែ​ ២៦ ៧១​២ តោន​ប៉ុណ្ណោះ​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​ វៀតណាម​។​

លោក​ សុង​ សារ៉ន ​ប្រធាន​ក្រុមហ៊ុន AMRU Rice បាន​ឲ្យ​​ដឹង​កាល​ពី​ម្សិលមិញ​ថា ប្រទេស​ ​វៀតណាម កំពុង​ទិញ​​ផលិតផល​មិន​ទាន់​កែ​ច្នៃ​ជា​ទូទៅ​ដូចជា​ ស្រូវ ​ជា​ជាង​អង្ករ​ ខណៈ​ការ​នាំចេញ​អង្ករ​ទៅ​វៀតណាម​នៅ​តែ​មាន​កម្រិត​។​

ប៉ុន្តែ​លោក​​បាន​ឲ្យ​ដឹង​ថា ​កូតា​​នេះ​នឹង​ជំរុញ​​ឲ្យ​​ក្រុមហ៊ុន​នាំចេញ​របស់​វៀតណាម​កាន់​តែ​ច្រើន នាំចូល​​​អង្ករ​របស់​កម្ពុជា​ ទោះ​បី​ជា​វា​នឹង​ត្រូវ​ការ​ពេល​វេលា​​ដើម្បី​សម្រេច​បាន​កូតា ៣០ ម៉ឺន​​​តោន​ក៏​ដោយ​​។​

លោក​ថ្លែង​ថា​៖ «​យើង​រំពឹង​ថា តម្រូវ​ការ​កាន់​តែ​ច្រើន ​នឹង​​មក​​ពី​ប្រទេស ​វៀតណាម​ នៅ​ក្នុង​ប៉ុន្មាន​​ឆ្នាំ​ខាង​មុខ​នេះ​»។

ប្រទេស ​ចិន ​បាន​យល់​ព្រម​​កាល​​ពី​ថ្ងៃ​ទី ​២២ ​ខែ​មករា ​ក្នុង​ការ​បង្កើន​កូតា​នាំចូល​អង្ករ​​កម្ពុជា​ដល់​ ៤០០ ០០០ តោន។​ ការ​ទទួល​បាន​កូតា​កាន់​តែ​ខ្ពស់​ពី​ប្រទេស ​ចិន​ និង​វៀតណាម​ មាន​​ប្រយោជន៍​ចំពោះ​ទីផ្សារ​អង្ករ​កម្ពុជា​៕​LA​