ភ្នំពេញៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០ បាន​ស្នើសុំ​ជាថ្មី​ឱ្យ​រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​ណែនាំ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឱ្យ​ផ្អាក​ការបង់​ប្រាក់កម្ចី និង​ការប្រាក់​យ៉ាងតិច ៣ ​ខែ​ដល់​អ្នក​ខ្ចី​ក្នុង​អំឡុងពេល​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១០៣ ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៦ មេសា ឱ្យដឹងថា ការដាក់ចេញ​វិធានការ​នេះ​នឹង​ផ្ដល់​លទ្ធភាព​ឱ្យ​អ្នក​ខ្ចីប្រាក់​នូវ​ឱកាស​ស្នាក់​នៅផ្ទះ និង​រក្សា​សុវត្ថិភាព​ក្នុង​អំឡុងពេល​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​ពួកគេ​មិនគួរ​ត្រូវ​ភ័យខ្លាច​ក្នុង​ការបាត់បង់​ដីធ្លី ឬ​ផ្ទះសំបែង ប្រសិន​បើ​ពួកគេ​គ្មាន​លទ្ធភាព​បង់ប្រាក់​។

អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​មានដូចជា អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​, អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ជាដើម​។

សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់ថា​៖ «​យើងខ្ញុំ​ស្នើសុំ​យ៉ាងទទូច​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ដោយ​ដាក់ចេញ​វិធានការ​ណែនាំ​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ​ដែល​រកប្រាក់​ចំណេញ ដើម្បី​ជួយ​ទទួលបន្ទុក​សេដ្ឋកិច្ច​ខ្លះ​របស់​អ្នក​ខ្ចីប្រាក់​»​។

សេចក្តី​ថ្លែងការណ៍​ឱ្យដឹងទៀតថា ការរៀបចំ​ឥណទាន​ឡើងវិញ​នៅក្នុង​រយៈពេល​ជាង​ ១ ​ឆ្នាំ​កន្លងមក​មិនបាន​ពេញលេញ​សម្រាប់​កម្ចី​ឥណទាន​ខ្នាតតូច​ប្រមាណ​ ១០ ​ភាគរយ ​ដែល​ត្រូវបាន​រាយការណ៍​ដោយ​វិស័យ​មីក្រូហិរញ្ញវត្ថុ​គឺ​មិន​គ្រប់គ្រាន់​ឡើយ​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​៖ «​យើងខ្ញុំ​សូម​ស្នើសុំ​ជាថ្មី​ម្ដងទៀត​សូម​ឱ្យ​ផ្អាក​ការបង់​សង​កម្ចី​ទាំងអស់ រួមទាំង​ប្រាក់​ដើម និង​ការប្រាក់ ក៏ដូចជា ការប្រាក់​បង្គរ​ (​ការប្រាក់​ដែល​ត្រូវបាន​កត់ត្រា​ទុក និង​ត្រូវ​ទូទាត់​នៅពេល​ក្រោយ​) ​សម្រាប់​រយៈពេល​យ៉ាងតិច​ ៣ ​ខែ​»​។

ឆ្លើយតប​នឹង​សេចក្តី​ថ្លែងការណ៍​នេះ​លោក កាំង តុងងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA) ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ការស្នើសុំ​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ​មិនមែន​ជា​វិធានការ​ដោះស្រាយ​មាន​ប្រសិទ្ធភាព​នោះទេ ហើយ​វា​ក៏​មិនអាច​ធ្វើ​ទៅរួច​បានទេ​។

លោក​ថ្លែងថា​៖ «​យើង​មើលឃើញ ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ វា​មាន​ទំហំធំធេង​ដែល​បង្ក​ផលប៉ះពាល់​ដល់​ការប្រកបរបរ​រកស៊ី​របស់​ប្រជាជន​មួយចំនួន ហើយ​យើង​ក៏​ខិតខំ​ណាស់នា​ពេលកន្លងមក ដើម្បី​ជួយ​សម្រាល​បន្ទុក​អតិថិជន​ដែល​រង​ផលប៉ះពាល់ ប៉ុន្តែ​យើង​មានលទ្ធភាព​របស់​យើង ដោយសារ​យើង​ជា​វិស័យ​ឯកជន​ក៏​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ​ ១៩ ដែរ​»​។

លោក​បន្តថា​៖ «​យើង​មាន​យន្តការ​ផ្សេងៗ​ទៀត​សម្រាប់​សម្រួល​ដល់​អតិថិជន​ដើម្បី​ធានាថា ដំណោះស្រាយ​ដែល​យើង​បាន​ដាក់ជូន​អតិថិជន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ជាក់ស្តែង​របស់​អតិថិជន​នីមួយៗ​។ យើង​មិនអាច​ប្រើ​ដំណោះស្រាយ​តែ​ ១ ​សម្រាប់​មនុស្ស​ ២ ​លាន​នាក់​បានទេ អ៊ីចឹង​ការផ្អាក​បង់​ស្វ័យប្រវត្តិ​រយៈពេល​ ៣ ​ខែ​វា​មិនមែន​ជា​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ ក៏ដូចជា​អតិថិជិន​ផងដែរ​»​។

យោងតាម​លោក តុងងី មកដល់ពេលនេះ​ចំនួន​នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កើន​ជិត​ ៣០ ​ម៉ឺន​នាក់​ ដែល​ស្មើនឹង​តម្លៃ​ជាង ១,៤ ​ពាន់​លាន​ដុល្លារ​។

ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​កាលពី​ខែមីនា ឆ្នាំ​ ២០២០ បានចេញ​សារាចរណ៍​មួយ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ឱ្យ​រៀបចំ​ឥណទាន​ឡើងវិញ​ក្នុង​វិស័យ​អាទិភាព ៤ គឺ​ទេសចរណ៍ កាត់ដេរ សំណង់ ដឹកជញ្ជូន និង​ឡូជីស្ទិក​ដែល NBC ចាត់ទុក​ថា ជា​វិស័យ​ទទួលរង​ផលប៉ះពាល់​ខ្លាំង​បំផុត​ពី​ការរីករាលដាល​កូវីដ​ ១៩៕ LA

វីដេអូ៖