សៀមរាបៈ ក្រុមហ៊ុន​សណ្ឋាគារ​ដ៏ធំ​មួយ​របស់​វៀតណាម TTC Group បាន​ប្រកាស​ដំណើរការ​សាខា​ក្រៅ​ប្រទេស​របស់​ខ្លួន​ដំបូង​គេ​នៅ​កម្ពុជា​នៅ​សៀមរាប ស្រប​ពេល​ដែល​ចំនួន​ភ្ញៀវទេសចរ​វៀតណាម​មក​កម្ពុជា​បាន​កើន​ឡើង​ជា​បន្តបន្ទាប់​ជា​រៀងរាល់​ឆ្នាំ​។

TTC Group បាន​ដំណើរការ​សណ្ឋាគារ​បុត្រសម្ព័ន្ធ​នៅ​កម្ពុជា​ដោយ​ប្រើ​ឈ្មោះ​ថា TTC Hotel Premium-Angkor ដែល​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៤ ​ដែល​មាន​ ៨៤ ​បន្ទប់​។ សណ្ឋាគារ​នេះ​ត្រូវ​បាន​កែលម្អ និង​រចនា​ឡើង​វិញ​ពី​សណ្ឋាគារ​ដែល​មាន​ស្រាប់​ Golf Angkor Hotel​។

កញ្ញា វៀត សុខនី អ្នក​គ្រប់គ្រង​ផ្នែក​លក់​នៅ​សណ្ឋាគារ TTC Hotel Premium- Angkor បន្ត​ពី Golf Angkor បាន​ឲ្យ​ដឹង​ថា សណ្ឋាគារ​ថ្មី​ដែល​ប្រតិបត្តិការ​ដោយ​ម្ចាស់​ជនជាតិ​វៀតណាម និង​មាន​ក្រុមហ៊ុន​មេ​នៅ​ប្រទេស​វៀតណាម​នឹង​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​អាជីវកម្ម ខណៈ​ភ្ញៀវទេសចរ​វៀតណាម​នៅ​កម្ពុជា​មាន​ការ​កើនឡើង​ប្រចាំ​ឆ្នាំ​។

ខណៈ​សណ្ឋាគារ​ដែល​ប្រតិបត្តិការ​ស្ថិត​ក្រោម​សណ្ឋាគារ Golf Angkor មាន​ភ្ញៀវ​ជនជាតិ​ចិន​ភាគច្រើន កញ្ញា វៀត សុខនី ថ្លែង​ថា សណ្ឋាគារ​ថ្មី​នេះ​ផ្ដល់​ការ​ស្នាក់នៅ​ដល់​ភ្ញៀវទេសចរ​វៀតណាម​ច្រើន​ជាង​ពី​មុន​។ កញ្ញា​បន្ត​ថា​៖ «​ទីផ្សារ​សម្រាប់​ប្រជាជន​វៀតណាម​មាន​សក្ដានុពល ហើយ​យើង​សង្ឃឹម​ថា​នឹង​កំណត់​ទិសដៅ​ពួកគេ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ផ្សេង​ទៀត​ផង​ដែរ​»​។

កញ្ញា​បន្ត​ថា​៖ «​យើង​នឹង​ភ្ជាប់​ជាមួយ​ក្រុមហ៊ុន​មេ​នៅក្នុង​ប្រទេស​វៀតណាម​ដើម្បី​សហការ​ជាមួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​បញ្ជូន​ភ្ញៀវ​របស់​យើង​»​។

កញ្ញា វៀត សុខនី មិន​អាច​បញ្ចេញ​ទុនវិនិយោគ​របស់​សណ្ឋាគារ​នេះ​ទេ​។ តាម​តួលេខ​បាន​ពី​ក្រសួង​ទេសចរណ៍ កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ ៥,៦ ​លាន​នាក់​កាលពី​ឆ្នាំ​មុន​។ ក្នុង​ចំណោម​ចំនួន​នោះ​ភ្ញៀវទេសចរ​វៀតណាម​មាន ៨៣៥ ៣៣៥ នាក់ ជាប់​ចំណាត់ថ្នាក់​ទី​ ២ បន្ទាប់ពី​ចិន​មាន​ចំនួន ១,២ ​លាន​នាក់​។

យោង​តាម​តួលេខ​របស់​វិទ្យាស្ថាន​ទេសចរណ៍​អង្គរ​ចំនួន​ភ្ញៀវទេសចរ​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​បាន​កើនឡើង​ដល់​ជិត​ ២,៥ ​លាន​នាក់​កាលពី​ឆ្នាំ​ ២០១៧ កើនឡើង​ ១២ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៦​។

លោក​ ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ការ​មាន​ប្រតិបត្តិករ​កាន់តែ​ច្រើន ដើម្បី​ផ្ដល់​សេវា​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​នឹង​រួមចំណែក​ដល់​ការបង្កើន​ចំនួន​ភ្ញៀវទេសចរ​នៅ​កម្ពុជា​។ ទោះបី​យ៉ាង​នេះ​ក្តី​លោក ហូ វណ្ឌី បាន​ស្នើ​ឲ្យ​អាជ្ញាធរ​វៀតណាម​ត្រូវ​ផ្ដល់​ការជួយ​សម្រួល និង​កាត់បន្ថយ​របាំង​វិនិយោគ ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​វិនិយោគិន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ឱកាស​អាជីវកម្ម​នៅ​វៀតណាម​ផង​ដែរ​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​ស្វាគមន៍​ក្រុម​វិនិយោគិន​ទាំងអស់​មកពី​ទិសដៅ​ផ្សេងៗ តែ​យើង​ក៏​ស្នើ​មាន​ការ​អនុវត្ត​ស្មើ​គ្នា​ផង​ដែរ​»​។ លោក​បន្ត​ថា​៖ «​ក្រុម​វិនិយោគិន​កម្ពុជា​កាន់តែ​ច្រើន​កំពុង​ស្វែងរក​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​នៅ​បរទេស​ដូចជា វៀតណាម ដូច្នេះ​ការធានា​ការប្រកួតប្រជែង​ដោយ​ស្មើភាព​គឺ​ចាំបាច់​»៕LA