ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹងថា សន្ដិភាព និង​ស្ថិរភាព​នយោបាយ​បាន​ធ្វើជា​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃ​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​សម្រេចបាន​កំណើន​ខ្ពស់​ប្រមាណ​​ ៧,១ ​ភាគរយ​ក្នុង​បរិការណ៍​អតិផរណា​ទាប អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព និង​ទុនបម្រុង​អន្តរជាតិ​បន្ត​កើនឡើង​។

នៅក្នុង​ពិធី​រំឭក​ខួប​លើក​ទី​ ៤១ នៃ​ថ្ងៃ​រំដោះ​ ៧ ​មករា (៧​មករា ឆ្នាំ​ ១៩៧៩ ៧​មករា ឆ្នាំ​ ២០២០) កាលពី​ថ្ងៃ​ម្សិលមិញ​លោកនាយក​រដ្ឋមន្ដ្រី​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​ផងដែរ បាន​ថ្លែង​ទៅកាន់​សមាជិក​របស់​គណបក្ស​រាប់ពាន់​នាក់​នៅ​សាលសន្និសីទ​កោះពេជ្រ​ថា កំណើន​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​កំណើន​ល្អប្រសើរ​នៃ​វិស័យ​សេវាកម្ម និង​កំណើន​ខ្ពស់​នៃ​វិស័យ​ឧស្សាហកម្ម ថ្វីបើ​វិស័យ​កសិកម្ម​នៅ​បន្ត​មាន​កំណើន​ទាប​ក្ដី​។

ស្ថិរភាព​នយោបាយ​បានផ្ដល់​ទំនុក​ចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស​ក្នុងការ​បណ្ដាក់ទុន​នៅ​កម្ពុជា ជាពិសេស​លើ​វិស័យ​សំណង់ និង​កម្មន្តសាល​។ ព្រម​ជាមួយ​នេះ​ការប្រើប្រាស់​ក្នុងស្រុក និង​ពាណិជ្ជកម្ម​អន្តរជាតិ​មាន​សម្ទុះ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។

លោក​ថ្លែងថា​៖ «​លើ​មូលដ្ឋាន​សមិទ្ធកម្ម​នៃ​វិស័យសេដ្ឋកិច្ច និង​ការបែងចែក​ផ្លែផ្កា​នៃ​កំណើន​ដោយ​សមធម៌​ក្នុង​ក្របខណ្ឌ​សង្គម​ទាំងមូល ធ្វើឲ្យ​ជីវភាព​របស់​ប្រជាជន​កាន់​តែមាន​ភាពប្រសើរ​ឡើង​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការកើនឡើង​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ពី ១ ៥៤៨ ​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​កាលពី​ឆ្នាំ​ ២០១៨ ដល់​ប្រមាណ ១ ៦៧៩ ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩​។ អត្រា​ភាពក្រីក្រ​ត្រូវ​បាន​កាត់បន្ថយ​មកក្រោម​ ១០ ​ភាគរយ​នាបច្ចុប្បន្ន​។

ម្យ៉ាងទៀត​កម្ពុជា​រក្សាបាន​សន្ដិសុខ​ការងារ​ដោយ​អត្រា​គ្មាន​ការងារ​មាន​ប្រមាណ ០,៣ ​ភាគរយ​ប៉ុណ្ណោះ​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ដល់​ការលើកស្ទួយ​ជីវភាព​ប្រជាកសិករ ពិសេស​តាមរយៈ​ការជំរុញ​ផលិតកម្ម ការខិតខំ​រក្សា​ស្ថិរភាព​ថ្លៃ​កសិផល និង​ការពង្រីក​​ទីផ្សារ​កសិផល​។

កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​កើនឡើង​ដល់ ៧,១ ​ភាគរយ​កាលពី​ឆ្នាំ​មុន ជាមួយ​នឹង​អត្រា​អតិផរណា​ប្រមាណ​ ១,៩ ​ភាគរយ​។ ឆ្នាំនេះ​កំណើន​សេដ្ឋកិច្ច​នឹងមាន​កំណើន​ ៧ ​ភាគរយ​ជាមួយ​នឹង​អត្រា​អតិផរណា​ប្រហែល​ ២,៣ ​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ម៉ាក្រូសេដ្ឋកិច្ច និង​ការរីកចម្រើន​ធនាគារ​ឆ្នាំ​ ២០១៩ និង​ចក្ខុវិស័យ​ឆ្នាំ​ ២០២០ របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដែល​បានចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​។

លោក កាំង ម៉ូនីកា អគ្គនាយករង​សមាគម​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​តំណាង​ឲ្យ​ជាង​ ៥០០ ​រោងចក្រ​កាត់ដេរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា កម្ពុជា​ជា​ប្រទេស​ជើងឯក​មួយ​ទាក់ទង​នឹង​ការកាត់បន្ថយ​ភាពក្រីក្រ​។ តទៅ​មុខ​វិស័យ​ឯកជន​ចង់ឃើញ​សន្ដិភាព ស្ថិរភាព​សង្គម និង​នយោបាយ​ជា​បន្ត​ស្រប នឹង​ការកែទម្រង់​ជាក់ស្ដែង ឆ្លើយតប​នឹង​បរិយាកាស​ប្រកួតប្រជែង​ពិភពលោក យើង​អាច​និយាយ​ដោយ​ជឿជាក់​ថា ប្រវត្តិសាស្ដ្រ​នឹង​វិនិច្ឆ័យ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដោយ​ត្រឹមត្រូវ​»​។ លោក​ថ្លែងថា​៖ «​ពិត​ហើយ​នៅ​មាន​ការងារ​ជាច្រើន​ត្រូវធ្វើ ដើម្បី​ឆ្លើយតប​នឹង​បរិយាកាស​ពិភពលោក​ដែល​ផ្លាស់ប្តូរ​យ៉ាង​រហ័ស​នៅពេល​បច្ចុប្បន្ន ហើយ​រដ្ឋាភិបាល​នឹង​ត្រូវតែ​បន្ត​ធ្វើ​នវានុវត្តន៍​»​។

លោក Reid Kirchenbauer ស្ថាបនិក ក្រុមហ៊ុន Investmentasia បានសរសេរថា ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​បណ្ដា​ប្រទេស​អាស៊ាន​ ៤ ​ផ្សេងទៀត​មានដូចជា​វៀតណាម ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រទេស​ល្អ​បំផុត​ ៤ ក្នុងការ​វិនិយោគ​នៅ​អាស៊ី​ក្នុង​ឆ្នាំ​ ២០២០​។ លោក​បាន​សរសេរ​ថា​៖ «​ការរីកចម្រើន​របស់​កម្ពុជា​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ មិនមាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ​។ ថ្ងៃនេះ​ពួកគេ​គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស​ជាងគេ​របស់​អាស៊ី និង​ជា​ទីផ្សារ​ជួរមុខ​»​។

NBC បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​បាន​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​បរទេស​(FDI) មាន​តម្លៃ​ជាង ៣,៥៨ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ កើនឡើង​ជិត ១២​ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៨​។ ក្នុងចំណោម​សរុប​នេះ​វិស័យ​ហិរញ្ញវត្ថុ​មានតម្លៃ​ ២,៣៨ ​ពាន់​លាន​ដុល្លារ ខណៈ​វិស័យ​មិនមែន​ហិរញ្ញវត្ថុ​ទទួល​បាន​ ១,២០ ​ពាន់​លាន​ដុល្លារ​៕ LA