ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ធ្វើ​ជា​អធិបតី​ក្នុង​ការ​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សណ្ឋាគារ​នេះ​ដែល​ត្រូវ​បាន​បើក​ដំណើរការ​ចាប់​តាំងពី​ខែ​ធ្នូ​។

សណ្ឋាគារ​នេះ​មាន​លក្ខណៈ​ពិសេស​តាម​លក្ខណៈ ខុនដូ​ចំនួន ៦៧ យូនីត និង​មាន​តម្លៃ​ជាង ៣០០ ដុល្លារ​ក្នុង​មួយ​យប់​។

នេះ​គឺជា​គម្រោង​រួម​រវាង​ក្រុមហ៊ុន​ពហុផលិតផល​កម្ពុជា Royal Group របស់​មហាសេដ្ឋី គិត ម៉េង ដែល​គ្រប់គ្រង​សណ្ឋាគារ កាំបូឌីយ៉ាណា នៅ​ទីក្រុង​ភ្នំពេញ និង​ក្រុម​វិនិយោគិន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​ជាច្រើន​។

វិនិយោគិន​ស្វ៊ីស​នៅ​ប្រទេស​ថៃ និង​លោក Luzi Matzig ជា​ភាគទុនិក​ដ៏សំខាន់​ដែល​ប្រតិបត្តិការ​ជា​ប្រធាន​ក្រុមហ៊ុន​រៀបចំ​ទិសដៅ Asian Trails បាន​ប្រាប់​គេហទំព័រ​ព័ត៌មាន TTR Weekly ថា​លោក និង​ក្រុម​វិនិយោគិន​នៅ​ប្រទេស​ថៃ​ផ្សេង​ទៀត​គ្រប់គ្រង​ភាគហ៊ុន​ភាគច្រើន ៦០ ភាគរយ​ក្នុង​គម្រោង​នេះ​ដោយ​ក្រុមហ៊ុន Royal Group គ្រប់គ្រង​ភាគហ៊ុន​នៅ​សល់ ៤០ ភាគរយ​។

លោក​បន្ថែម​ថា​គម្រោង​ទាំង​មូល​មាន​តមៃ្ល ៣០ ​លាន​ដុល្លារ​ជាមួយ​នឹង​ការរំពឹង​ទទួល​បាន​ប្រាក់​ចំណេញ​លើ​ការវិនិយោគ​នេះ​ក្នុង​រយៈពេល​ប្រហែល ៩ ​ឆ្នាំ​។ លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​អាច​គិត​យ៉ាង​ល្អ​ថា​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចាប់ពី​ពេល​នេះ​កោះរ៉ុង​នឹង​មាន​ការអភិវឌ្ឍ ដើម្បី​ក្លាយ​ជា​ទិសដៅ​ឆ្នេរ​ដ៏សំខាន់​មួយ ជាមួយ​នឹង​យីហោ​សណ្ឋាគារ​អន្តរជាតិ​ជាច្រើន​ដែល​ភាគច្រើន​ជា​សណ្ឋាគារ​ថ្នាក់​ផ្កាយ​ ៤ និង​ផ្កាយ​ ៥ រួម​នឹង​កំពង់ផែ និង​លទ្ធភាព​ព្រលាន​យន្តហោះ​ផ្ទាល់​របស់​ខ្លួន​នៅ​កណ្ដាល​កោះ​នេះ​»​។

លោក​បន្ថែម​ថា​ដើម្បី​ចៀសវាង​ការចំណាយ​ខ្ពស់​ទាក់ទង​នឹង​ចង្វាក់​គ្រប់គ្រង​សណ្ឋាគារ​ធំៗ​ម្ចាស់​សណ្ឋាគារ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ និង​លោក Peter Kaelli ភាគ​ទុនិក​គម្រោង​ ១០ ​ភាគរយ​នឹង​ទទួល​ខុសត្រូវ​លើ​ការគ្រប់គ្រង​រមណីយដ្ឋាន​នេះ​។

ដើម្បី​ចូលទៅ​ដល់ Royal Sands បច្ចុប្បន្ន​គេ​អាច​ធ្វើ​ដំណើរ​តាម​កាណូត​ពី​កំពង់ផែ​ក្រុង​ព្រះសីហនុ និង​ដោយ​ឧទ្ធម្ភាគចក្រ​មាន​តម្លៃ ៧០០ ដុល្លារ​ចេញពី​ព្រលាន​យន្តហោះ​ក្រុង​ព្រះសីហនុ​។

ផែនការ​សម្រាប់​គម្រោង​នេះ​ត្រូវ​បាន​ប្រកាស​កាលពី​ចុង​ឆ្នាំ ២០១៥ ដែល​នៅពេល​នោះ​លោក ឃិន រ៉េមី ប្រធាន​ក្រុមហ៊ុន Royal Group បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​រមណីយដ្ឋាន​របៀប​វីឡា​នេះ​នឹង​ត្រូវ​បាន​បញ្ចប់​ក្នុង​ឆ្នាំ​នេះ​មាន​តម្លៃ​ ៤០ ​លាន​ដុល្លារ និង​មាន ១៤៨ បន្ទប់​។

ការិយាធិបតេយ្យ​នៅ​តែ​មាន​ដោយសារ​តែ «​គោលនយោបាយ​រដ្ឋបាល​យឺត និង​ការច្រឡំ​លើ​អ្វី​ដែល​ត្រូវ​បាន​អនុម័ត​» ដែល​បាន​បន្ថយ​ល្បឿន​ការអភិវឌ្ឍ​របស់​គម្រោង​នេះ​។ នេះ​បើ​យោង​តាម​លោក ឈុន ប៊ុនថា អនុប្រធាន​រមណីយដ្ឋាន​នេះ​។ រមណីយដ្ឋាន​នេះ​បាន​បើក​ដំណើរការ​កាលពី​ថ្ងៃទី​ ២៣ ខែ​ធ្នូ ឆ្នាំ​ ២០១៧ ដែល​យឺត​ជាង​ផែនការ​មួយ​ឆ្នាំ​។

ក្រុមហ៊ុន Royal Group បាន​ទទួល​ការជួល ៩៩ ឆ្នាំ​ពី​រដ្ឋាភិបាល​​ដើម្បី​អភិវឌ្ឍ​កោះរ៉ុង​កាលពី​ឆ្នាំ​ ២០០៨ ហើយ​ទោះបី​ជា​ក្រុមហ៊ុន​នេះ​បាន​បង្ហាញ​ផែនការ​ជាច្រើន​សម្រាប់​ការអភិវឌ្ឍ​លើ​កោះ​នេះ​កាលពី​មុន​ក៏ដោយ ដែល​រួម​មាន​ព្រលាន​យន្តហោះ សណ្ឋាគារ ទីលាន​វាយកូនគោល​ដោយ​ជិះសេះ និង​វាល​លេង​កូនគោល តែ​មិន​មាន​គម្រោង​ផ្សេង​ទៀត​ទទួល​បាន​ផ្លែផ្កា​ទេ​នៅពេល​នេះ​ជាមួយ​នឹង​ផែនការ​ពី​មុន​មួយ​ចំនួន​ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​នេះ​មាន​ជម្លោះ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាជន​លើ​កោះ​នេះ​៕ LA