
សណ្ឋាគារ Greate ដែលពីមុនជាសណ្ឋាគារ Duke Inter-Continental បានបិទទ្វារ បន្ទាប់ពីបើកបាន ២៣ ឆ្នាំ។ ហុង មិនា
ភ្នំពេញ៖ សណ្ឋាគារផ្កាយ ៥ ដែលមានអាយុកាល ២៣ ឆ្នាំ នៅក្នុងទីក្រុងភ្នំពេញបានប្រកាសបិទទ្វារចាប់ពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ ក្រោមហេតុផលវិបត្តិសេដ្ឋកិច្ច។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន។
សេចក្តីជូនដំណឹងដែលចុះហត្ថលេខាកាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩ និងត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទបានឲ្យដឹងថា មូលហេតុដែលនាំឲ្យសណ្ឋាគារផ្កាយ ៥ មានអាយុកាលជាង ២ ទសវត្សរ៍នេះបិទទ្វារ គឺដោយសារបញ្ហាសេដ្ឋកិច្ច។ លិខិតសរសេរថា៖ «ដោយមូលហេតុសេដ្ឋកិច្ច យើងមានការសោកស្តាយសូមជម្រាបជូនដំណឹងថា សណ្ឋាគារនឹងត្រូវបិទដំណើរការនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩»។
ចាប់បើកដំណើរការអាជីវកម្មពីឆ្នាំ ១៩៩៦ ក្នុងនាមជាសណ្ឋាគារ Inter-Continental មុនពេលប្តូរឈ្មោះមកជា The Greate Duke Hotel កាលដើមឆ្នាំ ២០១៨ ដោយមានក្រុមហ៊ុន Regency Company Limited ជាម្ចាស់កម្មសិទ្ធិ។
សណ្ឋាគារនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលមេដឹកនាំប្រទេសជាច្រើន ដែលធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកដំបូងកាលពីឆ្នាំ ២០០២។
ការបិទដំណើរការរបស់សណ្ឋាគារ The Greate Duke ត្រូវបានអ្នកនៅក្នុងវិស័យទេសចរណ៍មិនបានបង្ហាញពីភាពវិជ្ជមានសម្រាប់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ នៅកម្ពុជាឡើយ។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា ការបិទសណ្ឋាគារលំដាប់ផ្កាយ៥ នេះមិនមែនជាព័ត៌មានល្អសម្រាប់វិស័យទេសចរណ៍កម្ពុជាទេ ព្រោះវាអាចធ្វើឲ្យអ្នកវិនិយោគ ឬភ្ញៀវទេសចរមានការព្រួយបារម្ភ។ អ្នកស្រីថ្លែងថា៖ «ការបិទកន្លែងស្នាក់នៅលំដាប់ផ្កាយ ៥ បែបនេះ វាតែងជះឥទ្ធិពលអវិជ្ជមានសម្រាប់វិស័យទេសចរណ៍។ ខ្ញុំពិតជាសោកស្តាយចំពោះការបិទសណ្ឋាគារធំបែបនេះ»។
ការបិទសណ្ឋាគារ The Greate Duke បានធ្វើឡើងស្របគ្នានឹងការបិទបញ្ចប់សកម្មភាពល្បែងអនឡាញទាំងស្រុងនៅកម្ពុជា។ ប៉ុន្តែអ្នកស្រី ស៊ីវលីន បញ្ជាក់ថា ករណីនេះនឹងមិនទាក់ទងនឹងការបិទល្បែងអនឡាញទេ។ អ្នកស្រីបានបន្តថា៖ «សណ្ឋាគារធំៗបែបនេះ មិនមែនជាទីផ្សារសម្រាប់ទីកន្លែង ឬអតិថិជនដែលលេងល្បែងអនឡាញឡើយ»។
បើតាមអ្នកស្រី បច្ចុប្បន្នក្នុងរាជធានីភ្នំពេញកំពុងមានតម្រូវការសណ្ឋាគារបែបនេះបន្ថែមទៀតទាំងសម្រាប់ការស្នាក់នៅ រៀបចំសន្និសីទ ឬប្រជុំ។
ប្រធានសមាគមសណ្ឋាគារកម្ពុជា លោកស្រី ខៃ ចិន្តា បានបដិសេធធ្វើអត្ថាធិប្បាយ។
កាលពីសប្តាហ៍មុនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគលើសណ្ឋាគារដល់ក្រុមហ៊ុនចិន ២ ក្នុងនោះក្រុមហ៊ុន BOCC Development Co., Ltd និងវិនិយោគលើគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ៥០០ បន្ទប់ ជាមួយនឹង Service Hotel Apartment ថ្នាក់ផ្កាយ ៤ ចំនួន ១ ៦០០ យូនីត និងមជ្ឈមណ្ឌលពាណិជ្ជកម្មមានទីតាំងលើកោះពេជ្រ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគ ១ ១៨១ លានដុល្លារ។
លោក កង ច័ន្ទ សាវ៉ាឌី បុគ្គលិកផ្នែកកក់បន្ទប់នៃសណ្ឋាគារ The Greate Duke បាននិយាយថា ចាប់តាំងពីប្តូរឈ្មោះមក The Greate Duke ចំនួននៃការស្នាក់នៅរបស់ភ្ញៀវបានធ្លាក់ចុះជាបន្តបន្ទាប់។ លោកបន្តថា៖ «កាលពីនៅឈ្មោះចាស់ការស្នាក់នៅប្រចាំថ្ងៃអាចមានចន្លោះពី ៣០ ទៅ ៤០ ភាគរយ បន្ទាប់ពីប្តូរឈ្មោះការស្នាក់នៅបានធ្លាក់ចុះយ៉ាងច្រើនដោយពេលខ្លះការស្នាក់នៅមានត្រឹមតែ ៥ បន្ទប់ប៉ុណ្ណោះ»។
សណ្ឋាគារ The Greate Duke មានបន្ទប់ស្នាក់នៅសរុប ៣៤៦ ដោយមានតម្លៃចាប់ពី ៣៥០ ដុល្លារទៅជាង ៤ ០០០ ដុល្លារក្នុង ១ យប់។ នេះ បើតាមលោក ច័ន្ទ សាវ៉ាឌី។
ការទាមទារសំណង
លោក ទូច កុសល ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារ The Greate Duke បាននិយាយថា បុគ្គលិកសណ្ឋាគារបានដឹងព័ត៌មាននេះកាលពីថ្ងៃទី ២០ ខែធ្នូ ដោយព័ត៌មាននេះបានធ្វើឲ្យពួកគាត់មានការលំបាកយ៉ាងខ្លាំង ព្រោះវាឆាប់រហ័សពេក។
លោកបន្តថា រហូតដល់ពេលនេះ បុគ្គលិកទាំងអស់របស់សណ្ឋាគារ The Greate Duke នៅមិនទាន់ទទួលបានការទូទាត់អ្វីពីក្រុមហ៊ុនឡើយ ដោយក្រុមហ៊ុនសន្យាថា នឹងធ្វើការទូទាត់សំណង និងប្រាក់ផ្សេងៗទៀតតាមផ្លូវច្បាប់ទាំងអស់។
ជាមួយនឹងអតីតភាពជាបុគ្គលិករបស់សណ្ឋាគារនេះរយៈពេល ១៤ ឆ្នាំ លោក កុសល និយាយថា៖ «បុគ្គលិករបស់ The Greate Duke ភាគច្រើនជាអ្នកដែលមានអតីតភាពយូរឆ្នាំ ដោយអ្នកខ្លះមានអតីតភាពរហូតដល់ជាង ២០ ឆ្នាំក៏មាន»។
លោកបានបន្តថា ការទាមទាររបស់អតីតបុគ្គលិក The Greate Duke មានដូចជា ប្រាក់បំណាច់អតីតភាពសំណងជំងឺចិត្ត សំណងពីការជូនដំណឹងភ្លាមៗ ប្រាក់ខែចុងក្រោយ (ខែធ្នូ) ការទូទាត់ប្រាក់ថ្ងៃឈប់សម្រាក និងប្រាក់អតីតភាពរយៈពេល ៦ ខែចុងក្រោយនេះ។ បើតាមលោក កុសល The Greate Duke មានបុគ្គលិកសរុប ១៥៦ នាក់។
សេចក្តីប្រកាសបានឲ្យដឹងថា សណ្ឋាគារបានចាត់តាំងការិយាល័យមេធាវី (HBS) ឲ្យទទួលដោះស្រាយនូវដំណើរការនៃការបិទសណ្ឋាគារនេះ រួមទាំងការគិតគូរដោះស្រាយពីអត្ថប្រយោជន៍របស់បុគ្គលិកទាំងអស់ទៅតាមផ្លូវច្បាប់ជាធរមាន។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយថា ការប្រកាសបិទដំណើរការសណ្ឋាគារលំដាប់ផ្កាយ ៥ នេះនឹងផ្តល់នូវផលអវិជ្ជមានមួយចំនួនដូចជា ការបាត់បង់ចំណូលពន្ធរដ្ឋ កន្លែងធ្វើការងារ និងចំនួនភ្ញៀវទេសចរជាដើម។ លោកបន្តថា៖ «ការធ្លាក់ចុះចំនួនភ្ញៀវស្នាក់នៅអាចជាមូលហេតុចម្បងដែលនាំទៅដល់ការបិទទ្វារ»។
ទោះយ៉ាងណា លោក វណ្ណៈ និយាយថា ការសម្រេចបិទអាជីវកម្ម ក៏អាចដោយសារម្ចាស់សណ្ឋាគារមានគម្រោងយកទីតាំងនេះទៅប្រើប្រាស់ ដើម្បីធ្វើអ្វីផ្សេងៗទៀត។
ទិន្នន័យពីក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ ២០១៩ នៅកម្ពុជាមានសណ្ឋាគារកំពុងដំណើរការសរុប ១៥២ ដែលមានបន្ទប់ស្នាក់នៅសរុប ១៧ ៤៥០។ សណ្ឋាគារលំដាប់ផ្កាយ ៥ មានចំនួន ៣៦ លំដាប់ផ្កាយ ៤ មាន ៤១ លំដាប់ផ្កាយ ៣ មាន ៣៣ លំដាប់ផ្កាយ ២ មានចំនួន ១៩ និងលំដាប់ផ្កាយ ១ មានចំនួន ២១។ ដោយឡែកក្នុងរាជធានីភ្នំពេញ មានសណ្ឋាគារផ្កាយ ៥ ចំនួន ៧ ផ្កាយ ៤ ចំនួន ៨ ផ្កាយ ៣ ចំនួន ១៣ ផ្កាយ ២ ចំនួន ៧ និងផ្កាយ ១ ចំនួន ៥៕LA