The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សង្គ្រាម​ពាណិជ្ជកម្ម និង​ Brexit បង្ក​ផល​ប៉ះ​ពាល់​ដល់​ពាណិជ្ជកម្ម​​អាល្លឺម៉ង់

សង្គ្រាម​ពាណិជ្ជកម្ម និង​ Brexit បង្ក​ផល​ប៉ះ​ពាល់​ដល់​ពាណិជ្ជកម្ម​​អាល្លឺម៉ង់

Content image - Phnom Penh Post
កប៉ាល់ដឹកកុងតឺន័រ​ចូល​ចត​នៅ​កំពង់ផែ​ក្នុងទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់​។ រូបថត AFP

សង្គ្រាម​ពាណិជ្ជកម្ម និង​ Brexit បង្ក​ផល​ប៉ះ​ពាល់​ដល់​ពាណិជ្ជកម្ម​​អាល្លឺម៉ង់

ក្រុង​ហ្រ្វេងហ្វឺតៈ អតិរេក​​ពាណិជ្ជកម្ម​​របស់​ប្រទេស ​អាល្លឺម៉ង់ ​​បាន​​ធ្លាក់​ចុះ​កាល​ពី​ឆ្នាំ​មុន​​ ​ធៀប​​​​នឹង​ឆ្នាំ ​២០១៧​ ​ដោយ​​សង្គ្រាម​ពាណិជ្ជកម្ម​ធ្វើ​ឲ្យ​អតិរេក​​ធ្លាក់​ចុះ បើ​ទោះ​ជា​​​ការ​នាំចូល​ និង​នាំចេញ​​​បាន​កើន​ឡើង​​ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន​​ក្តី។ នេះ​​បើ​យោង​តាម​ទិន្នន័យ​ផ្លូវ​ការ​​ដែល​បាន​ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃ​ចុង​សប្តាហ៍​មុន។

អាល្លឺម៉ង់​​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​តំបន់​​អឺរ៉ុប​បាន​នាំចេញ​ទំនិញ​ក្នុង​តម្លៃ​​ ២២៧,៨ ​ពាន់​លាន​អឺរ៉ូ​ (២៥៨,៣​ ពាន់​លាន​​ដុល្លារ​) ​ច្រើន​ជាង​តម្លៃ​​​នាំចូល​ក្នុង​ឆ្នាំ ​២០១៨​។ នេះ​បើ​តាម​ការិយាល័យ​ស្ថិតិ Destatis ​របស់​​សហព័ន្ធ​​អាល្លឺម់ង់។ ​

តួលេខ​អតិរេក​ពាណិជ្ជកម្ម​នេះ​មាន​កម្រិត​ទាប​ជាង​​អតិរេក​​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ ២០១៧ ចំនួន ២០ ពាន់​លាន​​​អឺរ៉ូ ដោយសារ​ការ​​នាំចូល​ដែល​​កើន​ឡើង ​៥,៧ ​ភាគរយ​​មាន​កម្រិត​ខ្ពស់​ជាង​ការ​​នាំចេញ​​ដែល​កើន​ឡើង​តែ ​៣ ភាគរយ​​​។
ក្នុង​លក្ខខណ្ឌ​ដាច់​ខាត​ការ​នាំចេញ​​​បាន​កើនឡើង​​ដល់​កម្រិត​​ខ្ពស់​​មិន​ធ្លាប់​មាន​ពី​មុន​គឺ​ចំនួន​ជាង ​​១,៣ ​ពាន់​ពាន់​​​អឺរ៉ូ​​​ ​ខណៈ​ដែល​ការ​នាំចូល​មាន​ចំនួន​​​ជិត​ ១,១​ ពាន់​ពាន់​លាន។

តួលេខ​សម្រាប់​​ខែ​ធ្នូ​​មិន​ល្អ​ឡើយ​ ​ដោយ​ការ​នាំចេញ​ធ្លាក់​ចុះ ​៤,៥ ​ភាគរយ​បើ​ធៀប​នឹង​ខែ​ធ្នូ ឆ្នាំ ២០១៧​ ដោយ​មាន​ទឹក​​ប្រាក់​នាំចេញ​ចំនួន ​៩៦,១ ​​ពាន់​លាន​អឺរ៉ូ​ ខណៈ​ដែល​ការ​នាំចូល​​មាន​កម្រិត​​ថេរ​​ដែល​មាន​​ទឹកប្រាក់ ​៨២,១ ​ពាន់​លាន​ដុល្លារ។

ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​​​បាន​មើល​ឃើញ​មាន​ការ​ថយ​ចុះ​ពាណិជ្ជកម្ម​​សកល ​​ខណៈ​ដែល​​ជម្លោះ​ពាណិជ្ជកម្ម​របស់​​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់​ ត្រាំ ​ជា​ពិសេស​ជា​មួយ​ប្រទេស​ ​ចិន ​បាន​​​ចាប់​ផ្តើម​បញ្ចេញ​ឥទ្ធិពល។

ប្រទេស ​អាល្លឺម៉ង់ ​​​បាន​ទទួល​រង​ប៉ះ​ពាល់​ដោយ​ផ្ទាល់​​​​ពី​ការ​ធ្លាក់​ចុះ​ប្រតិបត្តិការ​​​អន្តរ​អាត្លង់ទិក​របស់​ទីក្រុង​វ៉ាស៊ីនតោន​ជា​មួយ​ទីក្រុង​ប្រ៊ុចសែល ​ប៉ុន្តែ​ក៏​​​រង​ប៉ះ​ពាល់​ដោយ​ប្រយោល​​ផង​​ដែរ​ពី​​ជម្លោះ​​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស ​ចិន​ ព្រម​ទាំង​ដោយសារ​ការ​កើន​ឡើង​​ការ​ភ័យ​ខ្លាច​​​នៃ​ការ​ចាក​ចេញ​របស់​​ចក្រភព​អង់គ្លេស​ពី​សហភាព​​អឺរ៉ុប​ (Brexit) ដែល​នាំ​ឲ្យ​ការ​​ធ្វើ​ពាណិជ្ជកម្ម​​​ជា​មួយ​ចក្រភព​អង់គ្លេស​ដែល​ជា​​​​ដៃ​គូ​ពាណិជ្ជកម្ម​​សំខាន់​​របស់​ខ្លួន​ជួប​​ការ​លំបាក។

ការ​នាំចេញ​ទៅ​កាន់​​ប្រទេស​ជិត​ខាង​របស់​ប្រទេស ​អាល្លឺម៉ង់ ​​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​​អឺរ៉ុប ​​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ​កាល​​ពី​ខែ​ធ្នូ​ ឆ្នាំ​មុន ខណៈ​ដែល​​សេដ្ឋកិច្ច​​បាន​ថមថយ​​នៅ​ក្នុង​តំបន់​​ប្រើប្រាស់​រូបិយប័ណ្ណ​​​តែ​មួយ​​ដែល​មាន​ ១៩ ​ប្រទេស​។

យ៉ាង​ណា​ក្តី លោក Carsten Brzeski ​សេដ្ឋវិទូ​នៅ​ធនាគារ ING Diba បាន​កត់​សម្គាល់​ថា៖ «​ទោះ​​ជា​​​មាន​ការ​ភ័យ​ខ្លាច​​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​ក្តី​ ក៏​​​​វិស័យ​នាំចេញ​​មិន​ត្រឹមតែ​មិន​រីក​​ច្រើន​​នោះ​ទេ​ក្នុង​ឆ្នាំ​ ២០១៨ តែ​ថែម​ទាំង​មិន​ចូល​​រួម​ចំណែក​​​ប្រកប​ដោយ​​​វិជ្ជមាន​​ដល់​​​កំណើន​ ផ.ស.ស នៅ​ត្រី​មាស​ទី​៤ ​​​របស់​អាល្លឺម៉ង់​​ទៀត​ផង​»។

លោក​បាន​ថ្លែង​​ថា​៖ «​​ដោយ​សម្លឹង​មើល​ទៅ​មុខ​ ​ហានិភ័យ និង​​ភាព​មិន​ច្បាស់​លាស់​​ពី​ខាង​ក្រៅ​ ​តំបន់​​ប្រើប្រាស់​រូបិយប័ណ្ណ​អឺរ៉ូ​​ច្បាស់​ណាស់​ ​គឺ​ជា​កត្តា​ជោគជ័យ​ឬ​បរាជ័យ​​​សម្រាប់​វិស័យ​នាំចេញ​៕ AFP/PS

អត្ថបទគួរចាប់អារម្មណ៍