ភ្នំពេញៈ ក្រុមហ៊ុន Shangri-La International Hotel Management Ltd មានមូលដ្ឋាននៅ ទីក្រុងហុងកុង ដែលជាក្រុមហ៊ុនសណ្ឋាគារប្រណីតមួយរបស់ពិភពលោកនឹងសាងសង់សណ្ឋាគារ Luxurious Five Start Hotel និងសណ្ឋាគារ Business complex របស់ខ្លួននៅក្នុង ទីក្រុងភ្នំពេញ នៅដើមឆ្នាំក្រោយ។
ក្រុមហ៊ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) មួយជាក្រុមហ៊ុនវិនិយោគរួម Oxley Gem (Cambodia) កាលពីថ្ងៃ ទី២២ ខែនេះដើម្បីសាងសង់សណ្ឋាគារ Shangri-La លើកដំបូងនៅ ទីក្រុងភ្នំពេញ។
ការវិនិយោគរួមនេះជាការពង្រីកអាជីវកម្មរបស់សណ្ឋាគារ Shangri-La ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងដើម្បីចាប់យកកំណើនភ្ញៀវទេសចរបរទេសមកដល់ប្រទេសកម្ពុជា ជាពិសេសភ្ញៀវទេសចរចិន។
Oxley Gem (Cambodia) Co., Ltd ជាក្រុមហ៊ុនវិនិយោគរួមមួយរវាងក្រុមហ៊ុន Oxley Holding មានមូលដ្ឋាននៅ ប្រទេសសិង្ហបុរី ដែលបានកាន់កាប់ភាគហ៊ុន ៧៥ ភាគរយ និងក្រុមហ៊ុនគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុក Worldbridge Land (Cambodia) កាន់កាប់ភាគហ៊ុននៅសល់។
លោក Greg Dogan ប្រធាននាយកប្រតិបត្តិ Shangri-La បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ដោយសារតែការបង្កើតវត្តមានដ៏ល្អរបស់ក្រុមហ៊ុន Shangri-La នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងមានសេចក្ដីរីករាយក្នុងការបន្ថែមអចលនទ្រព្យមួយនៅក្នុង ទីក្រុងភ្នំពេញ និងពង្រីកបន្ថែមទៀតនៅក្នុងតំបន់នេះ»។
លោក Ching Chiat Kwong ប្រធាននិងជាអគ្គនាយកក្រុមហ៊ុន Oxley Holdings បានថ្លែងថា៖ «យើងរីករាយពីចក្ខុវិស័យនៃការអភិវឌ្ឍសណ្ឋាគារយីហោ Shangri-La ដំបូងនៅកម្ពុជា។ យើងទន្ទឹងរង់ចាំក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រុមការងារ Shangri-La ក្នុងការដាក់បញ្ចូលសកម្មភាពឲ្យកាន់តែរស់រវើក និងមានថាមពលនៅក្នុងបេះដូងទីក្រុងភ្នំពេញ»។
លោក សៀរ រិទ្ធី ប្រធានក្រុមហ៊ុន Worldbridge Land ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃសុក្រថា MoU នេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃ ទី២២ នៅ ទីក្រុងភ្នំពេញ។ លោកបន្ថែមថា៖ «ការអភិវឌ្ឍសណ្ឋាគារនៅ ទីក្រុងភ្នំពេញ តែងតែមាននៅក្នុងផែនការរបស់យើង។ ការចុះហត្ថលេខាលើ MOU ជាមួយក្រុមហ៊ុន Shangri-La ជាការបញ្ជាក់ពីការប្ដេជា្ញចិត្តរបស់យើងក្នុងការដាក់ចេញបទពិសោធបដិសណ្ឋារកិច្ចសណ្ឋាគារប្រណីតនៅក្នុង ទីក្រុងភ្នំពេញ»។ ប៉ុន្តែលោកថ្លែងថា ព័ត៌មានលម្អិតរបស់គម្រោងនេះ មិនទាន់បានបញ្ចប់នៅឡើយទេ។
លោកបន្តថា៖ «នៅពេលណាដែលគម្រោងនេះបញ្ចប់យើងនឹងចេញផ្សាយជាសាធារណៈ»។
ការសាងសង់សណ្ឋាគារ Shangri-La ត្រូវបានគេគ្រោងចាប់ផ្ដើមដំណើរការនៅឆ្នាំក្រោយ ដោយមានការរំពឹងថា សណ្ឋាគារនេះនឹងត្រូវបើកដំណើរការនៅក្នុង ឆ្នាំ២០១៩។ សណ្ឋាគារប្រណីតនេះមានបន្ទប់ ៣០០ នឹងជាផ្នែកមួយនៃការអភិវឌ្ឍមានទីតាំងនៅតាមបណ្ដោយទន្លេមេគង្គទល់មុខកោះពេជ្រ។ សណ្ឋាគារនេះ អភិវឌ្ឍសេវាកម្ម ការិយាល័យ លំនៅឋាន និងមជ្ឈមណ្ឌលផ្សារទំនើប។
បច្ចុប្បន្នសណ្ឋាគារ និងរមណីយដ្ឋាន Shangri-La កាន់កាប់ និងគ្រប់គ្រងសណ្ឋាគារជាង ៨៥ ស្ថិតក្រោមយីហោ Shangri-La ដែលមានបន្ទប់ជាង ៣៦ ០០០ បន្ទប់។
ទិន្នន័យពីក្រសួងទេសចរណ៍បង្ហាញថា ទីក្រុងភ្នំពេញ មានសណ្ឋាគារ ២០៣ និងផ្ទះសំណាក់ ៤២២ គិតមកត្រឹម ខែធ្នូ ឆ្នាំ២០១៣។ កម្ពុជាទទួលភ្ញៀវទេសចរ ២,២ លាននាក់ក្នុងអំឡុងពេលឆមាស ទី១ ឆ្នាំនេះ កើនឡើងជាង ៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមនោះ ២៧៥ ០៣០ នាក់ជាភ្ញៀវទេសចរជនជាតិចិន គឺកើនឡើងជិត ២០ ភាគរយពី ២០៣ ៩៩៧ នាក់៕