ភ្នំពេញៈ ទំហំ​ជួញដូរ​ភាគហ៊ុន​​ក្នុង​​ផ្សារ​មូលបត្រ​កម្ពុជា (CSX) បាន​បង្ហាញ​ពី​កំណើន​ខ្ពស់​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ចន្ទ​ គិត​ចាប់​តាំង​ពី​​ផ្សារ​នេះ​បាន​​​បើក​ដំណើរការ​កាល​ពី​ឆ្នាំ​ ២០១២ ដែល​​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ជួញដូរ​ភាគហ៊ុន​របស់​កំពង់​ផែ​ក្រុង​ព្រះសីហនុ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CSX​។

ក្នុង​ចំណោម​ក្រុមហ៊ុន​ចុះ​បញ្ជី​ចំនួន​ ៥ នៅ​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា ការ​ជួញដូរ​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​មាន​រហូត​ដល់​ ៩៩ ​ភាគរយ នៃ​​ទំហំ​ភាគហ៊ុន ២ ១៥០ ៥៣៥ ភាគហ៊ុន​កាល​ពី​ថ្ងៃ​ចន្ទ។ ក្នុង​ចំនួន​ភាគហ៊ុន​​ដែល​ត្រូវ​បាន​​ជួញដូរ​នេះ​មាន​តម្លៃ​​ជាង ៤,៤៣ លាន​ដុល្លារ។

ទោះបី​ជា​យ៉ាង​នេះ​ក្តី​ ទំហំ​ភាគហ៊ុន ដែល​​បាន​បិទ​ការ​ជួញដូរ​នៅ​លើ​ផ្សារ​ហ៊ុន​កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ធ្លាក់​ចុះ​មក​ត្រឹម ១៤ ៦០៤ ហ៊ុន​ប៉ុណ្ណោះ។

ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បាន​ឲ្យ​​ដឹង​ថា កត្តា​ដែល​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ការ​ជួញដូរ​ភាគហ៊ុន​នេះ​​ដោយ​សារ​តែ​ការ​ប្រើប្រាស់​នីតិ​វិធី​ជួញ​ដូរ​តាម​ការ​ចរចា (Negotiated Trading Method) នៅ​ក្នុង​ផ្សារហ៊ុន​​កម្ពុជា។ NTM ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​កាល​ពី​ខែ​មករា ឆ្នាំ ២០១៨​ បន្ថែម​លើ​​​នីតិ​វិធី​ ដែល​មាន​ស្រាប់ គឺ​ការ​ជួញ​ដូរ​តាម​ការ​ដេញ​ថ្លៃ (Auction Trading Method)។

វិធី​សាស្ត្រ​ជួញដូរ​តាម​ការ​ចរចា បាន​អនុញ្ញាត​ឲ្យ​វិនិយោគិន​អាច​ទិញ ឬ​លក់ភាគហ៊ុន ឬ​មូលបត្រ​បំណុល​ក្នុង​ទំហំ​ធំ​ជា​មួយ​ដៃគូ​របស់​ខ្លួន​នូវ​ថ្លៃ​ដែល​បាន​​ចរចា​គ្នា​រួច ដោយ​គ្រាន់​តែ​ធ្វើ​ការ​ដាក់​បញ្ជា និង​ផ្គូផ្គង​ជា​មួយ​គ្នា​នៅ​ក្នុង​​ប្រព័ន្ធ​ជួញដូរ​ក្នុង​ទីផ្សារ​ប៉ុណ្ណោះ ខណៈ​​វិធីសាស្ត្រ​ជួញដូរ​តាម​ការ​ដេញ​ថ្លៃ គឺ​វិនិយោគិន​ត្រូវ​ដាក់​ការ​បញ្ជា​ទិញ និង​លក់​ភាគហ៊ុន​នៅ​ក្នុង​ប្រព័ន្ធ​ជួញដូរ​របស់​​ផ្សារ​ហ៊ុន ដើម្បី​ផ្គូផ្គង​ផ្អែក​តាម​វិធាន​ជួញដូរ​របស់​ទីផ្សារ និង​គោល​ការណ៍​អាទិភាព​នៃ​ការ​ដេញ​ថ្លៃ គឺ​ថ្លៃ និង​ពេល​វេលា។

លោកស្រី​ គឹម សុ​ផានីតា ប្រធាន​ស្តីទី​នៃ​នាយក​ដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​បាន​ឲ្យ​ដឹង​ថា លទ្ធផល​ល្អ​នៃ​អាជីវកម្ម និង​ទំនោរ​នៃ​ការ​កើន​ឡើង​តម្លៃ​ភាគហ៊ុន​​នា​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​ភាគហ៊ុន​របស់ PAS ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន​ពី​វិនិយោគិន។ លោកស្រី​ថ្លែង​ថា៖ «ការ​ជួញដូរ​ដែល​មាន​ទំហំ​ច្រើន​កាល​ពី​ថ្ងៃ​ចន្ទ គឺ​ដោយ​សារ​មាន​ក្រុមហ៊ុន​បរទេស ១ បាន​ចរចា​​ទិញ​យក​ភាគហ៊ុន​ពី​អ្នក​កាន់​កាប់​​​ភាគហ៊ុន​ច្រើន​របស់ PAS»។

ដោយ​សារ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ (PAS) មាន​ប្រតិបត្តិ​ការ​ល្អ និង​មាន​ប្រាក់​ចំណូល​ខ្ពស់​នោះ បាន​ធ្វើ​​ឲ្យ​មាន​វិនិយោគិន​ជា​ច្រើន​ចាប់​អារម្មណ៍​ក្នុង​ការ​ទិញ​យក​ភាគហ៊ុន​របស់ PAS។

លោកស្រី សុ​ផានីតា និយាយ​ថា៖ «ក្នុង​នាម​ជា​ផ្សារ​ហ៊ុន យើង​មាន​ក្តី​រំភើប​​ជា​មួយ​នឹង​កំណើន​នៃ​ការ​ជួញ​ដូរ ពិសេស​ប្រតិបត្តិការ​ទំហំ​ធំ​ក្នុង​ទីផ្សារ ព្រោះ​មាន​ន័យ​ថា យើង​អាច​ផ្តល់​សាច់​ប្រាក់​ងាយ​ស្រួល​បន្ថែម​សម្រាប់​វិនិយោគិន»។

ពេល​​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​សុក្រ​ទំហំ​នៃ​ការ​ជួញដូរ​មាន​ចំនួន ៧ ៦៧១ ភាគហ៊ុន។ ចាប់​ពី​ដើម​ឆ្នាំ ២០១៨ រហូត ដល់​ថ្ងៃ​ទី ២០ ខែ​ធ្នូ ចំនួន​នៃ​ការ​ជួញ​ដូរ​ជា​​មធ្យម​​ប្រចាំ​ថ្ងៃ​ មាន​ ៦ ៤៦៨ ភាគហ៊ុន​។ នេះ​បើ​យោងតាម លោកស្រី សុ​ផានីតា។

លោកស្រី ឆាយ លី​ហួរ ប្រធាន​ភ្នាក់ងារ ក្រុមហ៊ុន​មូលបត្រ អេស​ប៊ី​អាយ រ៉ូ​យ៉ាល់ ស៊ី​ឃ្យូ​រី​ធី ដែល​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើង​សារ​ក្នុង​ប្រតិបត្តិការ​ទិញ លក់​ភាគហ៊ុន​របស់ PAS បាន​និយាយ​ថា ចាប់​តាំង​ពី​ដើម​ត្រី​មាស​ទី ៤ ឆ្នាំ​ ២០១៨​ មក​មាន​អតិថិជន​ជា​ច្រើន​បាន​មក​ចុះ​ឈ្មោះ​បើក​គណនី​ជួញ​ដូរ​នៅ​ក្នុង​ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យូ​រី​ធី។

កំណើន​នៃ​ការ​បើក​គណនី​នា​ពេល​នេះ​ដោយ​សារ​បច្ចុប្បន្ន​នៅ​ផ្សារ​ហ៊ុន​កម្ពុជា មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​កាន់​តែ​ច្រើន ខណៈ​នៅ​ដើម​ឆ្នាំ​ ២០១៩ ខាង​មុខ​អាច​នឹង​មាន​ក្រុមហ៊ុន​​ថ្មី​ចំនួន ២ ​បន្ថែម​ទៀត។

ជា​មួយ​នឹង​អតិថិជន​ជាង ១ ០០០​ នាក់ ដែល​បាន​បើក​គណនេយ្យ​ជួញដូរ​​នៅ អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យូ​រី​ធី លោក​ស្រី លី​ហួរ បាន​និយាយ​ថា៖ «កំណើន​ក្រុមហ៊ុន​ចុះបញ្ជី នឹង​ធ្វើ​ឲ្យ​ផ្សារ​ហ៊ុន​កម្ពុជា​កាន់​តែ​មាន​ភាព​មមាញឹក​ខ្លាំង​ឡើង​បន្ថែម​ទៀត​នាពេល​អនាគត បើទោះ​ជា​ពេល​នេះ​នៅ​មាន​​សកម្មភាព​តិច បើ​​ធៀប​នឹង​ប្រទេស​ជិត​ខាង​ក៏​ដោយ»៕ LA