
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល។
ប្រេងឆៅ គឺជាថាមពលមួយដ៏សំខាន់បំផុតនៅទូទាំងពិភពលោក។ ប៉ុន្តែ ប្រសិនបើគ្មានការចម្រាញ់ទៅជាផលិតផលសម្រេចដែលអាចប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ប្រេងសាំង ម៉ាស៊ូត និងប្រេងឥន្ធនៈដទៃទៀតនោះទេ វានឹងត្រូវបានចាត់ទុកជាប្រភពថាមពលដែលគ្មានតម្លៃ។
កាលពីខែមិថុនាថ្មីៗនេះ លោក Patrick Pouyanne ប្រធានក្រុមហ៊ុន Total បានថ្លែងថា ឧស្សាហកម្មប្រេងបានរងនូវឥទ្ធិពលអវិជ្ជមាននៃវីរ៉ុសកូរ៉ូណា ដែលធ្វើឲ្យមានភាពរាំងស្ទះទាំងស្រុងលើសង្វាក់ផលិតកម្មប្រេង។
ជាក់ស្ដែងក្នុងអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ផលិតកម្មប្រេងរបស់ សហរដ្ឋអាមេរិក បានធ្លាក់ចុះពី ១៣ លានបារ៉ែល មកត្រឹមតែ ១០,៥ លានបារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានរៀបចំកិច្ចប្រជុំមួយជាមួយ អារ៉ាប៊ី សាអ៊ូឌីត ប្រទេស រុស្ស៊ី និង សម្ព័ន្ធមិត្តអង្គការ OPEC ស្តីអំពីការកាត់បន្ថយផលិតកម្មប្រេង។ ចំពោះសកម្មភាពពាណិជ្ជកម្ម និងសេវាកម្មនៅក្នុងសហរដ្ឋអាមេរិកវិញ វាបានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីរងនូវផលប៉ះពាល់ពីវីរ៉ុសកូរ៉ូណា។ ទោះបីជាយ៉ាងណាក៏ដោយ បើផ្អែកតាមរបាយការណ៍មួយដែលត្រូវបានចេញផ្សាយជាសាធារណៈ សកម្មភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងខែមិថុនាមិនទាន់មានភាពរីកចម្រើនដល់ចំណុចមួយមុនពេលមានការរាតត្បាតនៃវីរ៉ុសកូរ៉ូណានោះទេ។
បើក្រឡេកមើលទិន្នន័យផលិតកម្មអាមេរិកវិញ វាបានស្ថិតក្នុងលក្ខខណ្ឌមួយដែលមានភាពល្អប្រសើរជាងមុនដោយមានការបើកឡើងវិញតាមដំណាក់កាលនូវសេដ្ឋកិច្ចក្នុងស្រុក ខណៈពេលដែលសន្ទុះនៃការនាំចេញទំនិញទៅក្រៅប្រទេស មានការកើនឡើងជាលើកដំបូងសម្រាប់ឆ្នាំ ២០២០ ដែលបង្ហាញពីលក្ខខណ្ឌវិជ្ជមានជាច្រើនជុំវិញភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផងដែរ។
លើសពីនេះទៅទៀត លោក Donald Trump បានឲ្យដឹងថា នៅចុងឆ្នាំ ២០២០ នេះ សហរដ្ឋអាមេរិកនឹងមានវ៉ាក់សាំងការពារវីរ៉ុសកូរ៉ណា ស្របពេលដែលមន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលរបស់សហរដ្ឋអាមេរិក មានសុទិដ្ឋិនិយមលើការពន្លឿនល្បឿននៃការបង្កើតវ៉ាក់សាំងឲ្យកាន់តែមានប្រសិទ្ធភាពនិងសុវត្ថិភាព។
ដូច្នេះ តម្លៃប្រេងនៅក្នុងខែកក្កដានេះ អាចនឹងស្ថិតនៅក្នុងចន្លោះ ៣៨ ដុល្លារ ទៅ ៤៥ ដុល្លារក្នុងមួយបារ៉ែល។ ប៉ុន្តែប្រសិនបើការពន្លឿនល្បឿននៃការផលិតវ៉ាក់សាំងរបស់សហរដ្ឋអាមេរិកដំណើរការទៅដោយរលូន និងសម្រេចបានជាលទ្ធផលមុនចុងឆ្នាំ ២០២០ នេះ តម្លែប្រេងនឹងអាចកើនឡើងខ្លាំងពីចន្លោះ ៤៣ ដុល្លារ ទៅ ៦០ ដុល្លារក្នុងមួយបារ៉ែល។
វិភាគដោយ៖ លោក ឡុង សំណាង
ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល
កំណត់ចំណាំ៖
ក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. បានខិតខំប្រឹងប្រែងធានាភាពសុក្រិត្យនិងពេញលេញនៃរបាយការណ៍ស្រាវជ្រាវនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយហេតុថាទីផ្សារអាចមានការផ្លាស់ប្តូរគ្រប់ពេលវេលា ក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមិនធានានូវភាពពេញលេញនិងភាពសុក្រិត្យឡើយ។ ព័ត៌មាននេះគឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។ គ្មានបុគ្គលណាម្នាក់អាចយកព័ត៌មានស្តីពីការជួញដូររូបិយប័ណ្ណបរទេស លោហៈធាតុ មានតម្លៃ និង ផលិតផលហិរញ្ញវត្ថុទាំងនេះក្នុងនាមជាក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. ដើម្បីផ្តល់ជាតម្លៃទីផ្សារការផ្តល់យោបល់ការស្ទង់មតិនិងការទាក់ទាញវិនិយោគឡើយ។ អតិថិជនត្រូវយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគភាពប្រែប្រួលនៃទីផ្សារវិនិយោគនិងហានិភ័យនៃការបាត់បង់អាចមានទំហំធំ។ អតិថិជនត្រូវពិចារណាដោយប្រុងប្រយ័ត្នទៅលើស្ថានភាពហិរញ្ញវត្ថុនិងគោលបំណងវិនិយោគ ដើម្បីសម្រេចទិសដៅវិនិយោគនិងជ្រើសរើសប្រភេទផលិតផលវិនិយោគដែលសមស្របបំផុតសម្រាប់ការយល់ដឹងរបស់ខ្លួន។