ភ្នំពេញៈ ផ្សារហ៊ុន​កម្ពុជា (CSX) បានបង្ហាញ​ពី​សកម្មភាព​ជួញដូរ​កាន់តែ​សកម្ម​ចាប់តាំងពី​ផ្សារ​នេះ​ត្រូវ​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១២ ខណៈ​មាន​ក្រុមហ៊ុន​កាន់តែ​ច្រើន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុងការ​ចុះបញ្ជី​។

ការជួញដូរ​នៅក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៩ បាន​បង្ហាញ​ពី​កំណើន​ដោយ​មូលធនូបនីយកម្ម​ទីផ្សារ​បាន​កើនឡើង​ជាង ៤០ ​ភាគរយ បើ​ធៀប​នឹង​​ត្រីមាស​ទី​២ ដែល​នេះ​គឺជា​តួលេខ​ខ្ពស់បំផុត​ចាប់​តាំង​ផ្សារហ៊ុន​បើក​ដំណើរការ​កាលពី​ឆ្នាំ​ ២០១២​។ នេះ​បើតាម​ទិន្នន័យ​ពី​ផ្សា​រមូលបត្រ​កម្ពុជា​។

ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​បង្ហាញ​ថា​នៅក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៩ មូលធនូបនីយកម្ម​ទីផ្សារ​បាន​កើន​ដល់ ៨០០ លាន​ដុល្លារ​កើនឡើង​ជាង ៤០ ​ភាគរយ​ពី​ចំនួន ៥៧០ ​លាន​ដុល្លារ​កាលពី​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៩​។ ចំណែក​សន្ទស្សន៍​ផ្សារហ៊ុន​បាន​កើនឡើង​ដល់ ៨៦៩ ​ពិន្ទុ​ដែល​ជា​តួលេខ​ខ្ពស់បំផុត​ក្នុង​រយៈកាល ៦ ​ឆ្នាំ​ចុង​ក្រោយនេះ​។

មូលធនូបនីយកម្ម​ទីផ្សារ​ជា​តម្លៃ​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ទាំងអស់​បូក​បញ្ចូល​គ្នា​គិត​តាម​តម្លៃ​ទីផ្សារ​ដោយ​តម្លៃ​ក្រុមហ៊ុន​នីមួយៗ​គេ​យក​ថ្លៃ​ភាគហ៊ុន​គុណ​ចំនួន​ភាគហ៊ុន​ចុះបញ្ជី​។

ទិន្នន័យ​បាន​ឲ្យ​ដឹង​ទៀតថា ចំនួន​គណនី​ថ្មី​ដែល​បើក​ក្នុង​ត្រីមាស​ទី​ ៣ មាន​ចំនួន ៧២៥ ដោយ​គិត​ត្រឹម​ចុង​ត្រីមាស​ទី​ ៣ គណនី​ជួញដូរ​មាន​ចំនួន​សរុប ២២ ១៩៦​។ ការជួញដូរ​ជា​មធ្យម​ក្នុង​ត្រីមាស​ទី​ ៣ គិត​ជា​ទឹកប្រាក់​មាន​តម្លៃ​ប្រមាណ ២៧.១២១ ដុល្លារ​ស្មើនឹង ១២ ៥៣៩ ​ភាគហ៊ុន​ក្នុង ​១ ​ថ្ងៃ​។ ការជួញដូរ​ដែល​មាន​លក្ខណៈ​វិនិយោគិន​ឯកត្តបុគ្គល​មាន​ប្រហែល ៩៤ ​ភាគរយ​។

លោកស្រី គឹម សុផានីតា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​ CSX បាន​និយាយថា សកម្មភាព​ប្រតិបត្តិការ​របស់​ផ្សារហ៊ុន​កម្ពុជា​ក្នុង​ត្រីមាស​ទី ៣ ឆ្នាំ​ ២០១៩ មាន​ភាពល្អប្រសើរ​យ៉ាង​ខ្លាំង​ចាប់តាំងពី​រយៈពេល​ ៦ ឆ្នាំ​ នៃ​ការចាប់ផ្តើម​ដំណើរការ​ផ្សារហ៊ុន​។

លោកស្រី​បន្តថា ភាពល្អ​ប្រសើរ​របស់​ផ្សារមូលបត្រ​កម្ពុជា​នៅពេល​នេះ​គឺ​មកពី​កត្តា​សំខាន់ៗ​មួយចំនួន​ដូចជា ការបន្ថែម​ម៉ោង​ជួញដូរ កំណើនសេដ្ឋកិច្ច​កម្ពុជា និង​កំណើន​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​។

លោកស្រី​បន្តថា​៖ «​គោលនយោបាយ​បែងចែក​ភាគលាភ​កាន់តែ​ប្រសើរ ការបង្កើន​ទំនុកចិត្ត​របស់​វិនិយោគិន​មកលើ​ទីផ្សារ កិច្ចខិតខំ​ប្រឹងប្រែង​របស់ CSX និង​ភាគី​ពាក់ព័ន្ធ​ក្នុង​ការសម្រួល​បទប្បញ្ញត្តិ​នីតិវិធី និង​ការធ្វើសកម្មភាព​ផ្សព្វផ្សាយ​បាន​កាន់តែ​ទូលំទូលាយ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ក៏​ជា​កត្តា​ចម្បង​ក្នុង​ការជំរុញ​ទីផ្សារ​ដែរ​»​។

លោកស្រី​បន្តថា​ជាមួយ​នឹង​ភាព​ល្អប្រសើរ​នេះ​បាន​ធ្វើឲ្យ​ចំនួន​គណនី​ជួញដូរ​បច្ចុប្បន្ន​មាន​ចំនួន ២២ ១៩៦ ដោយ​កើនឡើង​ ៣៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​រៀបចំ​ខ្លួន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការកាត់បន្ថយ​ពន្ធ ៥០ ​ភាគរយ​លើ​ពន្ធ​លើ​ប្រាក់​ចំណេញ​។ នេះ​បើ​តាម​លោកស្រី សុផានីតា​។

អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​ក៏​ដូចជា​វិស័យ​នេះ​ទាំងមូល​។ ខ្ញុំ​រំពឹងថា ប្រសិន​បើ​ក្រុមហ៊ុន​ថ្មី​ដែល​ត្រៀម​ចុះបញ្ជី​អាច​ដំណើរការ​ចប់​រួចរាល់​តាម​ការគ្រោងទុក ហើយ​ភាគហ៊ុន​ទាំងអស់​នឹង​នៅតែ​បន្ត​ផ្តល់​អត្រា​ចំណេញ​មួយ​ដ៏ទាក់ទាញ​នោះ​នឹង​មាន​ការចូលរួម​កាន់តែ​ច្រើន​បន្ថែមទៀត​ពី​សំណាក់​វិនិយោគិន​»​។

ទិន្នន័យ​ពី CSX បាន​ឲ្យ​ដឹង​ទៀតថា តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ទាំង ៥ ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​ ៣ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨ គឺ​តម្លៃ​ភាគហ៊ុន​របស់ PAS កើនឡើង ២៧០ ​ភាគរយ ពី ៦ ៤០០ ​រៀល មក ២៣ ៦៥០ ​រៀល​, PPAP កើនឡើង​ជិត ១០០ ​ភាគរយ ពី ៦ ៤០០ ​រៀល មក ១២ ៧៨០ ​រៀល​, PWSA កើនឡើង ៩៣ ​ភាគរយ ពី ៣ ១៨០ ​រៀល មក ៦ ១៦០ ​រៀល​, GTI កើនឡើង ៤៤ ​ភាគរយ ពី ៣ ០៥០ ​រៀល មក ៤ ៤០០ ​រៀល និង​តម្លៃ​របស់ PPSP បាន​ធ្លាក់​ចុះ ២ ​ភាគរយ ពី ២ ៨០០ រៀល មក ២ ៧៤០ ​រៀល​គិត​ត្រឹម​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៩​។

លោក អ៊ីវ រ៉ាណ្ណារិទ្ធិ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន RHB Indochina Securities Plc ដែលជា​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​បាន​ប្រាប់ថា កំណើន​ដ៏ខ្ពស់​នៃ​តម្លៃ​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ និង​កំពង់ផែ​ក្រុងភ្នំពេញ​គឺជា​ធាតុ​ដ៏សំខាន់​ក្នុង​ការធ្វើឲ្យ​ផ្សារមូលបត្រ​កម្ពុជា​មាន​សម្ទុះ​ខ្លាំង​ក្នុង​ត្រីមាស​ទី​ ៣​។

លោក​ថ្លែងថា​៖ «​ដោយសារ​ទីផ្សារ​របស់​យើង​នៅ​តូច ដូច្នេះ​នៅពេល​ដែល​មាន​ការចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នកវិនិយោគ​ក៏​អាច​នឹង​ធ្វើឲ្យ​មាន​ឥទ្ធិពល ធ្វើឲ្យ​ផ្សារ​កើនឡើង​ដែរ​។ មានន័យ​ថា​នៅពេល​ដែល​អ្នកលក់​មាន​ចំនួន​តិច និង​អ្នក​ចង់​ទិញ​មាន​ច្រើន ក៏​វា​ងាយ​ធ្វើឲ្យ​ទីផ្សារ​មាន​ការកើនឡើង​ដែរ​»៕ LA