ក្រុងប្រ៊ុចសែលៈ ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) និង​ក្តីបារម្ភ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​បាន​បង្ក​ឲ្យ​កំណើន​សកម្មភាព​ផលិតកម្ម​ក្នុង​តំបន់​អឺរ៉ូ​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កាលពី​ខែកញ្ញា​។ នេះ​បើ​យោងតាម​ការអង្កេត​ដែលមាន​ការឃ្លាំមើល​យ៉ាង​យកចិត្ត​ទុកដាក់​មួយ​កាលពី​ថ្ងៃ​ចន្ទ​។

បញ្ហា​កាន់តែ​ស៊ីជម្រៅ​ក្នុង​វិស័យ​ផលិតកម្ម​បាន​បង្ក​ឲ្យ​វិស័យនេះ​ធ្លាក់ចុះ ដោយ​ទិន្នផល​ផលិតកម្ម​ធ្លាក់ចុះ​ក្នុង​អត្រា​លឿន​បំផុត​គិត​ចាប់ពី​ឆ្នាំ ២០១២ ​មក​ហើយ​ក៏មាន​ដំណឹង​អាក្រក់​ផងដែរ​ក្នុង​វិស័យ​សេវាកម្ម​ដែល​កំណើន​បាន​ថមថយ បន្ទាប់ពី​កើនឡើង​នាពេល​កន្លងមក​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន IHS Markit​។

សន្ទស្សន៍​អ្នកគ្រប់គ្រង​បញ្ជា​ទិញ (PMI) របស់​ក្រុមហ៊ុន IHS Markit ដែល​ត្រូវបាន​គេ​មើលឃើញ​ថា ជា​សូចនាករ​សំខាន់​មួយ​នៃ​ទំនុកចិត្ត​អាជីវកម្ម​បាន​ធ្លាក់ចុះ​ដល់​កម្រិត ៥០,៤ ក្នុង​ខែ​កញ្ញា​ពី​កម្រិត ៥១,៩ កាលពី​ខែ​សីហា ដែល​ជា​តួលេខ​ទាប​បំផុត​គិត​ចាប់ពី​ខែ​មិថុនា ឆ្នាំ​ ២០១៣ មក​។

តួលេខ​ដែល​មាន​កម្រិត​ខ្ពស់ជាង ៥០ បង្ហាញ​ពី​កំណើន ខណៈ​ដែល​ទាប​ជាង ៥០ បង្ហាញ​ពី​ការធ្លាក់ចុះ​។

លោក Chris Williamson ប្រធាន​សេដ្ឋវិទូ​របស់​ក្រុមហ៊ុន IHS Markit ព្រមាន​ថា ទិន្នន័យ​ដែល​ធ្លាក់ចុះ​ចុងក្រោយ​បំផុត​នេះ​បង្ហាញថា សេដ្ឋកិច្ច​កំពុង​ «​ស្ថិតនៅ​ចំណុច​នៃ​ការធ្លាក់ចូល​ក្នុងការ​ធ្លាក់​ចុះ​»​។

លោក Williamson បាន​មានប្រសាសន៍​ថា​៖ «​សេដ្ឋកិច្ច​របស់​តំបន់​អឺរ៉ូ​កំពុង​ស្ថិតនៅ​ជិត​ភាពទ្រឹង​ដោយសារ​ការធ្លាក់ចុះ​វិស័យ​ផលិតកម្ម​កាន់តែ​ខ្លាំង​បង្ហាញ​សញ្ញា​ថែមទៀត​នៃ​ការរីក​រាលដាល​ដល់​វិស័យ​សេវាកម្ម​»៕ KC