ភ្នំ​ពេ​ញៈ សណ្ឋាគារ​ចំនួន​ ៣៥​ គិត​ត្រឹម​ថ្ងៃ​ ពុធ​ម្សិលមិញ ​បាន​ដាក់​ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​ និង​ស្លាក​សញ្ញា​ស្តង់ដា​សណ្ឋាគារ​បៃតង​អាស៊ាន​លើកទី​៧​ សម្រាប់​ឆ្នាំ​ ២០២០-២០២២ ដើម្បី​ប្រកួត​​ប្រជែង​ជាមួយ​ប្រទេស​​ជា​សមាជិក​អាស៊ាន​ទំាង​ ​១០ ដែល​​គ្រោង​នឹង​ប្រកាស​នៅ​វេទិកា​ទេសចរណ៍​អាស៊ាន ​ឆ្នាំ ​២០២០​ នៅ​​ប៊្រុយណេ។

លោក ​គឹម ​សេរីរដ្ឋ ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ ស្នាក់នៅ ទេសចរណ៍​ និង​ម្ហូបអាហារ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​​ថា គិត​ត្រឹម​ថ្ងៃទី ​២៦ ​មិថុនា​នេះ ​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ​ចំនួន ​៣៥ ​នៅ​ខេត្ត​សៀមរាប​ រាជធានី​ភ្នំពេញ ​និង​ខេត្ត​កំពត បាន​ដាក់​ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​ និង​ស្លាកសញ្ញា​ស្តង់ដា​សណ្ឋាគារ​បៃតង​អាស៊ាន​​សម្រាប់​ឆ្នាំ​នេះ​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ទេសចរណ៍​បញ្ជាក់​ថា ការ​ពិនិត្យ​ស្នើសុំ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ២៨ មិថុនា បន្ទាប់​មក​ក្រសួង​នឹង​ចុះ​ពិនិត្យ​ទីតំាង​សណ្ឋាគារ​ចាប់​ពី​ថ្ងៃ​ទី ​១៥ កក្កដា ដល់​ថ្ងៃ​ទី ​២៨​ កញ្ញា​ ឆ្នំា​ ២០១៩​។ ​

ព្រឹត្តិការណ៍​វាយ​តម្លៃ​វិញ្ញាបនបត្រ​ និង​ស្លាកសញ្ញា​ស្តង់ដា​សណ្ឋាគារ​បៃតង​អាស៊ាន​ធ្វើ​ឡើង​រៀង​រាល់ ២ ឆ្នាំ​​ម្តង់។

លោក​ សេរីរដ្ឋ​ បញ្ជាក់​ថា សម្រាប់​កម្ពុជា​គ្រោង​បញ្ជូន​ឈ្មោះ​​​សណ្ឋាគារ​​​ចន្លោះ​ពី ៧ ទៅ ១០ ដូច​រាល់​ឆ្នាំ។ លោក​ថ្លែង​ថា​៖ «​ប្រសិន​បើ​កម្ពុជា​ឈ្នះ​ពាន​រង្វាន់​នេះ នឹង​ជួយ​លើក​មុខ​មាត់​ប្រទេស កម្ពុជា បន្ថែម​ទៀត​តាម​វិស័យ​សណ្ឋាគារ​នេះ»។

លោក​ សេរីរដ្ឋ​ បន្ត​ថា​គណៈកម្មការ​វាយ​តម្លៃ​ស្តង់ដា​សណ្ឋាគារ​គឺ​ផ្តោត​លើ ​១១ ចំណុច ​រួមមាន​​ទីតំាង​​សុវត្ថិភាព​សណ្ឋាគារ​ សេវាកម្ម​ ការ​យក​ចិត្ត​ទុក​ដាក់​លើ​បុគ្គលិក​ ការ​ចូលរួម​កិច្ច​​ការ​ជួយ​សង្គម​របស់​សណ្ឋាគារ​ ការ​អភិរក្ស​វប្បធម៌​​ ការ​ប្រើប្រាស់​​ផលិតផល​ក្នុង​ស្រុក​ និង​ការ​​ចូលរួម​ការពារ​បរិស្ថាន​តាម​រយៈ​សន្សំ​សំចៃ​ទឹក​ភ្លើង ព្រម​ទំាង​​ការ​ទុក​ដាក់​កាក​សំណល់​រឹង​ និង​រាវ​៕LA