ភ្នំពេញៈ អនាគត​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​នឹង​មិន​អាច​កាត់ផ្តាច់​ចេញ​ពី​ការព្យាយាម​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​បាន​ទេ ខណៈ​ប្រទេស​ចិន​ជា​ប្រទេស​មាន​ប្រជាជន​ចេញ​ដើរ​កម្សាន្ត​លើ​ពិភពលោក​ច្រើន​ជាង​គេ និង​ជា​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុជា​ឈាន​មុខ​គេ​ស្រាប់​គិត​ចាប់ពី​ឆ្នាំ​មុន​មក​។ នេះ​បើ​តាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។

ថ្លែង​ក្នុង​វេទិកា​កំពូល​ទេសចរណ៍​កម្ពុជា-ចិន លើក​ទី​មួយ​ដែល​ធ្វើ​ឡើង​នៅ​ភ្នំពេញ​កាលពី​ម្សិលមិញ​ក្រោម​​ប្រធានបទ «​ការចាប់​យក​កាលានុវត្តភាព​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​លើ​ផ្លូវ​សូត្រ​» លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​លើក​ឡើង​ថា ពិភពលោក​បាន​ត្រឡប់​ទៅ​រក​ការ​ផ្ដោត​លើ​សក្ដានុពល​ភ្ញៀវទេសចរ​ចិន​ដោយ​មើល​ឃើញ​ថា ចិន​ជា​ប្រទេស​ដំបូង​ដែល​បាន​បញ្ជូន​ប្រជាជន​របស់​ខ្លួន​ទៅ​ទស្សនា​នៅ​បរទេស​។

លោក​បាន​បន្ថែម​ថា ខណៈ​ជនជាតិ​ចិន​បាន​ក្លាយ​ជា​ភ្ញៀវទេសចរ​ក្រៅ​ប្រទេស​កើនឡើង​រហ័ស​បំផុត អង្គការ​ទេសចរណ៍​ពិភពលោក (UNTWO) បាន​ផ្ដល់​អនុសាសន៍ ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ត្រូវ​រៀបចំ​ការទទួល​ភ្ញៀវទេសចរ​ជនជាតិ​ចិន​សម្រាប់​អត្ថប្រយោជន៍​ទេសចរណ៍​របស់​ប្រទេស​នេះ​។

លោក​ថ្លែង​ថា​៖ «​អនាគត​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​គឺ​មិន​អាច​កាត់ផ្តាច់​ចេញ​ពី​ការ​ស្រូប​ទាញ​កំណើន​យ៉ាង​គំហុក​នៃ​លំហូរ​ទេសចរ​ចេញ​ក្រៅ [​ប្រទេស​] របស់​ភ្ញៀវទេសចរ​ចិន​ [​បាន​ទេ​] ក្នុង​បរិបទ​នៃ​កំណើន​ទេសចរណ៍​ជា​រួម​របស់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​សកលលោក​»​។

លោក​អះអាង​ថា​៖ «​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ល្អ​ជា​យុទ្ធសាស្ត្រ និង​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ ២ ​បាន​ធ្វើឱ្យ​ចំនួន​វិនិយោគិន​ចិន​ក៏​ដូចជា​ភ្ញៀវទេសចរ​ចិន​មក​កម្ពុជា​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ជា​រៀងរាល់​ឆ្នាំ​»​។

លោក​ថ្លែង​ថា​កិច្ចសហប្រតិបត្តិការ​ខាង​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​ចិន បាន​ពង្រឹង និង​បាន​បង្កើន​ទិដ្ឋភាព​ទាំងអស់​ស្រប​ជាមួយ​នឹង​ឆ្នាំ ២០១៨ ជា​ឆ្នាំ​ខួប​លើក​ទី​ ៦០ ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ចិន​។

យោង​តាម​តួលេខ​បាន​ពី​ក្រសួង​ទេសចរណ៍​ភ្ញៀវទេសចរ​ចិន​ ១,២ ​លាន​នាក់​មក​កម្ពុជា​កាលពី​ឆ្នាំ​មុន​ដែល​មាន​ចំនួន​ជាង ២១ ភាគរយ​ក្នុង​ចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ៥,៦ ​លាន​នាក់​។

ទិន្នន័យ​នេះ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​ ៣ ​ខែ​ដំបូង​ឆ្នាំ​នេះ​កម្ពុជា​បាន​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ១,៧ ​លាន​នាក់​ដែល​កើនឡើង​ ១៤ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ក្នុង​ចំណោម​ចំនួន​សរុប​នេះ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​មាន​ចំនួន ៥០៥ ៩៤០ នាក់ កើនឡើង ៨៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៧​។

លោក ថោង ខុន បាន​ថ្លែង​ថា​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ ៦,២ លាន​នាក់​នៅ​ឆ្នាំ​នេះ និង ៧ ​លាន​នាក់​ក្នុង​ឆ្នាំ​ ២០២០ ដែល​នឹង​នាំ​ចំណូល​ ៥ ​ពាន់​លាន​ដុល្លារ និង​ផ្ដល់​ការងារ​ដល់​ប្រជាជន​ ១ ​លាន​នាក់​។ លោក​បន្ថែម​ថា ​ភ្ញៀវទេសចរ​អន្តរជាតិ​នឹង​កើនឡើង​ដល់​ ១៥ ​លាន​នាក់​ក្នុង​ឆ្នាំ​ ២០៣០ ដែល​នាំ​ប្រាក់​ចំណូល​ ១០ ​ពាន់​លាន​ដុល្លារ និង​ផ្ដល់​ការងារ​ដល់​ប្រជាជន ២ លាន​នាក់​៕LA