
លោក ស៊ី និងលោក ត្រាំ ក្នុងជំនួបចារចាបញ្ហាពាណិជ្ជកម្មនៅក្រៅជំនួបកិច្ចប្រជុំ G20 នៅប្រទេសអាហ្សង់ទីន។ រូប AFP
១. ខែមករា
- ប្រទេស ចិន បានបង្កើតបណ្ដាញផ្លូវដែកល្បឿនលឿនធំបំផុតក្នុងពិភពលោក ដែលមានប្រវែង ២២ ០០០ គីឡូម៉ែត្រ។ ប្រវែងនេះវែងជាងផ្លូវដែករួមបញ្ចូលគ្នានៅទូទាំងពិភពលោកទៀតផង។
- អាជ្ញាធរអាកាសចរណ៍វៀតណាមបានពិន័យក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ពីបទស្លៀកពាក់ស្ទើរតែស្រាតដោយនារីម៉ូដែលស្លៀកប៊ីគីនីនៅលើជើងហោះហើរពិសេសមួយដែលដឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមពីការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់អាស៊ីអាយុក្រោម ២៣ ឆ្នាំក្នុងប្រទេស ចិន។
២. ខែកុម្ភៈ
- ប្រទេស ជប៉ុន នៅតែបន្តនាំមុខប្រទេស ចិន ខ្លាំងក្នុងគម្រោងផ្តល់មូលនិធិហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ាន។ ជប៉ុនគ្រងតំណែងក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងហ្វីលីពីន និងវៀតណាម ខណៈចិន កំពុងបង្កើនល្បឿនប្រកួតប្រជែងដោយប្រើប្រាស់វិធានការជំរុញដ៏ខ្លាំងនៅតាមប្រទេសនានា ដែលស្ថិតនៅតាមផ្លូវនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។
- ទីក្រុង ឌូបៃ បានបើកដំណើរការសណ្ឋាគារខ្ពស់ជាងគេបំផុតក្នុងពិភពលោក ដោយបានដណ្តើមយកនាមជាអគារនិមិត្តសញ្ញាសំខាន់មួយក្នុងទីក្រុងនេះ។ សណ្ឋាគារ ៧៥ ជាន់ Gevora Hotel មានកម្ពស់ ៣៥៦ ម៉ែត្រ ដោយខ្ពស់ជាងអគារខ្ពស់បំផុតចាស់ JW Mariott Marquis ត្រឹមតែ ១ ម៉ែត្រប៉ុណ្ណោះ។
៣. ខែមីនា
- លោក ដូណាល់ ត្រាំ បានរារាំងសំណើក្រុមហ៊ុន Broadcom របស់សិង្ហបុរី ដើម្បីទិញយកក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm ដោយលើកឡើងពីក្តីបារម្ភពីបញ្ហាសន្តិសុខជាតិ។ លោក ត្រាំ ថា កិច្ចព្រមព្រៀង ១១៧ ពាន់លានដុល្លារនេះ គំរាមកំហែងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់អាមេរិក។
- ក្រុមហ៊ុន BMW របស់អាល្លឺម៉ង់ បានទទួលរងការប្តឹងនៅអាមេរិកពីបទបំពាក់ «ឧបករណ៍បន្លំ» ក្នុងរថយន្តរាប់ម៉ឺនគ្រឿង ដើម្បីបន្លំការធ្វើតេស្តបញ្ចេញឧស្ម័នកាបូនរបស់រថយន្តម៉ាស៊ីនម៉ាស៊ូត ដែលប៉ះពាល់លើរថយន្តម៉ាស៊ូតម៉ូដែល BMW X5 និង 335D ដែលលក់ចេញពីឆ្នាំ ២០០៩ ដល់ ២០១៣។ ការបញ្ចេញកាបូនពីរថយន្តទាំងនោះ មានកម្រិតខ្ពស់ជាងមាត្រាដ្ឋានអនុញ្ញាតរហូតដល់ទៅ ២៧ ដង។
៤. ខែមេសា
- ភាគហ៊ុនិករបស់ធនាគារពិភពលោក បានដំឡើងសមត្ថភាពផ្តល់កម្ចី ១៣ ពាន់លានដុល្លារ ក្នុងនោះ ៧,៥ ពាន់លានដុល្លារសម្រាប់ធនាគារនេះ និង ៥,៥ ពាន់លានដុល្លារសម្រាប់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិរបស់ធនាគារនេះ។ ការបង្កើនសមត្ថភាពផ្តល់ឥណទាននេះ នឹងផ្តល់លទ្ធភាពឲ្យធនាគារ WB បង្កើនការផ្តល់ឥណទានជាមធ្យមរហូតដល់ ១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០៣០ ពីប្រហែល ៨០ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ នេះ។
- សហភាពអឺរ៉ុប និងម៉ិកស៊ិកបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍មួយ ដើម្បីធ្វើទំនើបកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់។ ស្ថិតក្រោមលក្ខខណ្ឌដែលត្រូវបានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះ នឹងរួមបញ្ចូលទាំងក្នុងវិស័យកសិកម្មផងដែរ។
៥. ខែឧសភា
- រដ្ឋាភិបាលចិនបានអនុម័តកម្ចី ១ ពាន់លានដុល្លារដល់ប្រទេស ស្រីលង្កា សម្រាប់ដំណាក់កាលទីមួយនៃគម្រោងសាងសង់ផ្លូវ Central Expressway តាមរយៈធនាគារចិន EXIM Bank។ ជំនួយចិនចំពោះស្រីលង្កា បានកើនឡើងក្នុងរយៈពេលថ្មីៗ បន្ទាប់ពីបញ្ហាបញ្ចប់គម្រោងកំពង់ផែកូឡុំបូត្រូវបានដោះស្រាយ។
- ឥណ្ឌា បានតវ៉ានៅអង្គការពាណិជ្ជកម្មពិភពលោកប្រឆាំងនឹងអត្រាពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់អាមេរិក។ ឥណ្ឌាចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពីបទ «រំលោភបំពាន» ច្បាប់ជាច្រើនរបស់អង្គការ WTO។
៦. ខែមិថុនា
- ក្រុមហ៊ុនអាកាសចរណ៍ចិន Air China បានចាប់ផ្តើមការហោះហើរឡើងវិញរវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង បន្ទាប់ពីផ្អាករយៈពេល ៥ ខែ។ ការចាប់ផ្តើមហោះហើរឡើងវិញនេះបានធ្វើឡើង ខណៈចិនបានស្វែងរកការកែលម្អចំណងទាក់ទងជាមួយកូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តក្នុងសង្គ្រាមត្រជាក់របស់ខ្លួន។
- ក្រុមហ៊ុន Toyota បានវិនិយោគទឹកប្រាក់ ១ ពាន់លានដុល្លារក្នុងក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនផ្តល់សេវាហៅតាក់ស៊ីជិះរបស់សិង្ហបុរី។ កិច្ចព្រមព្រៀងនេះមានបំណងសម្រេចឲ្យបាននូវការតភ្ជាប់សម្រាប់ក្រុមរថយន្តជួលរបស់ក្រុមហ៊ុន Grab នៅអាស៊ីអាគ្នេយ៍ និងដាក់បង្ហាញសេវា តភ្ជាប់ផ្សេងៗនៅទូទាំងតំបន់នេះ ដែលប្រើប្រាស់ទិន្នន័យរថយន្ត ដែល រក្សាទុកដោយក្រុមហ៊ុន Toyota។
៧. ខែកក្កដា
- ក្រុមហ៊ុនប្រេង BP របស់អង់គ្លេស បានចាប់ផ្ដើមប្រតិបត្តិការបំពង់បង្ហូរឧស្ម័នក្រោមការវិនិយោគតម្លៃ ២៨ ពាន់លានដុល្លាររបស់ខ្លួននៅប្រទេស អាស៊ែបៃហ្សង់ ដើម្បីផ្គត់ផ្គង់ឧស្ម័នទៅឲ្យប្រទេស តួកគី និងទីកន្លែងផ្សេងទៀតនៅអឺរ៉ុប។ គម្រោង «Shah Deniz 2» គឺជាចំណុចចាប់ផ្ដើមសម្រាប់ច្រករបៀងឧស្ម័នភាគខាងត្បូងជាច្រើននៃបំពង់បង្ហូរឧស្ម័ន ដែលនឹងចែកចាយឧស្ម័នធម្មជាតិជាលើកដំបូងពីសមុទ្រកាសព្យែន (Caspian) ទៅទីផ្សារអឺរ៉ុប។
- អាមេរិកដកហូតពន្ធគយនាំចូលលើទំនិញចិនមានតម្លៃជាង ៣០ ពាន់លានដុល្លារ ដែលជាការសងសឹកមួយទៅលើការចោទប្រកាន់ថា រដ្ឋាភិបាលក្រុងប៉េកាំងបានលួចកម្មសិទ្ធិបញ្ញាអាមេរិក។ ជាការតបតវិញ ប្រទេស ចិន បានដកហូតពន្ធនាំចូលលើទំនិញអាមេរិកដែលតម្លៃ ៣៤ ពាន់លានដុល្លារ។
៨. ខែសីហា
- តុលាការវៀតណាម បានកាត់ទោសអតីតប្រធានធនាគារ និងពាណិជ្ជករ ៤៦ នាក់ពីបទពុករលួយជុំវិញផែនការខ្ចីប្រាក់ច្រើនលានដុល្លារ ដែលបានដឹកនាំដោយប្រធានដ៏មានអំណាចនៅពេលនោះរបស់ធនាគារ Vietnam''s Construction Bank។ ការកាត់ទោសជាផ្នែកមួយនៃវិធានការបោសសម្អាតវិស័យដែលមិនមានតម្លាភាពមួយនេះ ដែលញាំញីជាយូរមកហើយដោយបំណុលខូច អំពើពុករលួយ និងបក្សពួកនិយម។
- ជំងឺប៉េស្តជ្រូកអា្រហ្វិកបានផ្ទុះនៅប្រទេស ចិន ដោយអង្គការ FAO បានឲ្យដឹងថា ចិនបានប្រមូលសត្វជ្រូកជាង ២៤ ០០០ ក្បាលនៅក្នុងខេត្ត ៤ ដើម្បីបញ្ឈប់ការរីករាលដាលរបស់ជំងឺនេះ។ ជំងឺនេះត្រូវបានរកឃើញនៅក្នុងតំបន់ដែលឆ្ងាយពីគ្នាជាង ១ ០០០ គីឡូម៉ែត្រ។
៩. ខែកញ្ញា
- ក្រុមហ៊ុន Facebook ប្រកាសវិនិយោគជាង ១ ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅសិង្ហបុរី ដែលជាមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួននៅអាស៊ី។ មជ្ឈមណ្ឌលនេះត្រូវបានរំពឹងថា នឹងដាក់ឲ្យប្រតិបត្តិការប្រហែលនៅឆ្នាំ ២០២២ ហើយនឹងរៀបចំដាក់កុំព្យូទ័រមេរបស់ក្រុមហ៊ុន Facebook និងធ្វើមជ្ឈមណ្ឌលប្រតិបត្តិការព័ត៌មានវិទ្យារបស់ខ្លួន។
- ក្រុមហ៊ុន Apple ដាក់បង្ហាញទូរស័ព្ទ iPhone ថ្មីចំនួន ៣ ម៉ូដក្នុងទីផ្សារទូរស័ព្ទទំនើបតម្លៃថ្លៃ ដែលរួមមានទូរស័ព្ទ iPhone XS អេក្រង់ទំហំ ៥,៨ អ៊ិញ និង iPhone XS Max ទំហំ ៦,៥ អ៊ិញ និងទូរស័ព្ទ iPhone XR មានអេក្រក់ទំហំ ៦,១ អ៊ិញ។ ក្រុមហ៊ុននេះក៏បានដាក់បង្ហាញនាឡិកាដៃទំនើបដែលត្រូវបានកែលម្អថ្មី និងមានកម្មវិធីទំនើបផងដែរ។
១០. ខែតុលា
- ប្រទេស ម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក បានឯកភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ដែលហៅថាកិច្ចព្រមព្រៀង ៣ ប្រទេសនេះ (USMCA) ដែលនឹងជំនួសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA)។ ការសម្រេចបាននេះបានកើតមានបន្ទាប់ពីមានការចរចាយ៉ាងតានតឹងរវាងប្រទេសទាំង ៣ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមលុបចោល NAFTA បើមិនមានការចរចាឡើងវិញ។
- សហភាពអឺរ៉ុប និងសិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនៅក្រៅជំនួបកិច្ចប្រជុំកំពូលអឺរ៉ុបអាស៊ី ដែលទីក្រុងប៊្រុចសែលសង្ឃឹមថា អាចជាសញ្ញាមួយបង្ហាញពីការប្រឆាំងនឹងកិច្ចគាំពារនិយមក្នុងទីក្រុងប៉េកាំង។
១១. ខែវិច្ឆិកា
- បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីចំណាត់ការរបស់អាមេរិកក្នុងការដាក់ទណ្ឌកម្មថ្មីៗលើសេដ្ឋកិច្ចរបស់ប្រទេស អ៊ីរ៉ង់ ដោយប្តេជ្ញាថានឹងការពារក្រុមហ៊ុនអឺរ៉ុបដែលធ្វើអាជីវកម្ម «ស្របច្បាប់» ជាមួយទីក្រុងតេហេរ៉ង់។ សេចក្តីថ្លែងការណ៍នេះបានការពារកិច្ចព្រមពៀងនេះថា «មានសារៈសំខាន់សម្រាប់សន្តិសុខរបស់អឺរ៉ុប តំបន់ និងពិភពលោកទាំងមូល»។
- មីយ៉ាន់ម៉ា និងចិន បានចុះកិច្ចព្រមព្រៀងស្តីពីគម្រោងកំពង់ផែសមុទ្រជ្រៅចម្រូងចម្រាសមួយនៅឆ្នេរសមុទ្របង់ហ្កាល់ដែលអាចឲ្យទីក្រុងប៉េកាំងបន្តទៅមុខជាមួយនឹងផែនការយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការចូលទៅកាន់មហាសមុទ្រឥណ្ឌា។ កិច្ចព្រមព្រៀងនេះជាផ្នែកសំខាន់មួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង។
១២. ខែធ្នូ
- លោកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ត្រូវបានចាប់ឃុំនៅកាណាដា ទៅតាមសំណើសុំធ្វើបត្យាប័នរបស់អាមេរិក ដែលចោទប្រកាន់ថាធ្វើអាជីវកម្មជាមួយប្រទេស អ៊ីរ៉ង់ ដែលរំលោភច្បាប់ដាក់ទណ្ឌកម្មអាមេរិក។ សកម្មភាពនេះជំរុញឲ្យមានការចាប់ខ្លួនជនជាតិកាណាដានៅចិន ដែលអាចជាវិធានការតបវិញរបស់ក្រុងប៉េកាំង។
- អាមេរិក និងចិន បានប្រកាសការផ្អាកសង្គ្រាមពន្ធនាំចូលរយៈពេល ៩០ ថ្ងៃគិតចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩ ទៅ ដោយសន្យាថាមិនចាត់វិធានការពន្ធគយតបតគ្នារបស់ពួកគេលើទំនិញតម្លៃរាប់រយពាន់លានដុល្លារទៀតនោះទេ។ ក្នុងរយៈពេល ៣ ខែនេះ ភាគីទាំង ២ នឹងខិតខំចរចាដើម្បីស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាពាណិជ្ជកម្មទាំងអស់៕