ទីក្រុងប៉េកាំងៈ ទិន្នន័យ​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ​បង្ហាញ​ថា សកម្មភាព​រោងចក្រ​នៅក្នុង​ប្រទេស​ចិន​បាន​បង្កើនល្បឿន​នៅ​ខែ​មិថុនា បើទោះបី​ជា​ក្រុម​អ្នកវិភាគ​បាន​ព្រមាន​ពី​ការធ្លាក់​ចុះខ្សោយ​នៃ​តម្រូវការ​ពិភពលោក និង​លទ្ធភាព​នៃ​ការកើតឡើង​ជាថ្មី​នៃ​វីរុស​កូរ៉ូណា​ដែល​នឹងដាក់​សម្ពាធ​លើ​ការស្ទុះ​ងើប​ឡើងវិញ​រយៈពេល​កាន់តែ​វែង​ក៏ដោយ​។

ប្រទេស​ដែល​មាន​សេដ្ឋកិច្ច ឈានមុខ​គេ​ទី​ ២ របស់​ពិភពលោក​នេះ​កំពុង​ត្រឡប់​ទៅ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​វីរុស និង​ការបិទ​ប្រទេស​ដែល​បាន​បណ្ដាល​ឲ្យ​ផ្អាក​សកម្មភាព​កាលពី​ដើម​ឆ្នាំ​ ២០២០ ​នេះ​។

ទោះយ៉ាងណា​ក្រុម​សេដ្ឋវិទូ​បាន​ព្រមាន​ថា សម្ទុះ​នេះ​អាច​ចុះខ្សោយ​នៅ​ឆមាស​ទី​ ២ ឆ្នាំ​ ២០២០ ដោយសារ​តែ​ទីផ្សារ​សំខាន់ៗ​មាន​ការលំបាក​ក្នុង​ការស្ទុះ​ងើប​ឡើង​វិញ​ពី​វិបត្តិ​។

សន្ទស្សន៍​នៃ​ការបញ្ជាទិញ (PMI) របស់​ប្រទេស​ចិន​ដែល​ជា​ការវាស់វែង​មួយ​នៃ​សកម្មភាព​នៅក្នុង​រោងចក្រ​បាន​កើនឡើង ៥០,៩ ​ពិន្ទុ​ កាលពី​ខែ​មិថុនា ដោយ​ប្រសើរ​ជាង​ការព្យាករ​ដែលមាន​ត្រឹម ៥០,៥ ​ពិន្ទុ​ នៅក្នុង​ការស្ទង់មតិ​របស់​ក្រុម​អ្នកវិភាគ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg News និង​កើនឡើង ០,៣ ​ពិន្ទុ បើ​ធៀប​នឹង​ខែឧសភា​។

ការបង្ហាញ​នេះ​នឹង​ត្រូវបាន​ស្វាគមន៍ ខណៈ​សេដ្ឋកិច្ច​ស្ទុះ​ងើបឡើង​បន្តិច​ម្ដងៗ​ពី​ជំងឺ​កូវីដ​-១៩ ដែល​ជា​ការធ្លាក់ចុះ​នៅ​ត្រីមាស​ទី​ ១ ជា​លើកដំបូង​នៅក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​។

លោក Zhao Qinghe ស្ថិតិវិទូ​ជាន់ខ្ពស់​នៅ NBS បាន​កត់សម្គាល់​ថា ការកើនឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​ដោយសារ​ «​តម្រូវការ​ផ្គត់ផ្គង់​បាន​បន្ត​កើនឡើង​» ​កាលពី​ខែ​មិថុនា ខណៈ​ការនាំចូល និង​នាំចេញ​ក៏​កំពុង​មើល​ទៅ​កាន់តែ​ប្រសើរ​ឡើង​ផងដែរ ព្រោះ​តែ​ទីផ្សារ​ពិភពលោក​សំខាន់ៗ​បាន​ចាប់ផ្ដើម​ឡើងវិញ​។

ប៉ុន្តែ​លោក​ក៏បាន​ព្រមាន​ថា​នឹង​នៅ​តែ​មាន «​ភាព​មិន​ច្បាស់លាស់​» ដោយសារ​សន្ទស្សន៍​ការនាំ​ចូល និង​នាំចេញ​ស្ថិតក្រោម​កម្រិត​ ៥០ និង​សហគ្រាស​តូចៗ​ជាច្រើន​បាន​រាយការណ៍​ពី​កង្វះ​ការបញ្ជាទិញ​។

លោក Ho Woei Chen សេដ្ឋវិទូ​នៅ​ក្រុមហ៊ុន UOB បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ថា ប្រតិបត្តិការ​កាន់តែ​អាក្រក់​របស់​ក្រុមហ៊ុន​តូចៗ​បង្ហាញថា រដ្ឋាភិបាល​របស់​ប្រទេស​ចិន​​ចាំបាច់​ត្រូវ​បន្ត​ផ្ដល់​ការគាំទ្រ​តាម​ទិសដៅ​កំណត់​។

លោក​ព្រមាន​ថា​៖ «​សម្ទុះ​នេះ​អាច​បាត់បង់​ថាមពល​ខ្លះៗ​នៅក្នុង​រយៈពេល​ជាច្រើន​ខែ​ខាងមុខ​»​។

លោក​ថ្លែងថា​៖ «​ការស្ទុះ​ងើប​ឡើងវិញ​នៅក្នុង​ករណី​ជំងឺ​កូវីដ ១៩ ​ថ្មី​នៅ​ទីក្រុង​ប៉េកាំង និង​បណ្ដា​ទីក្រុង​មួយចំនួន​ជុំវិញ​ទីក្រុង​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​សេវាកម្ម​»​។ លោក​បន្តថា ទិន្នន័យ​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា គ្មាន​ការស្ទុះ​ងើបឡើង​វិញ​ច្បាស់លាស់​នៅក្នុង​វិស័យ​ទេសចរណ៍​ទេ​នា​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​៕ LA